ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅស្នើ ឲ្យរដ្ឋបាលខណ្ឌ ផ្សព្វផ្សាយពីព៌តមាន កម្មវិធីប្រមូល និងបង់ថ្លៃសម្រាមឲ្យបានដល់ប្រជាពលរដ្ឋ ទើបពួកគាត់ចូលរួមបានពេញលេញ

0
7582

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៦ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ អាណត្តិទី៣ ឆ្នាំ២០២២ នាព្រឹកថ្ងៃទី២៧ ខែឧសភានេះ លោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅស្នើឲ្យរដ្ឋបាលខណ្ឌ ផ្សព្វផ្សាយពីព៌តមាន កម្មវិធីប្រមូល និង បង់ថ្លៃសម្រាមឲ្យបានដល់ប្រជាពលរដ្ឋ ទើបពួកគាត់ចូលរួមបានពេញលេញ ព្រោះថាបងប្អូនប្រជាពលរដ្ឋ១ចំនួន មិនទាន់បានបង់ថ្លៃប្រមូលសម្រាមនៅឡើយ ដោយសារតែពួកគាត់ កង្វះខាតក្នុងការទទួលបានព៌តមាន។

លោកប្រធានក្រុមប្រឹក្សាបានបញ្ជាក់ថា សម្រាមគឺជាបញ្ហាដ៏សំខាន់ក្នុងការរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ។ តាមការកត់សម្គាល់ ក្រោយ ពីក្រុមហ៊ុនទាំង៣ទទួលខុសត្រូវក្នុងការប្រមូលសម្រាម នៅរាជធានីភ្នំពេញ យើងសង្កេត ឃើញថា សម្រាមមិនមានការកកស្ទះដូចពេលមុនៗឡើយ គឺមានស្ថានភាពល្អប្រសើរជាង ពេលដែលក្រុមហ៊ុនស៊ិនទ្រីទទួលខុសត្រូវតែម្នាក់ឯង។ តែទោះជាយ៉ាងនេះក្ដី ក៏មាននៅការខ្វះចន្លោះខ្លះដែរ ដោយសារប្រជាពលរដ្ឋមិនទទួលបានព៌តមានច្បាស់លាស់ ពីពេលវេលានៃកម្មវិធីប្រមូលសម្រាម និង មានកន្លែង១ចំនួន រថយន្ដប្រមូលសម្រាមមិនបានចូលទៅដល់ ។ ហើយម្យ៉ាងទៀត បងប្អូនប្រជាពលរដ្ឋ១ចំនួន មិនទាន់បានបង់ថ្លៃប្រមូលសម្រាមនៅឡើយ ដោយសារតែពួកគាត់ កង្វះខាតក្នុងការទទួលបានព៌តមាន។

ដើម្បីធ្វើឲ្យការងារ ទុកដាក់ ប្រមូល និង បង់ថ្លៃសម្រាមដំណើរការទៅដោយរលូន លោក ប្រធានក្រុមប្រឹក្សាខណ្ឌ បានស្នើដល់រដ្ឋបាលខណ្ឌ ពិសេស មន្ដ្រីជំនាញពាក់ព័ន្ធត្រូវធ្វើការផ្សព្វផ្សាយព៌តមានទាំងនោះ ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយមធ្យោបាយរ៉ឺម៉កកង់៣ តាមរយៈឧឃ្ឃោសនៈស័ព្ទ តាមភូមិសង្កាត់និមួយៗឲ្យបានច្រើនលើកច្រើនសារ ហើយកន្លែងណាដែលមិនច្បាស់ ប្រជាពលរដ្ឋអាចសួរទៅកាន់ភ្នាក់ងារ ដែលនៅតាមរ៉ឺមកកង់៣ស្រាប់ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋបានយល់ដឹង និងចូលរួមដោយពេញលេញ។

ក្នុងនោះផងដែរលោក ភោគ សុខឃឿន អនុប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និង សណ្ដាប់ធ្នាប់មានប្រសាសន៍ថា បច្ចុប្បន្ននេះ ក្រុមហ៊ុនស៊ុបពើរ៨០០ ជាអ្នកទទួលខុសត្រូវក្នុងការប្រមូលសំរាមនៅ ក្នុងខណ្ឌព្រែកព្នៅ ដោយ ក្នុង១ខែមានសម្រាម ជាង២០០តោនដែលត្រូវដឹកទីកាន់ទីលានចាក់សម្រាម   តែទោះជាយ៉ាងណា លោកទទួលស្គាល់ថា មានកន្លែងខ្លះរថយន្ដប្រមូលសម្រាមរបស់ក្រុមហ៊ុន មិនបានទៅដល់ឡើយ។ បញ្ហានេះលោក នឹង ជួបតំណាងក្រុមហ៊ុន ពិភាក្សា សិក្សាចំណុចខ្វះខាត ដើម្បីកែលម្អ ឲ្យបានប្រសើរ។ សម្រាប់ការបង់ថ្លៃកម្រៃសេវាប្រមូលសម្រាមវិញ ប្រជាពលរដ្ឋ ត្រូវបង់ជូនរដ្ឋកាស្វ័យត័គ្រប់គ្រងសម្រាមនិងសំណល់រឹង រាជធានីភ្នំពេញ ពុំមានភ្នាក់ងារប្រមូលឬទទួលបា្រក់ដោយផ្ទាល់ឡើយ។បង ប្អូនអាចបង់តាមបញ្ជរធនាគារ ឬភ្នាក់ងារទូទាត់ វីង អ៊ីម៉ាន់នី ទ្រូម៉ាន់នី លីហួរវេលុយជាដើម។បងប្អូនត្រូវបង់តាមតារាងថ្មីចាប់ពីថ្ងៃទី១ខែវិច្ឆិកា ឆ្នាំ២០២១តទៅ។ កាលបរច្ឆេទនៃការបង់គឺ ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១៥ នៃរៀងរាល់ខែបន្ទាប់ ។ករណីមិនអនុវត្តតាមការណែនាំខាងលើ នឹងធ្វើការផាកពិន័យ ទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន ។

ចំណែកលោក ស្រី សក់ សីថា អភិបាលរងខណ្ឌព្រែកព្នៅ តំណាងលោកសុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌ បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ក្នុងការទុកដាក់និងបែងចែកប្រភេទសម្រាម ដោយធ្វើការវេចខ្ចប់ឲ្យបានត្រឹមត្រូវ ទុកដាក់ទៅតាមពេលវេលានិងទីកន្លែង ដើម្បីងាយស្រួល ក្នុងការប្រមូល និងបានស្អាតល្អ ព្រមទាំងចូលរួមបង់ថ្លៃ សេវាប្រមូលសម្រាមឲ្យបានទៀងទាត់ដើម្បីចៀសផុតពីការផាកពិន័យ៕

Facebook Comments
Loading...