មេដឹកនាំ G7 បញ្ចេញផែនការហេដ្ឋារចនាសម្ព័ន្ធតម្លៃ ៦០០ពាន់លានដុល្លារទប់ទល់នឹងចិន

0
569

ប៊ែរឡាំង ៖ ក្រុមប្រទេស G-7 បានសន្យារៃអង្គាសប្រាក់ឱ្យបាន ៦០០ពាន់លានដុល្លារទាំងក្នុងមូលនិធិឯកជន និងសាធារណៈក្នុងរយៈពេល ៥ឆ្នាំ ដើម្បីផ្តល់ហិរញ្ញវត្ថុដល់គំរោងហេដ្ឋារចនាសម្ពន្ធនានា នៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីរាំងខ្ទប់គំរោងខ្សែក្រវាត់ និងផ្លូវតម្លៃទ្រីលានដុល្លាររបស់ចិន ។

ស្របពេលជាមួយគ្នានេះដែរ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងមេដឹកនាំ G7 ដទៃទៀតបានបង្កើតគំរោងថ្មីរបស់ពួកគេ ដែលដាក់ឈ្មោះថា «ភាពជាដៃគូសំរាប់ហេដ្ឋារចនាសម្ពន្ធ និងការវិនិយោគសកល» នៅក្នុងជំនួបប្រចាំឆ្នាំរបស់ពួកគេនៅប្រទេសអាល្លឺម៉ង់។

លោក បៃដិន បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងប្រមូលប្រាក់ ២០០ពាន់លានជាជំនួយមូលនិធិសហព័ន្ធ និងមកពីការវិនិយោគឯកជននៅរយៈពេល៥ឆ្នាំទៅមុខ ដើម្បីគាំទ្រគំរោងនានានៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍មានចំណូលទាប និងមធ្យម ដែលនឹងជួយដោះស្រាយការប្រែប្រួលអាកាសធាតុ ក៏ដូចជាធ្វើអោយប្រសើរឡើងសុខភាពសកល សមភាពយ៉េនឌ័រ និងហេដ្ឋារចនាសម្ពន្ធឌីជីថល។

ទន្ទឹមគ្នា ប្រធានគណកម្មការអឺរ៉ុបលោកស្រី អឺស៊ូឡា វ៉ុន ដឺ ឡេយេន បានបញ្ជាក់ថា អឺរ៉ុបក៏នឹងកេណ្ឌប្រមូលប្រាក់៣០០ពាន់លាន ដើម្បីគំនិតផ្តួចផ្តើមនេះសំរាប់រយៈពេលដូចគ្នា ក្នុងបំណងបង្កើតគំរោងមួយជំនួសអោយគំរោង «គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ» របស់ចិន ដែលលោក ស៊ី ជីនពីង បានបង្កើតឡើងនៅឆ្នាំ២០១៣ ៕ ប្រភព៖ Aljazeera ប្រែសម្រួល ៖ ទីណា និងបុត្រា

Facebook Comments
Loading...