សម្ដេចតេជោ ហ៊ុន សែន សម្រេចលើកលែងកាតព្វកិច្ចពាក់ម៉ាសនៅទូទាំប្រទេស ចំពោះទីកន្លែងសាធារណៈ និងទីកន្លែងចំហនានា

0
5676

ភ្នំពេញ ៖ រាជរដ្ឋាភិបាល បានសម្រេចលើកលែងកាតព្វកិច្ចពាក់ម៉ាសនៅទូទាំប្រទេស ចំពោះទីកន្លែងសាធារណៈ និងទីកន្លែងចំហនានា ហើយទុកឲ្យប្រជាជនទាំងអស់ ជាអ្នកសម្រេចថាតើ គួរពាក់ម៉ាស ឬមិនពាក់ម៉ាស។ ចំពោះទីកន្លែងមួយចំនួនផ្សេងទៀត គឺរាជរដ្ឋាភិបាល នៅតែបន្តលើកទឹកចិត្តឲ្យមានការពាក់ម៉ាស ក៏ប៉ុន្តែមិនមែនជាកាតព្វកិច្ច ដែលត្រូវតែពាក់នោះទេ។

យោងតាមសារជាសំឡេងពិសេស របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី ២៦ ខែមេសានេះ បានឲ្យដឹងថា បន្ទាប់ពីមានការដឹកនាំកិច្ចប្រជុំពីសំណាក់លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានគណៈកម្មការប្រចាំការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងមន្ត្រីពាក់ព័ន្ធនានារួចមក គឺរាជរដ្ឋាភិបាល បានលើកលែងកាតព្វកិច្ចពាក់ម៉ាសនៅទូទាំងប្រទេស ចំពោះទីកន្លែងសាធារណៈ និងទីកន្លែងចំហនានា ក្រៅតែពីកន្លែងបិទជិត​ដោយទុកឲ្យប្រជាជនទាំងអស់ ​ធ្វើការសម្រេចចិត្តដោយខ្លួនឯងថា ពាក់ម៉ាស ឬមិនពាក់ម៉ាស។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា «ដូច្នេះមានន័យថា ចាប់ពីម៉ោង ដែលបងប្អូនទទួលបាននូវសារសំឡេងនេះ បងប្អូនអាចជ្រើសរើសដោយខ្លួនឯង បន្តពាក់ម៉ាសតទៅទៀត ឬក៏ឈប់ពាក់ម៉ាស នៅកន្លែងដែលចំហក្រៅពីកន្លែងដែលមានការបិទជិត អត្ថន័យនៃកន្លែង ដែលមានការបិទជិត ដែលខ្ញុំព្រះករុណាខ្ញុំ ចង់និយាយ គឺសំដៅទៅលើបន្ទប់នៃការប្រជុំ ដែលមានការបិទជិត ហើយប្រើម៉ាស៊ីនត្រជាក់ ឬក៏នៅក្នុងរោងភាពយន្ត ដែលមានមនុស្សនៅទីនោះ ហើយដែលមានការបិទជិត ប្រើដោយម៉ាស៊ីនត្រជាក់»។

សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងបន្ថែមថា សម្រាប់ក្នុងករណីទីកន្លែងមានលំហ ដូចជាការនៅក្នុងបន្ទប់អគារដដែល តែមានលំហនៅខាងក្រៅ អាចដោះម៉ាសចេញបាន។ ម្យ៉ាងទៀត នៅតាមផ្លូវសាធារណៈ នៅតាមសួនច្បារ នៅតាមកន្លែងកម្សាន្ដផ្សេងៗ ដែលមិនមានការបិទជិតនោះទេ ប្រជាជនអាចសម្រេចដោយខ្លួនឯងថា ពាក់ម៉ាស ឬមិនពាក់ម៉ាស។

ចំពោះទីកន្លែងមួយចំនួនផ្សេងទៀត គឺរាជរដ្ឋាភិបាល នៅតែបន្តលើកទឹកចិត្តឲ្យមានការពាក់ម៉ាស ក៏ប៉ុន្តែមិនមែនជាកាតព្វកិច្ច ដែលត្រូវតែពាក់នោះទេ។ ប៉ុន្តែរាជរដ្ឋាភិបាល ក៏នៅតែយកចិត្តទុកដាក់លើកទឹកចិត្តឲ្យមានការពាក់ម៉ាស នៅកន្លែងដែលមានមនុស្សកកកុញ ឬប្រមូលផ្ដុំ និងទីកន្លែងដែលមានការសង្ស័យថា អាចមានករណីកូវីដ-១៩ នៅទីនោះ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា «ដូច្នេះជម្រើសនេះ គឺជាជម្រើសដែលល្អបំផុតសម្រាប់ចូលរួមចំណែក ជាមួយនឹងបងប្អូនជនរួមជាតិ បន្ទាប់ពីយើងបានចាក់វ៉ាក់សាំងពេញលេញ រួចមកហើយ ហើយជាមួយនេះ ខ្ញុំព្រះករុណាខ្ញុំ ក៏សុំទូលប្រគេនថា ចំណុចទីកន្លែងដែលធ្លាប់បានអនុវត្ត​ទៅតាមស្ដង់ដារ ដែលរៀបចំដោយក្រសួងដូចជា ភោជនីយដ្ឋាន ឬក៏ទីកន្លែងមួយចំនួន ដែលមានការបិទជិតក៏ត្រូវអនុវត្តទៅតាមនោះ និងទៅតាមការជាក់ស្ដែង នៅទីកន្លែងនីមួយៗ ដោយមិនស្លាប់ក្រឡានោះទេ»។

ជាមួយគ្នានេះ​សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា ប្រជាពលរដ្ឋអាចរំដោះខ្លួនចេញពីការលំបាក ការចំណាយ ដោយរាជរដ្ឋាភិបាលបានយកវ៉ាក់សាំងមកជំនួស ដោយការពាក់ម៉ាស។ ប៉ុន្តែដើម្បីធានានូវភាពរឹងមាំ សម្រាប់ការបន្តនិរន្តភាពនៃការមិនពាក់ម៉ាស ហើយនិងមិនមានជំងឺឆ្លងបន្តទៀត សម្ដេចអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវទៅទទួលវ៉ាក់សាំងដូសទី ៣ ដែលត្រូវបានចាត់ទុកថា ជាដូសអប្បបរមាកម្រិតទាបបំផុតនៅក្នុងប្រទេសកម្ពុជា៕

Facebook Comments
Loading...