បរទេស ៖ ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ជាលើកដំបូងថា នាវិកនៃនាវាផ្ទុកមីស៊ីល Moskva បានស្លាប់និងរងរបួស នៅពេលនាវាលិចកាលពីសប្តាហ៍មុន។ ដែលក្រសួងបាននិយាយថា “ទាហានម្នាក់ត្រូវបានសម្លាប់ ខណៈសមាជិកនាវិកចំនួន២៧ នាក់ផ្សេងទៀតបានបាត់ខ្លួន”។ ហើយ“សមាជិកដែលនៅសល់៣៩៦នាក់ ត្រូវបានជម្លៀសចេញ”។ ក្រោយពេលមានការឆេះពីការផ្ទុះគ្រាប់រំសេវ នាវាក៏បាត់បង់ការគ្រប់គ្រង។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៥ខែមេសា ប្រទេសអ៊ុយក្រែន បានឲ្យដឹងថា ខ្លួនបានបើកការវាយប្រហារលើនាវាចម្បាំង Moskva ប៉ុន្តែរុស្ស៊ីអះអាងថា គ្រាប់រំសេវនៅលើនាវាបានផ្ទុះ។ នាវាចម្បាំង Moskva ត្រូវបានគេរាយការណ៍ថា កំពុងសណ្តោងទៅតំបន់ គ្រីមៀរ ដើម្បីជួសជុលនៅពេលនាវាលិចចូលទៅក្នុងសមុទ្រខ្មៅ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ យោធារុស្ស៊ីនិយាយថា “ក្នុងអំឡុងពេលអូសនាវា Moskva ទៅកាន់កំពង់ផែគោលដៅ, ដោយសារតែការខូចខាតដល់តួនាវា ក្រោយពេលមានការឆេះពីការផ្ទុះគ្រាប់រំសេវ នាវាក៏បាត់បង់ការគ្រប់គ្រង”។ ថ្វីបើមូលហេតុពិតប្រាកដនៅមិនទាន់ត្រូវបានគេដឹងក៏ដោយ ប៉ុន្តែរុស្ស៊ីបញ្ជាក់ថា នៅក្នុងលក្ខខណ្ឌទឹកសមុទ្រមានរលកធំៗ នាវាក៏បានលិចតែម្តង។
ការលិចនេះកើតឡើង បន្ទាប់ពីអ៊ុយក្រែន រាយការណ៍ថា ខ្លួនបានបាញ់មីស៊ីល Neptune ដាក់នាវា Moskva ហើយបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ៕