លោកសុខ សម្បត្តិ ! ការឈ្នះឆ្នោតដ៍ច្រើនលើសលប់ នេះគឺក្រុមការងារយើង បានសាមគ្គីគ្នា និងបានខិតខំរួមគ្នាធ្វើ តាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោយ

0
493

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំប្រកាសបូកសរុបលទ្ធផលបណ្តោះអាសន្ន និងលើកទឹកចិត្តទៅដល់ថ្នាក់ដឹកនាំសង្កាត់ទាំង៥ ព្រមទាំងប្រធានសាខាបក្សភូមិទាំង៥៩ នាព្រឹកថ្ងៃទី១២ ខែ​មិថុនា ឆ្នាំ​២០២២ លោកសុខ សម្បត្តិ ជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាប្រធានគណកម្មាធិការគណបក្សខណ្ឌព្រែកព្នៅ បានមានប្រសាសន៍ថាការឈ្នះដ៍ច្រើនលើសលប់នៃការបោះឆ្នោតក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ នេះគឺដោយ​សារក្រុមការងារយើង បានសាមគ្គីគ្នា និងបានខិតខំរួមគ្នាធ្វើ តាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោយ តែយ៉ាងណាយើងនៅមានការខ្វះខាតបន្តិចបន្តួចដែរត្រូវពង្រឹងឲ្យបានខ្លាំងបន្ថែមទៀតនៅក្នុងការបោះឆ្នោតសកលនាឆ្នាំ២០២៣ខាងមុខ ដើម្បីទទួលបានជ័យជំនះដ៍លើសលប់បន្តទៀត។

លោកបន្តថា ក្រុមការងារចុះជួយសង្កាត់ និងភូមិទាំងអស់ពិសេសបេក្ខភាពចៅសង្កាត់ដែលជាប់ឆ្នោតថ្មី ត្រូវប្រកាន់គោលជំហ៊រ របស់ខ្លួនដែលបានសន្យាចំពោះប្រជាពលរដ្ឋថាត្រូវធ្វើអ្វីជូនពួកគាត់បន្ថែមទៀត សម្រាប់ការគ្រប់គ្រងរបស់ចៅសង្កាត់គណបក្សប្រជាជនកម្ពុជារយៈពេល៥ឆ្នាំបន្តទៀត។ ហើយយើងត្រូវបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ពិសេសដោះស្រាយនូវការសូមណូមពរ និងតម្រូវការជួយប្រជាពលរដ្ឋឲ្យទាន់ពេលវេលា ដើម្បីទទួលបានសម្លេងគាំទ្រនៃការបោះឆ្នោតសកលនាឆ្នាំ២០២៣ខាងមុខ ទទួលបានជ័យជំនះដ៍លើសលប់បន្តទៀត ហើយគណបក្សប្រជាជនកម្ពុជាយើងបើកបេះដូងស្វាគមន៍ចាំទទួលជានិច្ច រាល់ការមកចូលរួមរស់របស់សមាជិកមកពីគ្រប់និន្នាការនយោបាយទាំងអស់។

ដោយឡែកលោករស់ សូផាន់ អនុប្រធានទី១ក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង ប្រធានក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ បានមានប្រសាសន៍ថា ការបោះឆ្នោតកន្លងមកថ្មីៗនេះ យើងធានាបាននូវសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋគ្រប់រូប ហើយលោកសូមអរគុណដល់ឯកឧត្តម លោកជំទាវ ក្រុមការងារ ប្រធានគណកម្មាធិការគណបក្សគ្រប់ជាន់ថ្នាក់នៅក្នុងខណ្ឌព្រែកព្នៅ និងសមាជិកសមាជិកា ទាំងអស់ដែលបានខិតខំប្រឹងប្រែងធ្វើឲ្យគណបក្សប្រជាជនកម្ពុជា យើងក្នុងខណ្ឌព្រែកព្នៅទទួលបានជ័យជំនះដ៍លើសលប់នាការបោះឆ្នោតឃុំ សង្កាត់ អាណត្តិទី៥នាឆ្នាំ២០២២នេះ។

លោកបន្ថែមថា យ៉ាងណាយើងកុំមោទនភាព និងជ័យជំនះនេះខ្លាំងពេកពេក គឺយើងត្រូវយកចិត្តទុកដាក់ចំពោះការខ្វះខាតរបស់យើងកន្លងមក ហើយត្រូវសាមគ្គីគ្នាឲ្យបានល្អ និងសម្លឹងមើលថា តើយើងត្រូវធ្វើបែបណាក្នុងការរកសម្លេងបន្ថែមទៀត ក្នុងការបោះឆ្នោតសកលនាឆ្នាំ២០២៣ ខាងមុខដើម្បីទទួលបានជ័យជំនះដឹកនាំប្រទេសដោយគណបក្សប្រជាជនកម្ពុជារបស់យើងបន្តទៀត៕

Facebook Comments
Loading...