ធនាគារពិភពលោកប្រកាសផ្តល់ជំនួយបន្ថែម ៤.៥ពាន់លានដុល្លារដល់អ៊ុយក្រែន

0
697

កៀវ ៖ ធនាគារពិភពលោក (World Bank) បានប្រកាសផ្តល់ជំនួយហិរញ្ញវត្ថុបន្ថែមចំនួន ៤.៥ពាន់លានដុល្លារដល់អ៊ុយក្រែន ទប់ទល់នឹងវិបត្តិសេដ្ឋកិច្ចដោយសារការលុកលុយរបស់រុស្ស៊ី។

ធនាគារពិភពលោកបានបញ្ជាក់នៅថ្ងៃចន្ទសប្តាហ៍នេះថា កញ្ចប់ជំនួយខាងលើនេះ មានគោលបំណងជួយរដ្ឋាភិបាលអ៊ុយក្រែនបំពេញតម្រូវការបន្ទាន់ ដែលបង្កើតឡើងដោយការឈ្លានពានរបស់រុស្ស៊ីដែលកំពុងបន្ត។

ធនាគារនេះបន្ថែមថា កញ្ចប់ជំនួយនេះទៀតសោត នឹងជួយរដ្ឋាភិបាលអ៊ុយក្រែនគ្របដណ្តប់លើការទូទាត់ផ្នែកសង្គម សេវាថែទាំសុខភាព និងប្រាក់សោធននិវត្តន៍ ដែលមានសារៈសំខាន់សម្រាប់សុខុមាលភាពរបស់ប្រជាពលរដ្ឋរបស់ប្រទេសអ៊ុយក្រែន ។ កញ្ចប់ជំនួយនេះនឹងត្រូវបានផ្តល់ហិរញ្ញប្បទានដោយជំនួយឥតសំណងពីសហរដ្ឋអាមេរិក ។

ស្របពេលជាមួយគ្នានេះដែរ ប្រធានធនាគារពិភពលោក (WB) លោក David Malpass បាននិយាយថា អ៊ុយក្រែនត្រូវការបន្តដំណើរការរដ្ឋាភិបាលខ្លួន ក្នុងនោះរួមមានទាំងផ្នែកសុខាភិបាល ការអប់រំ និងការការពារសង្គមជាដើម ដើម្បីការពារការធ្លាក់ដុនដាបបន្ថែមទៀត នៅក្នុងលក្ខខណ្ឌរស់នៅ និងភាពក្រីក្រ៕

ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា

Facebook Comments
Loading...