តុលាការសម្រេចលើកពេលកាត់ទោសអតីតឧកញ៉ាឌួង ងៀប ៣សំណុំរឿងព្រោះអវត្តមានជនជាប់ចោទ ហើយលើកពេលទៅថ្ងៃទី០៦កញ្ញា ឆ្នាំ២០២២ខាងមុខវិញ

0
300

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី ៣០សីហា ឆ្នាំ២០២២នេះក្រុមប្រឹក្សាជំនុំជំរះសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចលើកពេលកាត់ទោសអតីតផ្កាយ៣ឌួង ងៀប ចំនួន៣សំណុំរឿងដោយសារអវត្តមានជនជាប់ចោទ និងមេធាវីការពារក្ដីអោយជនត្រូវវោទហើយលើកពេលទៅថ្ងៃទី០៦កញ្ញា ឆ្នាំ២០២២ខាងមុខវិញ។

លោក សុខ ទិត្យ អនុប្រធានពន្ធនាគារប៉េហ្ស៊ីបានរាយការជូនសវនាការថា ជនជាប់ចោទនិងមេធាវីរបឋ់គាត់បានដាក់ពាក្យសុំពន្យាពេលសវនាការ ទើបគាត់មិនព្រមមកតុលាការ។ចំណែកលោក សេង ហៀង ព្រះរាជអាជ្ញារងនិងជាតំណាងអយ្យការក្នុងរឿងក្ដីនេះបានបញ្ជាក់ក្នុងសវនាការថា ៖ តុលាការបានចេញដីកាបង្គាប់ទៅពន្ធនាគារអោយនាំខ្លួនជនជាប់ចោទមកបង្ហាញមុខតាមនីតិវិធីហើយ តែមន្ង្រីអនុរ័ក្សមិនអនុវត្តតាម ដូច្នេះដើម្បីការពារផលប្រយោជច្បាប់ ក៏ដូចជាផលប្រយោជគូភាគីក្នុងរឿងក្ដី ជាពិសេសដើម្បីស្វែងរកយុត្តិធ័ម គប្បីក្រុមប្រឹក្សាតុលាការលើកពេលសវនាការសិនដើម្បីនឹងបង្គាប់អោយនាំខ្លួនជនជាប់ចោទមកឆ្លើយតទល់គ្នា។

ដោយឡែកលោក ស៊ិន សុវណ្ណរ័ត្ន ប្រធានក្រុមប្រឹក្សាជំនុំជំរះបានបញ្ជាក់ក្នុងសវនាការថា ៖ តុលាការបានបង្គាប់អោយពន្ធនាគារនាំខ្លួនជនជាប់ចោទមកតុលាការ ដូច្នេះពន្ធនាគារត្រូវអនុវត្តអោយបាន ការលើកពេល ឬ មិនលើកពេលសវនាការជាការសម្រេចរបស់ចៅក្រមតុលាការ មិនមែនជាកតព្វកិច្ចរបស់ជនជាប់ចោទទេ។ ដូច្នេះក្នុងរឿងក្ដីនេះតុលាការសម្រេចលើកពេលសវនាការទៅថ្ងៃទី០៦កញ្ញា ឆ្នាំ២០២២ខាងមុខ ហើយខាងពន្ធនាគារត្រូវតែនាំខ្លួនជនជាប់ចោទមកតុលាការអោយខាងតែបាន។

សូមរំលឹកថា លោក អ៊ឹម វណ្ណៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ បានសម្រេចឃុំខ្លួនលោកផ្កាយ៣ ឌួង អគ្គលេខាធិការរង នៃក្រសួងមហាផ្ទៃ ដាក់ពន្ធនាគារ PJ ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ«ឆបោក , បទក្លែងឯកសារ, និងបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន.(សែកស្អុយ) »។

លោកឧត្តមសេនីយ៍ឌួង ងៀប ត្រូវបានសមត្តកិច្ចនគរបាលការិយាល័យព្រហ្មទ ណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ឃាត់ខ្លួននៅមុខសណ្ឋាគារ ដឺគ្រី ផ្លូវឌួង ងៀប សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ តាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់តុលាការ។ ដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រោយពីបានពិនិត្យលើសំណុំរឿងចប់សព្វគ្រប់ យល់ឃើញថា ជនត្រូវចោទឈ្មោះ ឌួង ងៀប ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរ ជាមន្ត្រីរាជការ មានទីលំនៅផ្ទះ លេខ០៣ ផ្លូវឌួងងៀប២ កែងផ្លូវដោនថោន៣ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានចោទប្រកាន់ពីបទ.ឆបោក នឹង បទ.មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៧ នឹងឆ្នាំ២០១៩ ដែលបទល្មើសមានចែងឲ្យផ្តន្ទាទោសសតាមបញ្ញាត្តិមាត្រា ៣៧៧ នឹងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ នឹងមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។

ជនត្រូវចោទឈ្មោះ ឌួង ងៀប បានគេចវេសពីកាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការ។ យល់ឃើញថា តាមដីកាបង្គាប់ឲ្យនាំខ្លួនចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានផុតរយៈពេលអនុវត្ត តែមន្ត្រីនគរបាលយុត្តិធម៍មិនអាចស្វែងរកជនត្រូវចោទរូបនេះឃើញ ដើម្បីអនុវត្តការនាំខ្លួនបាន។ យល់ឃើញថា ដើម្បីធានាដល់ការស៊ើបសួរឲ្យបានពេញលេញ គម្បីសម្រេចឲ្យចាប់ខ្លួនឈ្មោះ ឌួង ងៀប យកមកចំពោះមុខចៅក្រមស៊ើបសួរ ដើម្បីអនុវត្តតាមបញ្ញាត្តិមាត្រា ២៣០ នៃក្រមនីតិ វិធីព្រហ្មទណ្ឌ។ ហេតុដូច្នេះសម្រេចបញ្ជាដល់កម្លាំងសាធារណៈ ឲ្យចាប់ខ្លួន នឹងបង្គាប់ឲ្យប្រធានពន្ធធនាគារ PJ ទទួល នឹងឃុំខ្លួនឈ្មោះ ឌួង ងៀប ដើម្បីចាត់ការតាម ផ្លូវច្បាប់។ការចាប់ឃុំខ្លួនលោក ឌួង ងៀប នៅថ្ងៃទី១០ ខែកុម្ភៈ បន្ទាប់ ពីលោកបានបង្ហោះឃ្លីបវីដេអូមួយ ពាក់ពន្ធកាលពីយប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ ដោយចោទប្រកាន់សាលាដំបូងរាជធានីភ្នំពេញ ថា បានចាត់ការសំណុំរឿងរបស់លោកប្រែពីសទៅខ្មៅ និងចោទប្រកាន់លើរូបគាត់ថា បានឆបោកប្រាក់ពីជនជាតិចិនតៃវ៉ាន់ ដែលឃ្លីបវីដេអូនោះត្រូវបានបណ្តាញទំនាក់សង្គមយកទៅបង្ហោះ នឹងមានការចែកចាយតៗគ្នា។តាមសេចក្តីបំភ្លឺរបស់អ្នកនាំពាក្យ សាលាដំបូង រាជធានី ភ្នំពេញ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ នោះដែរ បានបញ្ជាក់ថា លោក ឌួង ងៀប ត្រូវបានប្តឹងដោយឈ្មោះ CHIHYUEN និងឈ្មោះ YAO CHING KING កាលពីខែវិច្ឆិកា ឆ្នាំ២០២០ ពាក់ពន្ធនឹងការលក់អចលនវត្ថុមួយកន្លែង ដែលអ្នកទិញជាដើមបណ្តឹង បានប្រគល់ប្រាក់ថ្លៃដីគ្រប់ចំនួន៧.៣០៥.០០០ ដុល្លារមេរិក ឲ្យទៅជនត្រូវចោទឈ្មោះ ឌួង ងៀប រួចរាល់ហើយ ប៉ុន្តែជនត្រូវចោទពុំមានដីឲ្យទៅម្ចាស់ប្រាក់នោះឡើយ មានតែ(ដីខ្យល់)។ អ្នកនាំពាក្យបន្តថា ក្នុងការសម្របសម្រួលដោះស្រាយទំនាស់ លោក ឌួង ងៀប បានចេញមូលប្បទានបត្រចំនួន៣សន្លឹកដែលមានលេខ១៤៥៥៧៧ មានតម្លៃ១.៦៥០.០០០ដុល្លារ លេខ២១៣៩៩៧ មានតម្លៃ៣.៦៥៥.០ ០០០ដុល្លារ និងលេខ១៣២៧៨៨ មានតម្លៃ ២.០០០.០០០ ដុល្លារអាមេរិក ឲ្យទៅដើមបណ្តឹងរដ្ឋប្បវេណី ។ បន្ទាប់មកដើមបណ្តឹងរដ្ឋប្បវេណីបានយកមូលប្បទានបត្រនោះ ទៅបើកប្រាក់ពីធនាគារ ប៉ុន្តែខាងធនាគារបញ្ជាក់ថា មូលប្បទានបត្រគ្មាននេះសាច់ប្រាក់ទេ ពោលគឺ(សែកស្អុយ) ។ អ្នកនាំពាក្យបានបន្តថា ក្នុងដំណាក់កាលស៊ើបសួរ ចៅក្រមស៊ើបសួរ បានពិនិត្យ ផ្ទៀងផ្ទាត់ភស្ដុតាង និងសួរចម្លើយជនត្រូវចោទឈ្មោះ ឌួង ងៀប ហើយបានសម្រេច មិនឃុំខ្លួនជនត្រូវចោទ ដោយជំនួសមកវិញនូវការដាក់ជនត្រូវចោទឲ្យស្ថិតក្រោមការ ត្រួតពិនិត្យ តាមផ្លូវតុលាការតាមរយៈដីកា សម្រេចលេខ៤២៩៣«ម» ដ.ព.ស ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ដែលមានកាតព្វកិច្ចតម្រូវឲ្យជនត្រូវចោទដាក់ប្រាក់ធានា មិនឃុំខ្លួនចំ នួន ៥.៣០៥.០០០ ដុល្លារអាមេរិក មកតម្កល់នៅក្នុងគណនី របស់សាលាដំបូង រាជធានី ភ្នំពេញ ក្នុងរយៈពេល១ខែ តែជនត្រូវចោទពុំបានយកប្រាក់ធានាខ្លួននេះ មកតម្កល់តាម ការកំណត់ ក្នុងដីកាសម្រេចនោះឡើយ៕

Facebook Comments
Loading...