តុលាការសម្រេចដោះលែងមនុស្ស ៨នាក់ ជាតំណាងអតីតបុគ្គលិក Naga ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន

0
740

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ នាយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២  បានសម្រេចដោះលែងឲ្យមនុស្ស៨នាក់ ដែលជាអ្នកដឹកនាំបាតុកម្មដោយខុសច្បាប់របស់ក្រុមអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ ឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ននៅវេលាម៉ោងប្រមាណ៧យប់ថ្ងៃនេះ។

លោក អ៊ីត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់តំណាងទៅសួរសុខទុក្ខ ចំពោះអតីតបុគ្គលិកក្រុមហ៊ុន NAGA World ដែលត្រូវបានដោះលែងបណ្តោះអាសន្ន ព្រមទាំងជជែកគ្នាអំពីវេលាដែលត្រូវចរចាគ្នា ដើម្បីបញ្ចប់វិវាទនៅក្រុមហ៊ុន NAGA World។

មនុស្សទាំង៨នាក់ដែលត្រូវបានដោះលែងនេះ រួមមាន៖ ទី១៖ ឈ្មោះ ឈឹម ស៉ីថរ, ទី២៖ ឈ្មោះ រី សុវណ្ណឌី, ទី៣៖ ឈ្មោះ ស៊ុន ស្រីពេជ្រ, ទី៤៖ ឈ្មោះ ហៃ សុភាព, ទី៥៖ ឈ្មោះ ឃ្លាំង សុបិន្ដ, ទី៦៖ ឈ្មោះ ទូច សិរីមាស, ទី៧៖ ឈ្មោះ សុខ ណារិទ្ធ និងទី៨៖ ឈ្មោះ ឈឹម សុខន។

សូមជម្រាបថា អតីតបុគ្គលិកចំនួន៨រូបនេះ បានស្នើសុំទៅក្រសួងការងារ ដើម្បីបាននៅក្រៅឃុំជាបណ្តោះអាសន្ន ធ្វើជាតំណាងដោះស្រាយវិវាទការងារជាមួយក្រុមហ៊ុន NAGA WORLD តាមច្បាប់ ដោយសន្យាថា មិនធ្វើការតវ៉ាដែលធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គមជាតិ។

នៅក្នុងលិខិតដាច់ដោយឡែកចំនួន៨សន្លឹករបស់អតីតបុគ្គលិកក្រុមហ៊ុន Naga World ផ្ញើជូនក្រសួងការងារបានបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ចប់បញ្ហាវិវាទជាមួយក្រុមហ៊ុនណាហ្គាលវើលដ៏ ក៏ដូចជាផលប្រយោជន៍ស្របច្បាប់គ្រប់ភាគី យើងខ្ញុំសូមអំពាវនាវដល់បុគ្គលិក និងអតីតបុគ្គលិករបស់ក្រុមហ៊ុនណាហ្គាលវើលដ៏ទាំងអស់ដូចខាងក្រោម ទី១៖ ចំពោះបុគ្គលិក និងកម្មករកំពុងធ្វើកូដកម្មមិនទាន់បានចូលធ្វើការវិញ សូមចូលធ្វើការទាំងអស់គ្នា ដើម្បីការពារផលប្រយោជន៍នៅកន្លែងការងារ និងបង្កបរិយាកាសសម្រាប់ដោះស្រាយវិវាទតាមផ្លូវច្បាប់។

* ទី២៖ ចំពោះបុគ្គលិកដែលក្រុមហ៊ុនណាហ្គាវើលដ៏ បញ្ឈប់ពីការងារសូមសម្រាកនៅផ្ទះ ឬរក្សាភាពស្ងប់ស្ងាត់ ដើម្បីបង្កបរិកាសសម្រាប់យើងខ្ញុំចរចារ ជាមួយក្រុមហ៊ុនណាហ្គាលវើលដ៏និងក្រសួងការងារ ដើម្បីស្វែងរកដំណោះស្រាយ និងទូរទាត់សំណងតាមផ្លូវច្បាប់ជូនដល់បងប្អូន។

* ទី៣៖ ចំពោះបុគ្គលិក ដែលបានចូលរួមធ្វើកូដកម្មកន្លងមក សូមឲ្យក្រុមហ៊ុនកុំមានគំនុំគុំគួន ឬដាក់ទោសទណ្ឌ ឬបង្ខំធ្វើកិច្ចសន្យាផ្សេងៗឡើយ៕

Facebook Comments
Loading...