អភិបាលខណ្ឌព្រែកព្នៅទើបមកកាន់តំណែងថ្មី ណែនាំដល់មន្ត្រីខណ្ឌ សង្កាត់ និងកងកម្លាំងទាំងអស់ ត្រូវខិតខំបំពេញតួនាទីរបស់ខ្លួន និងត្រូវសហការគ្នាឲ្យបានស្អិតរមួត ដើម្បីបម្រើប្រជាពលរដ្ឋ

0
385

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាពខណ្ឌ នាព្រឹកថ្ងៃទី២២ ខែសីហានេះ លោក ធឹម សំអាន អភិបាលនៃ គណៈអភិបាលខណ្ឌព្រែកព្នៅ ដែលទើបមកកាន់តំណែង បានណែនាំដល់មន្ត្រីពាក់ព័ន្ធ អាជ្ញាធរ សង្កាត់ទាំង៥ និងកងកម្លាំងក្រោមឱវាទ  ត្រូវយកខិតខំយកចិត្តទុកដាក់ បន្ដបំពេញតួនាទីរៀងៗខ្លួនឲ្យបានល្អ និងត្រូវសហការគ្នាឲ្យបានស្អិតរមួត ដើម្បីបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យបានកាន់តែប្រសើរ។

លោក អភិបាលខណ្ឌបានបញ្ជាក់ថា សម្រាប់ចៅសង្កាត់ទាំង៥ ពេលត្រឡប់ទៅវិញត្រូវសរសេររបាយការណ៍សង្ខេប លើចំនុចខ្វះខាត និងបញ្ហាប្រឈមដែលកំពុងកើតមានក្នុងមូលដ្ឋាន ពិសេសបញ្ហាសន្ដិសុខ សណ្ដាប់ធ្នាប់ រៀបរៀបរយសាធារណៈ ដែលជាកត្តាចាំបាច់បំផុត សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ។ ដោយឡែកចំពោះបញ្ហាសណ្ដាប់ធ្នាប់សាធារណៈ នៅផ្លូវ១៥១ តំបន់ផ្សារព្រែកព្នៅដែលជាតំបន់ស្មុគ្រស្មាញ លោកអភិបាលខណ្ឌ បានណែនាំឲ្យប្រធានសណ្ដាប់ធ្នាប់ខណ្ឌត្រូវយកចត្តិទុដាក់ខ្ពស់ លើចំណុចនេះ ដោយត្រូវដាក់កម្លាំងប្រជាការពារសង្កាត់ និង កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ ឲ្យឈរជើងប្រចាំការនៅទីនោះតែម្ដង ដើម្បីទប់ស្កាត់ការរំលោភបំពាន ពីអ្នកលក់ដូរ ដែលតែងតែរំលោភបំពានលើចិញ្ចើមនិងទ្រូងផ្លូវ ធ្វើឲ្យផ្លូវរួមតូចនិងបង្កឲ្យស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ។ តែទោះជាយ៉ាងណាលោកហាមដាច់ខាតមិនឲ្យកម្លាំងប្រជាការពារ ឬសណ្ដាប់ខណ្ឌយើងប្រើកម្លាំង អូសទាញទាត់ កញ្ច្រែងនោះឡើយ ដោយមុននឹងធ្វើអ្វីៗ ត្រូវតែមានបញ្ជាពីលោក ទើបអាចអនុវត្តបាន។

លោក ធឹម សំអាន មានប្រសាសន៍ថា យើងជិះលើខ្នងសេះហើយ ដូចនេះរាល់ការងារទាំងឡាយ ដែលរាជរដ្ឋាភិបាល ក៏ដូចជាសាលារាជធានីភ្នំពេញបានដាក់ឲ្យ គឺយើងត្រូវតែអនុវត្តន៍ ឲ្យបានសម្រេច។ ជាមួយនេះយើងក៏បើកចំហរជើងមេឃ រង់ចាំ ទទួលការរិះគន់ដោយការស្ថាបនា ពីមន្ដ្រីគ្រប់ជាន់ថ្នាក់ ព្រមទាំងពីប្រជាពលរដ្ឋផងដែរ។

ដើម្បីជាការក្រើនរំលឹក លោក អភិបាលខណ្ឌ បានណែនាំឲ្យមន្ដ្រីក្នុងសាលាខណ្ឌ សរសេពាក្យស្លោកបិទនៅតាមការិយាល័យ របស់ខ្លួន ដែលអាចមើលឃើញរាល់ថ្ងៃ ជាការដាស់តឿន ដល់មន្ដ្រីគ្រប់រូបបម្រើប្រជាពលរដ្ឋដោយ ដូចពាក្យថា«សូមកែតម្រូវខ្លះដើម្បីព្រែកព្នៅ» និង ពាក្យ«តើធ្វើអ្វីខ្លះដើម្បីព្រែកព្នៅ »ជាដើម។

នៅព្រឹកថ្ងៃដដែលនោះដែរ លោក អភិបាលខណ្ឌ រួមជាមួយ អភិបាលរងព្រមទាំង មន្ដ្រីសាលាខណ្ឌ១ចំនួនទៀតបានចុះទៅពិនិត្យមើលស្ថានភាពជាក់ស្ដែងនៅផ្លូវ១៥១ត្រង់តំបន់ផ្សារព្រែកព្នៅ ព្រមទាំងបានសាកសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ និងអាជីវករលក់ដូរនៅទីនោះផងដែរ ដោយលោកសុំអង្វរបងប្អូនប្រជាពលរដ្ឋទាំងអស់សូមចូលរួមសហការជា​មួយ​អាជ្ញាធរ ដោយគោរពតាមការណែនាំរបស់អាជ្ញាធរ សង្កាត់ ខណ្ឌ មិនត្រូវលក់ដូរលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវតទៅទៀត ដើម្បីបរិស្ថានអនាម័យរបៀបរៀបរយក្នុងមូលដ្ឋានរបស់យើងបានល្អប្រសើរ៕

Facebook Comments
Loading...