ពេលនេះដឹងការពិតដាច់ផ្ញារតូង ស្លាកដាក់មុខផ្ទះ (ហាមប៉ូលិសចរាចរណ៍ជាន់ដីខ្ញុំ) គឺប្រជាពលរដ្ឋចង់ឲ្យប៉ូលីសធ្វើរឿងនេះ

0
4116

បាត់ដំបង ៖ ក្រោយពីមានអ្នកនិយមប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមបានចែករំលែកនូវខ្លឹមសារ ជាឃ្លីបវីដេអូ និងខ្លឹមសារជារូបភាព ដែលវាយដោយកុំព្យូទ័រ ដាក់នៅខាងមុខផ្ទះផ្អើលពេញបណ្តាញសង្គមកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ កន្លងដែលមានខ្លឹមសារថា (ហាមប៉ូលិសចរាចរណ៍ជាន់ដីខ្ញុំ) រួមទាំងមានលេខទូរស័ព្ទទុកឱ្យធ្វើការទំនាក់ទំនងផង ពេលនេះដឹងការពិតហើយ គឺគាត់អ្នកសសេរ ជាសមាជិកក្រុមប្រឹក្សាសង្កាត់រតនៈ ក្រុងបាត់ដំបង មានបំណង ចង់ឱ្យសមត្ថកិច្ចនគរបាលកោះអញ្ជើញរូបគាត់មកធ្វើការសាកសួរអំពីមូលហេតុដែលគាត់បានសរសេរ។

យោងតាម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថាក្រោយពី ពេលឃើញរូបភាព និងខ្លឹមសារដូច្នេះ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចាត់តាំងឱ្យផែនការងារនគរបាលសណ្តាប់ធ្នាប់រួមគ្នាជាមួយក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ធ្វើការស្រាវជ្រាវជាបន្ទាន់ចំពោះខ្លឹមសារនេះ។ ហើយនៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៥ និង០០នាទី បា​ន​រកឃើញ បុរសម្នាក់ដែលអះអាងថា រូបគាត់ជាអ្នកសរសេរខ្លឹមសារខាងលើដាក់នៅមុខផ្ទះនោះគឺមានឈ្មោះ សេង ហឺ អាយុ ៧២ឆ្នាំរស់នៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានភារកិច្ចជាសមាជិកក្រុមប្រឹក្សាសង្កាត់រតនៈ ក្រុងបាត់ដំបង។

នៅពេលធ្វើការសាកសួរអំពីមូលហេតុដែលរូបគាត់បានសរសេរខ្លឹមសារបែបនេះ លោក សេង ហឺ បានរៀបរាប់ យ៉ាងដូច្នេះថា ៖ គាត់សរសេរខ្លឹមសារបែបនេះ និងដាក់លេខទូរស័ព្ទគាត់នៅទីនោះផង គឺដើម្បីចង់ឱ្យសមត្ថកិច្ចនគរបាលកោះអញ្ជើញរូបគាត់មកធ្វើការសាកសួរអំពីមូលហេតុដែលគាត់បានសរសេរ។ គាត់ថា រូបគាត់សរសេរនេះមិនមានបំណងអាក្រក់ណាមួយចំពោះមន្រ្តីនគរបាលចរាចរណ៍ទេ តែគាត់ចង់មាន សំណូមពរដូចខាងក្រោម ៖ ១-សូមឱ្យអាជ្ញាធរ ឬសមត្ថកិច្ចពាក់ព័ន្ធ អនុញ្ញាតឱ្យមានការធ្វើចរាចរណ៍ទៅ មកនៅលើស្ពានខាងមុខសាលាខេត្តបាត់ដំបង ជាធម្មតា ព្រោះសព្វថ្ងៃស្ពានទាំងពីរនោះ អនុញ្ញាតឱ្យធ្វើដំណើរជាផ្លូវ(ឯកទិស)។ ២-សូមឱ្យសមត្ថកិច្ចនគរបាលចរាចរណ៍ដែលបំពេញភារកិច្ចលើដងផ្លូវ ដែលជួបទំនាក់ទំនងជាមួយមហាជនទូទៅ សូមបំពេញភារកិច្ចប្រកបដោយក្រមសីលធម៌ អាកប្បកិរិយាល្អ ពាក្យសំដីរស់រាយរាក់ទាក់ និងសុំឱ្យអនុគ្រោះ លើកលែងចំពោះអ្នកប្រព្រឹត្តល្មើសនឹងច្បាប់ចរាចរណ៍តែមិន មានប្រាក់បង់សម្រាប់ការផាកពិន័យ។ ៣-សូមឱ្យប្រជាពលរដ្ឋទាំងអស់ដែលប្រើប្រាស់ផ្លូវ សូមមេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានត្រឹមត្រូវទាំងអស់គ្នា ចៀសវាងនូវកំហុសឆ្គងដែលនាំទៅដល់ការផាកពិន័យ ព្រោះបើអ្នកប្រើប្រាស់ផ្លូវទាំងអស់គោរពច្បាប់ដោយត្រឹមត្រូវ ហើយនោះពិតជាមិនមានកំហុសនោះទេ ហើយបើមិនមានកំហុស សមត្ថកិច្ចនគរបាលក៏មិនអាចធ្វើការផាកពិន័យបានដែរ។ ពេលសមត្ថកិច្ចបានជួបធ្វើការសាកសួររូបគាត់បានធ្វើការបំភ្លឺ និងលើកនូវសំណូមពរដូចខ្លឹមសារខាងលើរួចហើយរូបគាត់ សេង ហឺ បានដកចេញនូវស្លាកអក្សរដែលបានសរសេរនោះវិញ ហើយលុបចោលនូវខ្លឹមសារឃ្លីប វីដេអូ ដែលក្រុមគ្រួសារគាត់បានផ្សព្វផ្សាយតាមបណ្តាញសង្គម។

សូមជម្រាបជូនពីពេលមុនរហូតមកដល់ពេលបច្ចុប្បន្ននេះ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង តែងតែរំលឹកដាស់តឿនជាប់ជាប្រចាំ ចំពោះមន្រ្តីនគរបាលទាំងអស់ ដែលបំពេញភារកិច្ច ហើយមានទំនាក់ទំនងជាមួយប្រជាពលរដ្ឋ ក៏ដូចមហាជនទូទៅ សូមរក្សាឱ្យបាននូវពាក្យសំដី អាកប្បកិរិយា សីលធម៌ឱ្យបានល្អ សក្តិសមជាមន្រ្តីអនុវត្តច្បាប់ អនុវត្តនូវជំនាញ វិជ្ជាជីវៈនគរបាលជាតិ ធ្វើយ៉ាងណាកុំឱ្យបង្កនូវគុណវិបត្តិដល់មហាជន ក៏ប៉ុន្តែទោះបីជាថ្នាក់ដឹកនាំលោកជម្រុញដឹកនាំ រំលឹកជាប្រចាំយ៉ាងណាក្តីយូរៗម្តងបានកត់សម្គាល់ឃើញថា នៅមានបញ្ហាអសកម្មដែលលេចឡើងពីមហាជន ដោយសារមន្រ្តីនគរបាលមួយចំនួនតូចអនុវត្តមិនទាន់បានល្អប្រសើរនៅឡើយ ដែលបញ្ហានេះថ្នាក់ដឹកនាំនៅតែបន្តខិតខំ អប់រំណែនាំបន្ថែមទៀត ឬករណីដែលមិនមានការកែប្រែនោះ ថ្នាក់ដឹកនាំនឹងចាត់វិធានការ ស្របតាមវិន័យរបស់កងកម្លាំងនគរបាលជាតិ ចំពោះមន្រ្តីនគរបាលរូបនោះ៕

Facebook Comments
Loading...