ភ្នំពេញ ៖ លោកញឹក ប៊ុនឆៃ គាំទ្រសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន បានផ្ញើលិខិតមួយទៅលោកឧត្តមសេនីយ៍ មីន អោងលាំង (General Min Aung Hlaing) ដោយស្នើឲ្យលោកឧត្តមសេនីយ៍ មីន អោងលាំង (General Min Aung Hlaing) ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋមីយ៉ាន់ម៉ា ពិចារណាឡើងវិញ នូវផែនការផ្តន្ទាទោសប្រហារជីវិតសម្រាប់ក្រុមអ្នកប្រឆាំង ពីព្រោះនឹងបង្ករឲ្យមានការព្រួយបារម្ភ ដល់រដ្ឋជាសមាជិកអាស៊ាន។
លោក ញឹក ប៊ុនឆៃ ថាករណីនៅមីយ៉ានម៉ានេះមិនអាចបញ្ចប់ទៅដោយការប្រយុត្នគ្នា និងការសងសឹកគ្នាទៅវិញទៅមកនោះទេ ព្រោះថាសង្គ្រាមជាតិសាស្ត្រឯងក៏ធ្លាប់បានកើតឡើងនៅកម្ពុជារួចហើយ អ្នកណាស្លាប់ក៏ជាខ្មែរដែរ ហើយទីបំផុតកម្ពុជាយើង ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ដោយកិច្ចព្រមព្រៀង យោគយល់គ្នាទៅវិញទៅមក មិនបានបញ្ចប់ដោយចុងកាណុងទេ។
ប្រធានគណបក្សខ្មែររួបរួមជាតិ បានលើកឡើងទៀតថា ការផ្ញើសាររបស់សម្ដេចតេជោ គឺពិតជាត្រឹមត្រូវ ពីព្រោះបើមានការប្រហារជីវិត នឹងធ្វើឲ្យមានបញ្ហាកាន់តែធ្ងន់ធ្ងរៗ មិនអាចដោះស្រាយបានទេ។ លោកបានបញ្ជាក់យ៉ាងនេះថា «សាររបស់សម្ដេចតេជោនេះត្រឹមត្រូវហើយ បើកាលណាធ្វើឲ្យមានកែប្រហារជីវិត គឺកាន់តែធ្ងន់ធ្ងរមិនអាចដោះស្រាយបានទេ។ ខ្ញុំជឿថា បញ្ហានៅភូមានេះដែលបាញ់គ្នាប្រយុទ្ធគ្នាសព្វថ្ងៃនេះ មិនអាចបញ្ចប់ដោយការបាញ់គ្នានោះទេ គឺត្រូវតែបញ្ចប់ដោយការចរចាគ្នា និយាយគ្នា កិច្ចព្រមព្រៀងណាមួយទើបអាចបញ្ចប់បាន»។
លោកថា ច្បាប់គឺជាច្បាប់ហើយ តែបើឈានទៅដល់ការកាប់សម្លាប់គ្នា វាកាន់តែធ្វើឲ្យដំណោះស្រាយបញ្ចប់ជម្លោះកាន់តែលំបាក កាន់តែស្មុគស្មាញ កាន់តែតានតឹងតទៅទៀត។ លោកថា ការសម្លាប់នេះ នឹងនាំឲ្យមានការគុំគួន សងសឹកគ្នា ហើយភាគីម្ខាងនឹងត្រូវតស៊ូ រហូតទៅដល់យកភាគីម្ខាងទៀត ទៅប្រហារជីវិតវិញ ដើម្បីឲ្យស្មើភាពគ្នា។
លោក ញឹក ប៊ុនឆៃ បានបន្តថា បញ្ហានៅមីយ៉ាន់ម៉ានេះ អាចត្រឹមតែដាក់គុកគឺបាន តែបើឈានទៅដល់ការប្រហារជីវិតទៀត កំហឹងនឹងពុះកញ្ជ្រោលឡើង។ លោកថា កុំភ្លេចថា ការសម្លាប់មនុស្សម្នាក់ នឹងកើតឡើង ១០នាក់ សម្លាប់ ២ នាក់ នឹងកើត ២០នាក់ ហើយសម្លាប់កាន់តែច្រើន កើតកាន់តែច្រើន ដែលធ្វើឲ្យបញ្ហាកាន់តែស្មុគស្មាញ និងកាន់តែធ្ងន់ថតទៅ ដោយសាតែបន្ថែមការឈឺចាប់ ធ្វើឲ្យមនុស្សចងកំហឹងកាន់តែខ្លាំង។
លោក ញឹក ប៊ុនឆៃ បញ្ជាក់ថា «ខ្ញុំជឿជាក់ថា ប្រសាសន៍សម្ដេចតេជោ ត្រឹមត្រូវហើយ ភូមាត្រូវតែពិចារណាត្រឹមដាក់គុកបានហើយ កុំឈានទៅដល់មានការប្រហារជីវិត។ ពីព្រោះមកដល់ពេលនេះ យើងមិនទាន់ដឹងថា មនុស្សនោះខុស ឬត្រូវយ៉ាងណាទេ មនុស្សម្នាក់នៅពេលឈ្លោះគ្នាហើយ តែងតែលើកយកត្រូវរៀងខ្លួន»។
បើតាមលោក ញឹក ប៊ុនឆៃ កន្លងមកសម្ដេចតេជោ បានប្រឹងប្រែងណាស់លើករណីបញ្ហាភូមានេះ ដើម្បីរកច្រក រកវិធីដោះស្រាយ ហើយបញ្ហាសំខាន់មួយទៀត គឺជំនួយមនុស្សធម៌ ដែលត្រូវយកទៅជួយប្រជាពលរដ្ឋមីយ៉ាន់ម៉ាដែលត្រូវការ ពីព្រោះជនរងគ្រោះ ជនភាសិកនេះ វេទនាណាស់ ត្រូវការជំនួយជាខ្លាំង រាប់ចាប់តាំងពីស្បៀងអាហារ និងថ្នាំពេទ្យជាដើម។
សូមបញ្ជាក់ថា កាលពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើលិខិតមួយទៅលោកឧត្តមសេនីយ៍ មីន អោងលាំង (General Min Aung Hlaing) ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋមីយ៉ាន់ម៉ា ដោយស្នើឲ្យពិចារណាឡើងវិញ នូវផែនការផ្តន្ទាទោសប្រហារជីវិត សម្រាប់ក្រុមអ្នកប្រឆាំង ដោយអះអាងថា បញ្ហានេះ នឹងបង្កឲ្យមានការព្រួយបារម្ភ ដល់រដ្ឋជាសមាជិកអាស៊ាន។ ចំពោះផែនការប្រហារជីវិតនេះ ប្រសិនបើត្រូវបានអនុវត្ត ប្រាកដជានឹងបង្កឲ្យមានប្រតិកម្មអវិជ្ជមាន រីករាលដាលពេញសហគមន៍អន្តរជាតិ ហើយក៏នឹងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន និងកម្ពុជាក្នុងឋានៈជាប្រធានអាស៊ាន ផងដែរ៕