ទីតាំងជល់មាន់ អាប៉ោង របស់(លោក សាល ) ដែលថ្លើមធំហ៊ានបើកលេងកណ្តាលក្រុងភ្នំពេញ ពេលនេះអធិការនគរបាលខណ្ឌទួលគោក ថានិងចាត់កម្លាំងចុះទៅមើល

0
512

ភ្នំពេញ ៖ ក្រោយពីមានការផ្សព្វផ្សាយព្រោងព្រាត ពីទីតាំង ល្បែងជល់មាន់របស់  លោកសាល នៅកណ្តាលក្រុងភ្នំពេញ បានកំពុងបើកលេងយ៉ាងរលូន ហាក់គ្មាន ខ្លាចរអា ជាមួយនិង អាជ្ញាធរមានសមត្ថកិច្ច សោះឡើយ ដោយគេកំណត់ ណាត់គ្នាមកលេង ក្នុងមួយសប្តាហ៏ចំនួន៥ថ្ងៃ។

ទីតាំង ល្បែងលោក សាល ដែល អាជ្ញាធរ ហាក់ខ្លាចរអា មានទីតាំង ស្ថិត នៅ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោកចូលតាមផ្លូវលំ ទល់មុខមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ រួចបត់ស្តាំ (ខាងក្រោយសាកលវិទ្យាល័យបញ្ញាជាតិ) ចាប់ផ្តើមបើកដំណើរការបានយ៉ាងរលូន ឡើងវិញហើយ ក្រោយពីឲ្យផ្អាកមួយរយៈ។ បើតាមប្រភពមួយចំនួនបានឲ្យដឹងថា ទីតាំងជល់មាន់ និងអាប៉ោងខាងលើនេះមានមេការឈ្មោះ (សាល) និងមានការភ្នាល់ដាក់លុយស៊ី សងចាញ់ឈ្នះទ្រង់ទ្រាយធំ បើកដំណើរការប្រកួតនៅថ្ងៃអង្គារ ព្រហស្បតិ៍ និងសុក្រ សម្រាប់ថ្ងៃសៅរ៍ និងអាទិត្យ ជាគូពិសេស។

ពាក់ព័ន្ធទីតាំងជល់មាន់ និងអាប៉ោងខាងលើនេះដែរ អធិការនគរបាលខណ្ឌទួលគោក លោកវរសេនីយ៍ឯក សុខ ហេង បានប្រាប់អង្គភាពព័ត៌មាន តាមទូរស័ព្ទនៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ថា ចាំលោកចាត់កម្លាំងចុះទៅមើល។  ដោយឡែក អភិបាលខណ្ឌទួលគោក លោក ជា ពិសី មិនទាន់អាចធ្វើការទំនាក់ទំនង ដើម្បីសុំបញ្ជាក់ថា តើទីតាំងជល់មាន់ និងអាប៉ោងក្នុងសង្កាត់ទឹកល្អក់៣ មានច្បាប់អនុញ្ញាត ឬយ៉ាងណានោះទេ។

ជុំវិញបញ្ហាខាងលើ មហាជនសម្តែងហួសចិត្ត និងការរិះគន់ជាខ្លាំង ដែលទំនងចង់បន្ទោសដល់សមត្ថកិច្ច និងថ្នាក់ដឹកនាំអាជ្ញាធរខណ្ឌទួលគោក តែម្តង ខណៈទីតាំងជល់មាន់ និងអាប៉ោងមួយកន្លែងកណ្តាលក្រុងភ្នំពេញ ស្ថិតក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោកចូលតាមផ្លូវលំ ទល់មុខមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ រួចបត់ស្តាំ (ខាងក្រោយសាកលវិទ្យាល័យបញ្ញាជាតិ) ចាប់ផ្តើមបើកដំណើរការបានយ៉ាងរលូនទៀតហើយក្រោយពីឲ្យផ្អាកមួយរយៈ។  ព័ត៌មាននេះចាត់ទុកជាសេចក្តីរាយការណ៍ជូនដល់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីមានវិធានការបង្ក្រាប ព្រោះល្បែងស៊ីសងជាដើមចមដែលបង្កើតឲ្យមាននូវបទល្មើស៕

Facebook Comments
Loading...