សិស្សនិស្សិត ប្រជាពលរដ្ឋខ្មែរនៅជប៉ុន ច្រើនកុះករនាំគ្នាមកទទួលស្វាគមន៍យ៉ាងកក់ក្តៅ វត្តមានអញ្ជើញដល់ប្រទេសជប៉ុន របស់សម្តេចតេជោ ហ៊ុន សែន និងប្រតិភូកម្ពុជា

0
3315

សហគមន៍ប្រជាជនខ្មែររស់នៅប្រទេសជប៉ុនយ៉ាងច្រើនកុះករបាននាំគ្នាមករង់ចាំទទួលវត្តមានអញ្ជើញដល់របស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃសុក្រនេះ ប្រកបដោយក្តីសោមនស្សរីករាយ និងរំភើបក្រែលែង ខណៈដែលសម្តេចតេជោ នឹងអញ្ជើញធ្វើទស្សនកិច្ចរយៈពេល២ថ្ងៃ នៅក្នុងប្រទេសជប៉ុន។

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីជប៉ុន និងគណៈកម្មាធិការប្រតិបត្តិចម្រុះនៃកិច្ចប្រជុំកំពូលលើកទី៤ ស្តីពីបញ្ហាទឹកនៅតំបន់អាស៊ីប៉ាស៊ីហ្វិក សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនេះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣-២៤ ខែមេសា ឆ្នាំ២០២២នេះ នៅទីក្រុង ខឹម៉ាមូតុ ប្រទេសជប៉ុន។

កិច្ចប្រជុំកំពូលនេះ ផ្តោតលើមូលបទសំខាន់ «ទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៖ ឧត្តមានុវត្តន៍ និងអ្នកបន្តវេនជំនាន់ក្រោយ» ហើយក្នុងឱកាសនៃការចូលរួមនោះ សម្តេចតេជោ នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ដោយនឹងរំលេចពីសារៈសំខាន់នៃទឹក និងបញ្ហាពាក់ព័ន្ធនានា ដើម្បីគ្រប់គ្រងធនធានដ៏ចាំបាច់នេះ ប្រកបដោយចីរភាព ជាពិសេសក្នុងបរិបទនៃប្រទេសកម្ពុជា ដែលប្រជាជនទូទាំងប្រទេសត្រូវពឹងផ្អែកយ៉ាងធំធេងលើធនធានទឹកដ៏មានតម្លៃនៃដងទន្លេមេគង្គ។

លើសពីនោះផងងដែរ ដំណើរទស្សនកិច្ចនេះក៏នឹងផ្តល់អត្ថប្រយោជន៍សម្រាប់កម្ពុជា និងតំបន់ដូចជា ចូលរួមចំណែកគ្រប់គ្រង ប្រេីប្រាស់ទឹកដ៏ចាំបាច់ប្រកបដោយចីរភាព និង សម្រាប់ការអភិវឌ្ឍន៍យូរអង្វែង សម្រាប់កូនចៅជំនាន់ក្រោយ និងធ្វេីឱ្យចំណងទំនាក់ទំនងសាមគ្គីភាព មិត្តភាព សហប្រតិបត្តិការរវាងកម្ពុជា ជាមួយជប៉ុន និងរវាងកម្ពុជា ជាមួយបណ្តាប្រទេសស្ថិតនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក កាន់តែមានភាពល្អប្រសើរ ដែលនាំឱ្យកិត្តិនាម និងកេរ្តិ៍ឈ្មោះរបស់កម្ពុជាកាន់តែល្បីរន្ទឺនៅលើឆាកអន្តរជាតិ។

ក្នុងឱកាសនោះដែរ សម្តេចតេជោ រួមនឹងនាយករដ្ឋមន្ត្រីជប៉ុន ក៏នឹងមានកិច្ចប្រជុំទ្វេភាគី ព្រមទាំងផ្តល់កិត្តិយសធ្វើជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់លើកិច្ចសហប្រតិបត្តិការរវាងក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា រួមជាមួយនឹងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុនផងដែរ។

ក្រៅពីនោះទៀត សម្តេចតេជោក៏រំពឹងនឹងជួបពិភាក្សាការងារជាមួយឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ និងឥស្សរជននយោបាយ និងធុរជនជប៉ុនមួយចំនួនផងដែរ។

ជាការគោរពស្រឡាញ់ និងបង្ហាញពីការស្វាគមន៍ចំពោះវត្តមានដ៏ខ្ពង់ខ្ពង់របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី មកដល់ប្រទេសជប៉ុន គេឃើញថាមានប្រជាពលរដ្ឋកម្ពុជា ទាំងមន្ត្រីរាជការ សិស្ស និស្សិត កម្មសិក្សាការី និងពលរដ្ឋខ្មែរនៅជប៉ុនយ៉ាងច្រើនកុះករជាង ១០០នាក់។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសំដែងនូវសេចក្តីសប្បាយរីករាយដោយបានជួបដោយផ្ទាល់ ជាមួយបងប្អូនកូនក្មួយ ចៅៗ ដែលនេះបង្ហាញឱ្យឃើញពីការគោរពស្រឡាញ់រវាងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខ្លួន ដែលកំពុងឃ្លាតឆ្ងាយពីមាតុភូមិ ដើម្បីបំពេញការសិក្សា និងរបរទទួលទាននៅក្នុងទឹកដីប្រទេសជប៉ុននេះ។

សូមបញ្ជាក់ថា តាមតួលេខរបស់ក្រសួងការបរទេសកម្ពុជា មានពលរដ្ឋកម្ពុជារស់នៅ និងប្រកបរបរអាជីវកម្មនានាក្នុងប្រទេសជប៉ុនចំនួន ៥២០៣នាក់ គិតត្រឹមខែមិថុនា ឆ្នាំ២០២០ ខណៈចំនួនសិស្សនិស្សិតកម្ពុជានៅកំពុងបន្តការសិក្សាក្នុងប្រទេសជប៉ុនមាន ៦៩៣នាក់។

Facebook Comments
Loading...