សម្ដេចតេជោ ហ៊ុន សែន ! សកម្មភាពឈ្លានពានប្រទេសមួយ ទៅប្រទេសមួយ កម្ពុជាមិនអាចទទួលយកបាន ហើយក៏មិនអាចអព្យាក្រឹត្យបានដែរ

0
4135

ភ្នំពេញ ៖ មានប្រសាសន៍ក្នុងពិធីសម្ពោធដាក់ដំណើរការ អគារជំងឺត្រចៀក ច្រមុះ បំពង់កមិត្តភាពកម្ពុជា-កូរ៉េ ក្នុងមន្ទីរពេទ្យព្រះអង្គឌួង នាព្រឹកថ្ងៃទី ២៨ ខែមីនានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា មិនថាតែប្រទេសរុស្ស៊ីនោះទេ ប្រទេសណាក៏ដោយ ឲ្យតែឈ្លានពានប្រទេសមួយទៀត គឺប្រទេសកម្ពុជាប្រឆាំងជានិច្ច សកម្មភាពឈ្លានពានបែបនេះ កម្ពុជាមិនអាចទទួលយកបាន ហើយក៏មិនអាចអព្យាក្រឹត្យបានដែរ។

សម្ដេចតេជោ ហ៊ុន សែន​ បញ្ជាក់ថាគឺប្រទេសកម្ពុជា បានបោះឆ្នោតចំនួនពីរលើក ហើយមិនមែនជាការបោះឆ្នោត ក៏ប៉ុន្តែប្រទេសកម្ពុជា ថែមទាំងឈរជាឋានៈCo-Spon​sor ឬក៏សហស្ថាបនិកនៃសេចក្ដីសម្រេចចិត្ត នៃមហាសន្និបាតអង្គការសហប្រជាជាតិ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងដែរថា បុគ្គលដែលមានសិទ្ធិនិយាយជាផ្លូវការបាន សម្រា​ប់នយោបាយការបរទេស តំណាងឲ្យប្រទេសកម្ពុជា គឺក្រៅពីព្រះមហាក្សត្រ មាននាយករដ្ឋមន្ត្រី និងក្រសួងការបរទេស ដោយមិនអាចយកអ្នកណាផ្សេង មកធ្វើអត្ថាធិប្បាយគោលជំហរជំនួយសបានទេ។

បើតាមសម្ដេចតេជោ ហ៊ុន សែន កាលពីពេលថ្មីៗនេះ មានការលើកឡើងថា កម្ពុជាបោះឆ្នោតប្រឆាំងរុស្ស៊ី មានហេតុផលចំនួន៤ គឺទី១. កម្ពុជាមិនទាន់មាននាវាមុជទឹក, ទី២. កម្ពុជាមិនទាន់មានយន្ដហោះម៉ិច សម្រាប់ទម្លាក់គ្រាប់បែក, ទី៣. កម្ពុជាមិនទាន់មានកាតព្វកិច្ចយោធា, ទី៤. កងទ័ពកម្ពុជាសម្បូរទៅដោយឧត្ដមសេនីយ៍ ដែលក្បាលពោះធំជាដើម។ ត្រង់ចំណុចនេះ ពួកគេចង់សំដៅថា បើប្រសិនកម្ពុជាមានអាវុធទំនើប កម្ពុជានឹងបោះឆ្នោតគាំទ្ររុស្ស៊ី។

ប៉ុន្តែសម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា »ខ្ញុំសូមបញ្ជាក់កម្ពុជាប្រកាន់ជំហរជាគោលការណ៍ មិនថាតែរុស្ស៊ីទេ ប្រទេសណាក៏ដោយដែលឈ្លានពានប្រទេសមួយទៀត កម្ពុជាប្រឆាំងជានិច្ចៗ»។ ជាមួយគ្នានេះសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងបន្ថែមថា ប្រទេសរុស្ស៊ី ជាមិត្តរបស់កម្ពុជា ដែលធ្លាប់ជួយ និងមានទំនាក់ទំនងល្អជាមួយប្រទេសកម្ពុជា តាំងពីទស្សវ​ត្សរ៍ ៥០ រហូតមក។ ក៏ប៉ុន្តែរុស្ស៊ី បានឈ្លានពានអ៊ុយក្រែន ដែលមិនមែនគ្រាន់តែជាការជួយត្រឹមតែសាធារណរដ្ឋ ដូណេត និងឡូហាន់ តែបានវាយចូលដល់ទីក្រុងថែមទៀត។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា សកម្មភាពឈ្លានពានបែបនេះ កម្ពុជាមិនអាចទទួលយកបាន ហើយក៏មិនអាចអព្យាក្រឹត្យបានដែរ។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា «ថ្ងៃក្រោយ បើសិនជាប្រទេសណាមួយ ធ្វើឥរិយាបថបែបនេះមកលើកម្ពុជា តើកម្ពុជាត្រូវទៅពឹងពាក់អ្នកណា យើងអនុវត្តនូវនយោបាយការបរទេស ផ្អែកលើច្បាប់ៗ ផ្អែកលើកធម្មនុញ្ញអង្គការសហប្រជាជាតិ យើងមិនមែនអនុវត្តនយោបាយ ការបរទេសផ្អែកទៅលើកម្លាំងនោះទេ»៕

Facebook Comments
Loading...