រឿងតូចសោះបង្កឲ្យទៅជារឿងធំ ! បុរសម្នាក់បើកម៉ូតូ មិនគោរពច្បាប់ហើយថែមទាំងយកខ្សែក្រវាត់វាយទៅលើមន្ត្រីសមត្ថកិច្ចនគរបាលចរាចរណ៍ ត្រូវបានឃាត់ខ្លួន

0
779

ភ្នំពេញ ៖ បុរសម្នាក់បើកម៉ូតូ មិនគោរពច្បាប់ហើយថែមទាំងយកខ្សែក្រវាត់វាយទៅលើមន្ត្រីសមត្ថកិច្ចនគរបាលចរាចរណ៍ទៀតផង ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន មកសួរនាំនិងដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី កាលពីរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៥ និង០០រសៀល។

លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់អោយដឹងថា បុរសម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ដោយសារល្មើសច្បាប់ចរាចរណ៍ និងមិនស្តាប់ការណែនាំ ព្រមទាំងយកខ្សែក្រវ៉ាត់វាយចំមកលើសមត្ថកិច្ចថែមទៀតផង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី។

បុរសម្នាក់នោះឈ្មោះ ប៊ូ សុខមាន មុខរបរកម្មករសំណង់ ជិះម៉ូតូម៉ាក ហុងដា សេ១២៥ ពាក់ផ្លាកលេខព្រៃវែង-៥៤០១៣ បានបើកបរល្មើសច្បាប់ចរាចរណ៍ ដោយមិនពាក់មួកសុវត្ថិភាពនៅពេលបើកបរ ខណៈ នៅពេលសមត្ថកិច្ចធ្វើការឃាត់ ដើម្បីធ្វើការណែនាំអប់រំ បែរជាបុរសម្នាក់នោះមិនស្តាប់តាមការណែនាំរបស់សមត្ថកិច្ចហើយថែមទាំងជេរប្រមាទមើលងាយ និងយកខ្សែក្រវ៉ាត់វាយចំមកលើសមត្ថកិច្ចថែមទៀតផង ដោយឃើញសកម្មភាពប្រើអំពើហិង្សាមកលើសមត្ថកិច្ចដូច្នេះ មន្ត្រីនៅគោលដៅអនុវត្តច្បាប់ក៏ធ្វើការចាប់ឃាត់ខ្លួន ដើម្បីយកមកធ្វើការសួរនាំនៅការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯកសាន សុខសីហា បញ្ជាក់អោយដឹងថា បុរសឈ្មោះ ប៊ូ សុខមាន បានប្រព្រឹត្តខុសទៅលើចំណុចមួយចំនួន ដូចជា៖ ការរារាំងដល់ការអនុវត្តច្បាប់របស់មន្ត្រីមានសមត្ថកិច្ច ជេរប្រមាថមើលងាយ និងប្រើអំពើហិង្សាវាយតប់មកលើមន្ត្រីអនុវត្តច្បាប់។

ជាមួយគ្នានេះស្នងការនគរបាលរាជធានីភ្នំពេញ សូមអំពាវនាវ អ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវគោរពច្បាប់ចរាចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា អោយបានខ្ជាប់ខ្ជួនទាំងអស់គ្នា ដើម្បីកាត់បន្ថយនៃគ្រោះថ្នាក់ចរាចរ៕

Facebook Comments
Loading...