ប្រធានពន្ធនាគារខេត្តកំពង់ស្ពឺ ត្រូវបានកូនចៅលួចទម្លាយ ថា ប្រើអំណាចផ្តាច់ការដោះដូរមន្ត្រីតាមអំពើចិត្ត បង្កឲ្យមានល្បែងស៊ីសង ផឹកស៊ី នៅក្នុងពន្ធនាគារ តែលោកបដិសេធ

0
491

ខេត្តកំពង់ស្ពឺ ៖ ប្រធានពន្ធនាគារខេត្តកំពង់ស្ពឺ លោក ទីន សុវណ្ណនី ត្រូវបានមន្ត្រីនៅក្នុងពន្ធនាគារ និងអ្នកទោសទម្លាយ  រឿងអាស្រូវមួយចំនួន ក្រោមការដឹកនាំរបស់លោកថា ប្រើអំណាចផ្តាច់ការដោះដូរមន្ត្រីតាមអំពើចិត្ត បង្កឲ្យមានល្បែងស៊ីសង ផឹកស៊ី នៅក្នុងពន្ធនាគារ តែលោកបដិសេធ ថាមិនមែនជាការពិតឡើយ។

បញ្ហានៅ ពន្ធនាគារខេត្តកំពង់ស្ពឺ កន្លងមក ត្រូវបានក្រុមអធិការកិច្ចក្រសួងមហាផ្ទៃចុះមកពិនិត្យ ស្រាវជ្រាវ ម្តងរួចមកហើយ ក្រោយពីកូនចៅថ្នាក់ក្រោម សម្តែងការមិនសប្បាយចិត្តនូវការដឹកនាំប្រធានពន្ធនាគារខេត្តកំពង់ស្ពឺ រូបនោះ។

យោងតាមកាសែត កោះសន្តិសភាព បានផ្សាយនៅថ្ងៃទី៨ខែមិថុនានេះឲ្យដឹងថា ចាប់តាំងពី លោក ទីន សុវណ្ណនី ឡើងកាន់តំណែងជាប្រធានពន្ធនាគារខេត្តកំពង់ស្ពឺ គឺបានប្រើអំណាចផ្តាច់ការដោះដូរមន្ត្រីតាមអំពើចិត្តដកអ្នកពេញសិទ្ធិដាក់មន្ត្រីជាប់កិច្ចសន្យាឱ្យកាន់ការងារកន្លែងដែលគេមានស្រាប់ ជាក់ស្តែងលោក ទីន សុវណ្ណនី បានដោះដូរមន្ត្រីដែលមានតួនាទីមានជំនាញឱ្យដើរទាត់ខ្យល់ យកមន្ត្រីជាប់កិច្ចសន្យាមកបំរើការងារជំនួសដែលគេដឹងថា មន្ត្រីជាប់កិច្ចសន្យាជាប់ខ្សែរស្រឡាយ(សាច់ឈាម)លោក ទីន សុវណ្ណនី ផ្ទាល់តែម្តង ។ មិនត្រឹមតែប៉ុណ្ណោះ តាំងពីលោកប្រធានពន្ធនាគារ បានឡើងកាន់តំណែងមក ភាពអាណាធិបតេយ្យនៅក្នុងពន្ធធនាគា កើតឡើងជាបន្តបន្ទាប់ ទណ្ឌិត និងពិរុទ្ធជនមួយចំនួនត្រូវបានគេមើលឃើញថា ហាក់រាប់អានជិតស្និតជាមួយ លោក ទីន សុវណ្ណនី រហូតអាចចូលរួមតុផឹកស៊ីជាមួយលោកប្រធានពន្ធនាគាររូបនេះ និងមាននាំស្រី ( នារីបម្រើសេវាកំសាន្ត ) ចូលរួមចាក់ស្រាបម្រើសេវាផឹកស៊ីនៅក្នុងពន្ធនាគារយ៉ាងសប្បាយទៀតផង ។ លើសពីនេះទៀតការប្រព្រឹត្តល្បែងស៊ីសងក៏កំពុងតែកើតឡើងពេញបន្ទុកដែរនៅក្នុងពន្ធនាគារខេត្តកំពង់ស្ពឺនេះ ដូចជា បៀរ អាប៉ោង ជាដើម។ល។ ហើយមានអ្នកចងការប្រាក់ឲ្យទណ្ឌិត និងពិរុទ្ធជន ដែលកំពុងជាប់នៅក្នុងពន្ធនាគារ និងមានសេវាផ្សេងៗទៀត ។

ពាក់ព័ន្ធនឹងប្រភពព័ត៌មានដែលបានធ្លាយចេញនេះ លោក ទីន សុវណ្ណនី ប្រធានពន្ធនាគារខេត្តកំពង់ស្ពឺ បានឱ្យដឹងតាមទូរស័ព្ទថា ល្បែងបៀរ អាប៉ោង មិនអាចលេងនៅក្នុងពន្ធនាគារបានទេ លោកបញ្ជាឱ្យចាប់សូម្បីតែមួយសន្លឹកក៏គ្មានផង មួយវិញទៀតរឿងក្រុមពិរុទ្ធជន និងទណ្ឌិត ដែលបានដូរមកពីភ្នំពេញ ហើយថា មានការស៊ីផឹក នាំស្រី (នារីៗសេវា កំសាន្តនោះ) រួមតុជាមួយលោកនោះ មិនមានដូចការចោទប្រកាន់ឡើយ ក្នុងពន្ធនាគារ មិនអាចចេញចូលបានទេ ចំពោះរឿងដកមន្ត្រីមានតួនាទីហើយដាក់មន្ត្រីជាប់កិច្ចសន្យាជំនួសនោះ មិនពិតនោះទេ មានមែនកូន ក្មួយ របស់មន្ត្រីមួយចំនួនជាប់កិច្ចសន្យាបំរើការងារ ត្រៀមប្រឡងចូលក្របខណ្ឌ ។នេះបើយោងតាមការផ្សាយរបស់កសែតកោះសន្តិភាព ។  ដោយឡែកពាក់ព័ន្ធនិងករណីខាងលើនេះដែរ ឯកឧត្តម វ៉ីសំណាង អភិបាលខេត្តកំពង់ស្ពឺ មានប្រសាសន៍ថា ក្នុងនាមលោកជាប្រធានគណបញ្ជាការឯកភាពខេត្តកំពង់ស្ពឺ ប្រសិនបើជំនាញរបស់លោកធ្វើការស្រាវជ្រាវរកឃើញថា នៅក្នុងពន្ធនាគារខេត្តកំពង់ស្ពឺមានប្រព្រឹត្តបែបនេះមែន លោក នឹងចាត់វិធានការដោយមិនលើកលែងឡើយ ។

សូមរំលឹកថា កន្លងមកលោក ទីន សុវណ្ណនី ប្រធានពន្ធនាគារខេត្តកំពង់ស្ពឺត្រូវបានមន្ត្រីថ្នាក់ក្រោមដាក់ពាក្យបណ្តឹងទៅអធិការកិច្ចក្រសួងមហាផ្ទៃពីទង្វើរជាច្រើនដែលលោកប្រធានរូបនេះបានប្រព្រឹត្ត ប៉ុន្តែចាប់តាំងពីមន្ត្រីអធិការកិច្ចក្រសួងចុះអង្កេតរួចមកមិនទាន់ឃើញមានអ្វីប្លែកលើលោក ទីន សុវណ្ណនី នោះទេ៕

Facebook Comments
Loading...