ភ្នំពេញ ៖ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៤ របស់ក្រុមប្រឹក្សាខណ្ឌទួលគោក នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ នៅសាលាខណ្ឌទួលគោក ក្រោមវត្តមានលោក ម៉ែន សិរី ប្រធានក្រុមប្រឹក្សាខណ្ឌ ,សមាជិកក្រុមប្រឹក្សានិងមានការចូលរួមពីមន្ត្រីក្រោមឱវាទជាច្រើនរូបទៀត លោក ជា ពិសី អភិបាល នៃគណះអភិបាល ខណ្ឌទួលគោក បានណែនាំអោយកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរខណ្ឌសង្កាត់ទាំងអស់ត្រូវលាងដៃអោយស្អាតជាមួយល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួន ព្រោះថាល្បែងស៊ីសងនេះហើយជាដើមចមបង្កអោយមានបទល្មើសជាច្រើននៅក្នុងសង្គម។
លោក ជា ពិសី បានមានប្រសាសន៍លើកឡើងថា លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ធ្លាប់បានមានប្រសាសន៍លើកឡើងជាច្រើនលើករួចមកហើយថា សម្រាប់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរត្រូវតែលាងដៃអោយស្អាតជាមួយល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួន ព្រោះថាល្បែងស៊ីសងនេះហើយជាដើមចមនៃបទល្មើសជាច្រើនដូចជា អំពើហឹង្សាក្នុងគ្រួសារ អំពើចោរកម្មជាដើម។ ដូច្នេះ ក្នុងនាមអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ត្រូវតែបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទអោយអស់ពីក្នុងមូលដ្ឋានរបស់ខ្លួនដើម្បីទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋ។
ពាក់ព័ន្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលនឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ លោក ជា ពិសី បានលើកឡើងថា ដើម្បីញ៉ាំងអោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ព្រះនាម កិរិណីទេវី ប្រព្រឹត្តទៅមហោឡារិកអធិកអធម ផ្តល់ភាពសប្បាយរីករាយ រក្សាបាន នូវប្រពៃណីទំនៀមទម្លាប់ដ៏ថ្លៃថ្លា និងល្អប្រសើររបស់ជាតិ ស្របតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩ និងធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម នៅក្នុងភូមិសាស្ត្ររដ្ឋបាលខណ្ឌទួលគោក អាជ្ញាធរ សង្កាត់ទាំង១០ផ្សារទាំង៤ វត្តអារាម សាលារៀន រោងចក្រ សហគ្រាស ត្រូវរៀបចំតាំងព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត។ តុបតែងលម្អកំណាត់បូ បំភ្លឺភ្លើងពណ៌ ដុតគោមបំភ្លឺ ចងបដាពាក្យស្លោក ទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ។ ត្រូវណែនាំដល់ ប្រជាពលរដ្ឋឱ្យដោតទង់ជាតិនៅគ្រប់លំនៅឋាន ត្រៀមរៀបចំគ្រឿងសក្ការៈបូជា មានផ្កាភ្ញី ទៀន និងធូបជាដើម សម្រាប់ថ្វាយព្រះរតនៈត្រ័យ និងរៀបចំពលីការដ៏សមរម្យ មាននំចំណី ផ្លែឈើជាអាទិ៍ ដើម្បីទទួល ទេវតាឆ្នាំថ្មី ព្រះនាម កិរិណីទេវី។ ត្រូវយកចិត្តទុកដាក់ក្នុងការថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាព តាមមូលដ្ឋានរបស់ខ្លួន និងណែនាំប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ លើការអុជទៀន ធូប ការប្រើប្រាស់ភ្លើងចង្កៀង ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាចនាំឱ្យមានគ្រោះអគ្គិភ័យណាមួយ កើតឡើងជាយថាហេតុ។ ហាមឃាត់ និងទប់ស្កាត់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ការលេងកាំភ្លើងបាញ់ទឹក ការជះទឹកមានពណ៍ ទឹកកខ្វក់ គប់ស្បោងទឹក លាបធ្យូង ឬ ប៉ាតម្សៅ ។ហាមឃាត់ និងទប់ស្កាត់ការនាំចូល ចែកចាយ ទិញលក់កាំភ្លើងបាញ់ទឹក ផាវ និងគ្រឿងផ្ទុះគ្រប់ប្រភេទ ដែលបង្កឱ្យមានការភ្ញាក់ផ្អើល អសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពដល់ប្រជាពលរដ្ឋ និងអ្នកដំណើរគ្រប់ប្រភេទ។ ត្រូវសហការជាមួយមន្ទីរបរិស្ថាន មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងក្រុមហ៊ុន ប្រមូល សម្អាត និងដឹកជញ្ជូនសំរាម ដើម្បីបោសសម្អាត ប្រមូល និងដឹកជញ្ជូន សំរាមចេញពីរាជធានីភ្នំពេញ ឱ្យទាន់ពេលវេលា ដើម្បីធានាបាននូវបរិស្ថាន និងអនាម័យស្អាត។ ត្រូវចាត់តាំងឱ្យមានក្រុមវេនយាមប្រចាំការ ២៤ម៉ោង នៅតាមអង្គភាពរៀងៗខ្លួន ដើម្បីត្រៀម ដោះស្រាយរាល់ការងារដែលចាំបាច់ជូនប្រជាពលរដ្ឋ ក្នុងករណីមានហានិភ័យ ឬគ្រោះថ្នាក់ណាមួយកើតឡើង ជាយថាហេតុ ៕