ក្រុមភ្ជង់ប្លន់ម៉ូតូពីប្រជាពលរដ្ឋយ៉ាងសកម្មក្នុងរាជធានីភ្នំពេញម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនរួមនិងអាវុធខ្លីចំនួន២ដើម

0
5529

ភ្នំពេញ ៖ ក្រុមភ្ជង់ប្លន់ម៉ូតូពីប្រជាពលរដ្ឋយ៉ាងសកម្មក្នុងរាជធានីភ្នំពេញម្នាក់ ត្រូវបានកម្លាំងនគរបាលអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវចាប់ខ្លួន និងដកហូតបានអាវុធខ្លី២ដើម រួមទាំងវត្ថុតាងមួយចំនួន កាលពីវេលាម៉ោង១៩និង៣០នាទី នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ នៅចំណុចផ្ទះបិទស្កុតម៉ូតូ ផ្លូវ៣០ម៉ែត ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ លី បូរិទ្ធ ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ៣៧MC ក្រុមទី៤ ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ។យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានបញ្ចាក់ថា ជនសង្ស័យធ្លាប់ធ្វើសកម្មភាពចំនួន៣លើក ដោយលើកទី១ នៅវេលាម៉ោង០០និង៤៥នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នៅចំណុចមុខផ្ទះលេខ៣៥B ផ្លូវ៤១៨ ភូមិ៤ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន ប្លន់ម៉ូតូម៉ាកស្កូបពី ពណ៌ស សេរី២០២២ មិនបានសម្រេច ដោយបាញ់ជនរងគ្រោះចំនួនពីរគ្រាប់តែមិនត្រូវ។ លើកទី២ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង២២និង១០នាទី នៅចំណុចមុខផ្ទះលេខ២០B ផ្លូវ២៨៨ ក្រុម៤២ ភូមិ៥ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ភ្ជង់យកម៉ូតូម៉ាក សេ១២៥ ពណ៌ខ្មៅ សេរី២០១៦ ផ្លាកលេខ១DH៤៥០២ និងធុងដឹកជញ្ជូនម៉ាក EGETS ពណ៌ទឹកក្រូច។ និងលើកទី៣ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង០៥និង៤៥នាទី នៅចំណុចភូមិដំណាក់ធំ សង្កាត់ស្ទឺងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ភ្ជង់ប្លន់យកម៉ូតូម៉ាកប៊ឹត ពណ៌ក្រហម ផ្លាកលេខHZ០៥៣៣ ទើបឃាត់ខ្លួនជនសង្ស័យបាន។របាយការណ៍បានបញ្ជាក់ថា ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានរកឃើញនិងដកហូតអាវុធខ្លី ចំនួន០២ដើម ម៉ាក់ k៥៤ មានគ្រាប់ចំនួន១៤គ្រាប់, អាយកូម ចំនួន ២, ម៉ូតូ ចំនួន២គ្រឿង ម៉ាក់អាយខុន ពណ៌សត្រួយចេក ពាក់ផ្លាកលេខ AR ៩៥៨៩ នឹង អិចស៊ិចទ័រ ពណ៌ខ្មៅ ពាក់ផ្លាកលេខ AV៨៨៨៨។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

Facebook Comments
Loading...