បុរសពីរនាក់រងនូវការបាញ់ប្រហារ ដោយគ្រាប់កាំភ្លើងជាច្រើនគ្រាប់ ពេលកំពុងធ្វើដំណើរ រត់ចេញពីរថយន្ត ក្នុងស្ថានភាពរងរបួស ចូលទៅក្នុងមន្ទីរសម្ភព ដើម្បីសុំការព្យាបាល

0
438

ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីប្រជាពលរដ្ឋបានឃើញ   រថយន្ដស៊េរីម៉ាក RangRover មួយគ្រឿង ហើយព្យាយាម បើកទាំងបែកកង់ និងនៅជុំវិញរថយន្ដគឺឃើញសុទ្ធតែមានស្នាមគ្រា.ប់កាំភ្លើ.ង បានបើកទៅ ឈប់នៅសម្ភពសុខភាពស្ត្រី ហើយបុរសជាជនបរទេសចំនួន២នាក់ បានចេញពីរថយន្ដ ក្នុងស្ថានភាពរងរបួស ចូលទៅក្នុងមន្ទីរសម្ភព ដើម្បីសុំការព្យាបាល។

ហេតុការណ៏ ភ្ញាក់ផ្អើលកាលពីវេលាម៉ោង២ និង៣០នាទីរំលងអធ្រាតឈានចូលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចមុខមន្ទីរ សម្ភពសុខភាពស្ត្រី ស្ថិតក្នុងភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។ជុំវិញបញ្ហា បាញ់ប្រហារនេះ នៅកន្លែងកើតហេតុ មិនមានប្រភពណាអាចបញ្ជាក់បានថា តើជាករណីអ្វី  អោយពិតប្រាកដនោះទេ  ហើយការបាញ់ប្រហារក៏មិនដឹងថា តើកើតឡើងនៅចំណុចណាដែរ ព្រោះថា នៅមុនពេលមានការភ្ញាក់ផ្អើល គេបានឃើញរថយន្តខាងលើ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងល្បឿនលឿនទាំងស្ថានភាពរថយន្ដបែកកង់ក្រោយខាងឆ្វេងខ្ទេច ក្នុងទិសដៅពីជើងទៅត្បូង ដូចកំពុងរត់គេចខ្លួនពីអ្វីមួយអញ្ចឹង។ ប្រភពដដែលបន្តថា ខណៈពេលរថយន្តធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏បានឈប់រថយន្ដ ហើយមានបុរស២នាក់ដែលខ្លួនប្រឡាក់សុទ្ធតែឈា.មបានរត់សម្រុកទៅគោះទ្វារ ដើម្បីសុំការសង្គ្រោះពីគ្លីនិកខាងលើផងដែរ។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញ រថយន្តម៉ាក RangRover ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ កម្ពុជា JS.3333 ហើយនៅលើរថយន្ដ គឺឃើញមានស្នាមគ្រា.ប់កាំភ្លើ.ងបាញ់ទម្លុះចំនួន០៧កន្លែង ក្នុងនោះដោយត្រូវចំទ្វារខាងឆ្វេង០១គ្រា.ប់, ទ្វារក្រោយខាងឆ្វេង ចំនួន០៤គ្រា.ប់, កង់ក្រោយខាងឆ្វេងចំនួន០១គ្រា.ប់ និងកញ្ចក់ក្រោយ០១គ្រា.ប់ សរុបចំនួន០៧គ្រាប់ ។ភ្លាមៗនោះសមត្ថកិច្ចមូលរដ្ឋានខណ្ឌ ឬស្សីកែវបានចុះទៅកន្លែងកើតហេតុ។ បើតាមប្រភពពីគិលានុបដ្ឋាយិកា របស់មន្ទីរសម្ភពសុខភាពស្ត្រី បានប្រាប់សមត្ថកិច្ចអោយដឹងថា គាត់បានឃើញបុរសជនបរទេស២នាក់ ខ្លួនសុទ្ធតែឈា.មបានមកគោះទ្វារកញ្ចក់ សុំការសង្គ្រោះ ។ ប៉ុន្តែដោយសារតែរបួសធ្ងន់ ពួកគាត់មិនហ៊ានទទួលនោះទេ ហើយក៏បានណែនាំឲ្យទៅមន្ទីរពេទ្យផ្សេង គ្រាន់តែនិយាយចប់ភ្លាម បុរសទាំងពីរនាក់ក៏បានចេញទៅបាត់ទៅ ដោយពួកគាត់មិនដឹងថា ទៅមន្ទីរពេទ្យណានោះទេ។

គួរបញ្ជាក់ថា ចំពោះហេតុការណ៍ខាងលើ សមត្ថកិច្ចមិនទាន់អាចបញ្ជាក់បានថា តើជាករណីអ្វីអោយពិតប្រាកដនៅឡើយទេ  ក្រោយពេលកើតហេតុ សមត្ថកិច្ចបានបង្កើតគណៈកម្មការត្រួតពិនិត្យរថយន្តខាងលើ ហើយក៏បានយករថយន្តនោះទៅរក្សាទុកជាបណ្តោះអាសន្ន នៅអធិកាដ្ឋានខណ្ឌឫស្សីកែវ និងស្វែងរកម្ចាស់រថយន្ត ដើម្បីចូលមកបំភ្លឺ ទើបអាចបន្តនីតិវិធីនៅពេលក្រោយបន្តទៀត៕

Facebook Comments
Loading...