ភ្នំពេញ ៖ ក្នុងការប្រជុំគ្នានៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃនេះ ជួបក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានស្នើឱ្យភាគីក្រុមហ៊ុន និងអតីតបុគ្គលិកណាហ្គាវើលដ៍ មានការយោគយល់គ្នាខ្ពស់ក្នុងការចូលរួមដោះស្រាយបញ្ចប់វិវាទ ការងារនេះនិងបន្តសហការជិតស្និទ្ធជាមួយអាជ្ញាធរមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធដោយសន្តិវិធី។
គួរបញ្ជាក់ថា កាលពីរសៀល ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ភាគីទាំងពីរ បានជួបប្រជុំដោះស្រាយវិវាទការងារនេះតែនៅមិនទាន់មានដំណោះស្រាយនៅឡើយ។ នៅក្នុងកិច្ចប្រជុំនោះតំណាងភាគីកម្មករនិយោជិតបានទាមទារឱ្យទម្លាក់ចោលនូវបទចោទចំពោះកម្មករនិយោជិត ដែលបាននៅក្រៅឃុំបណ្តោះអាសន្នទាំង ១៥នាក់ព្រមទាំងទាមទារឱ្យពិចារណាចំពោះកម្មករនិយោជិតដែលចង់ចូលធ្វើការវិញ និងពិនិត្យការទូទាត់សំណងឱ្យបានត្រឹមត្រូវតាមច្បាប់។
ចំណែកតំណាងក្រុមហ៊ុន ណាហ្គាវើលដ៍ក៏បានសម្តែងនូវការសោកស្តាយ ដែលភាគីតំណាងកម្មករនិយោជិតដែលបានសន្យាថា នឹងមិនធ្វើការប្រមូលផ្តុំ តវ៉ាបន្តទៀត ដើម្បីទុកលទ្ធភាពនិងបង្កបរិយាកាសល្អសម្រាប់កិច្ចប្រជុំ ប៉ុន្តែភាគីតំណាងកម្មករនិយោជិតមិនបានគោរពតាមការសន្យារបស់ខ្លួន។
ប៉ុន្តែយ៉ាងណាក៏ដោយ ក្រោយពីពិភាក្សាគ្នាយ៉ាងផុសផុល និងការធ្វើបទបង្ហាញពន្យល់អំពីនីតិវិធីនៃការដោះស្រាយការងាររបស់ប្រធានអង្គប្រជុំភាគីទាំងពីរបានឯកភាពគ្នាចំនួន២ចំណុចគឺ ទី១. តាមនីតិវិធីច្បាប់ គឺមិនអាចបញ្ជូនករណីវិវាទនេះ ត្រឡប់ទៅដោះស្រាយនៅក្រុមប្រឹក្សាអាជ្ញាកណ្ដាល ឡើងវិញឡើយ និង២. កំណត់ប្រជុំបន្ទាប់ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ២:៣០នាទីរសៀល ដោយតំណាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងធ្វើបទបង្ហាញអំពីទិដ្ឋភាពច្បាប់ពាក់ព័ន្ធនឹង ការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារនិងឯកភាពកំណត់យកកចំណុចវិវាទដែលមានក្នុងសេចក្ដីបង្គាប់អាជ្ញាកណ្ដាលលេខ ០១២/២១ចុះ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ មកពិភាក្សាតែប៉ុណ្ណោះ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានស្នើឱ្យភាគីទាំងពីរមានការយោគយល់គ្នាខ្ពស់ក្នុងការចូលរួមដោះស្រាយបញ្ចប់វិវាទ ការងារនេះនិងបន្តសហការជិតស្និទ្ធជាមួយអាជ្ញាធរមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធដោយសន្តិវិធី, និងថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ។
ក្រសួងការងារបានបញ្ជាក់ថាយោងតាមនីតិវិធីច្បាប់ ប្រសិនបើការចរចានៅតែមិនអាចមានដំណោះស្រាយបាន នីតិវិធីបន្ទាប់ គឺភាគីទាំងពីរអាចដាក់ពាក្យបណ្តឹងទៅតុលាការ ដើម្បីរកដំណោះស្រាយចុងក្រោយ៕