មន្រ្តីក្រសួងប្រៃសណីយ៍ម្នាក់ ត្រូវបាន តុលាការសម្រេចឃុំខ្លួន ពីបទ ឆបោក បទរំលោភលើទំនុកចិត្ត និងបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ ដែលអាចជួញដូរបាន

0
2513

ភ្នំពេញ ៖ មន្រ្តីក្រសួងប្រៃសណីយ៍ម្នាក់ ត្រូវបាន តុលាការសម្រេចឃុំខ្លួន លោក សួស សុខា នៅពន្ធនាគារជាបណ្តោះអាសន្ន ពីបទឆបោក បទរំលោភលើទំនុកចិត្ត និងបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ ដែលអាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។

ជនត្រូវចោទត្រូវបានចោទប្រកាន់ពីបទ ឆបោក បទរំលោភលើទំនុកចិត្ត និងបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ ដែលអាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៩ តាមបញ្ញត្តិមាត្រា ៣៧៧, មាត្រា៣៧៨, មាត្រា៣៩១ និងមាត្រា៣៨២ នៃក្រម ព្រហ្មទណ្ឌ និងមាត្រា២៣១នៃច្បាប់ស្តីពីឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ ។

នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ បើកការស៊ើបសួរលើសំណុំរឿងជនត្រូវចោទម្នាក់ឈ្មោះសួស សុខា ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ ជាមន្រ្តីរាជការក្រសួងប្រៃសណីយ៍ រស់នៅផ្ទះលេខ៥៧Z ផ្លូវលេខ៤០២ ភូមិ៣ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ហើយសម្រេចឃុំខ្លួននៅពន្ធនាគារជាបណ្តោះអាសន្ន បន្ទាប់ពីត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃធ្វើការចាប់ខ្លួនបញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញ។

សូមរំលឹកថា នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ បានធ្វើការឃាត់ខ្លួនជនត្រូវចោទម្នាក់ ឈ្មោះ សួស សុខា ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្រ្តីរាជការក្រសួងប្រៃសនីយ៍ តាមអំណាចដីកាបញ្ជារឱ្យចាប់ខ្លួនលេខ ២៦០ ក១ ដ ច ន របស់ លោក ហុក ពៅ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ពីបទ«ឆបោក, រំលោភលើទំនុកចិត្ត និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ ដែលអាចជួញដូរបាន» នៅចំណុច សង្កាត់កណ្តាល ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្ដតាមនីតិវិធី។ បច្ចុប្បន្នជនត្រូវចោទ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួនជាបណ្តោះអាសន្ន នៅពន្ធនាគារព្រៃស៕

Facebook Comments
Loading...