សហរដ្ឋអាមេរិកនាំសម្ពន្ធមិត្តនៅអាស៊ីបូព៌ា ធ្វើសមយុទ្ធយោធា បញ្ឆេះកំហឹងចិន

0
810

វ៉ាស៊ីនតោន ៖ នៅក្នុងមួយរយៈពេលចុងក្រោយនេះ ក្រុងប៉េកាំង និងក្រុងវ៉ាស៊ីនតោន កំពុងតែប្រឈមមុខដាក់គ្នាយ៉ាងតានតឹងបំផុត លើទំនាក់ទំនងការទូត ហើយនៅពេលនេះទៀត សហរដ្ឋអាមេរិក កាន់តែរុញច្រានស្ថានការណ៍ឲ្យកាន់តែធ្ងន់ឡើង ដោយបានដឹកនាំជប៉ុន និងកូរ៉េខាងត្បូង ធ្វើសមយុទ្ធយោធា ដោយផ្ដោតចិន និងកូរ៉េខាងជើង។

សារព័ត៌មាន Arab News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី១៦ ខែសីហា ថា មន្ទីរបញ្ចកោណ បានបញ្ជាក់ កាលពីថ្ងៃអង្គារ ថា សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និង ជប៉ុនបានចូលរួមធ្វើសមយុទ្ធការពារគ្រាប់មីស៊ីលផ្លោង ចេញពីឆ្នេរសមុទ្រហាវ៉ៃ កាលពីសប្តាហ៍មុន ដោយផ្ដោតលើកូរ៉េខាងជើង និង ប្រទេសចិន។

មន្ទីបញ្ចកោណ បានបន្ថែមថា ការធ្វើសមយុទ្ធការពារមីស៊ីល និង បាញ់ផ្លោងមីស៊ីល រួមទាំងលំហាត់សមផ្សេងៗទៀតនេះ បានធ្វើឡើង ចាប់តាំងពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២។ ប្រទេសទាំង៣នេះ បានប្ដេជ្ញាឆ្លើយតប នឹងការប្រឈមមុខជាមួយកូរ៉េខាងជើង ការការពារសន្តិសុខរួមគ្នា និង ការពង្រឹងសណ្តាប់ធ្នាប់អន្តរជាតិ ផ្អែកលើច្បាប់ជាមូលដ្ឋាន។ ក្រៅពីនេះ ប្រទេសទាំង៣ ក៏សន្យាចែករំលែកព័ត៌មាន ភ្ជាប់នឹងទិន្នន័យយុទ្ធសាស្រ្តឲ្យគ្នាទៅវិញទៅមក ស្របតាមកិច្ចព្រមព្រៀងត្រីភាគី។

សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និង ជប៉ុន ធ្លាប់ធ្វើសមយុទ្ធយោធារួមគ្នាលើកទី១ នៅក្នុងឆ្នាំ២០១៧ ប៉ុន្ដែក្រោយមក នៅក្នុងអំឡុងឆ្នាំ២០១៩ ទំនាក់ទំនង រវាងក្រុងសេអ៊ូល និង ក្រុងតូក្យូ បានធ្លាប់ចុះខ្លាំង ដោយសារតែរឿងជម្លោះពាក់ព័ន្ធនឹងប្រវត្ដិសាស្រ្ដ នៅក្នុងអំឡុងជប៉ុនលុកលុយ នៅលើឧបទ្វីបកូរ៉េ។

បច្ចុប្បន្នចំណងទំនាក់ទំនង រវាងក្រុងតូក្យូ និង ក្រុងសេអ៊ូល កំពុងតែបង្ហាញនូវសញ្ញាល្អប្រសើរឡើងវិញ ទោះបីជាស្ថិតក្នុងជំហានបន្ថែមក៏ដោយ។ ប្រទេសទាំងពីរនេះ បានធ្វើសមយុទ្ធត្រីភាគីដ៏កម្រការពារគ្រាប់មីស៊ីល ជាមួយសហរដ្ឋអាមេរិក ពោលគឺ១ថ្ងៃ បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូង លោក យុន ស៊ូកយ៉ូល (Yoon Suk-yeol) បាននិយាយអំពីតម្រូវការសម្រាប់ការស្ដារនូវទំនាក់ទំនងទ្វេភាគីឡើងវិញ ឲ្យបានឆាប់រហ័ស៕

Facebook Comments
Loading...