ភ្ញៀវទេសចរចំនួន២៥៣,៨៧៦នាក់ បានដើរកម្សាន្តទូទាំងប្រទេសនាថ្ងៃចុងសប្ដាហ៍ទី២ដើមខែមីនានេះ

0
2853

ភ្នំពេញ ៖ ប្រភពព័ត៌មានពីក្រសួងទេចរណ៍ បានឲ្យដឹងថា ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះ បានបញ្ជាក់ថាថា នាថ្ងៃចុងសប្ដាហ៍ថ្ងៃទី១២-១៣ ខែមីនា ឆ្នាំ២០២២ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវសរុបមានចំនួន២៥៣,៨៧៦នាក់ ក្នុងនោះភ្ញៀវជាតិ២៤២,១៨៨នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១១,៦៨៨នាក់។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តព្រះសីហនុ ៣៧,១១០នាក់ ខេត្តពោធិ៍សាត់ ២៨,៧២៤នាក់ រាជធានីភ្នំពេញ ២៨,៤១៩នាក់ ខេត្តសៀមរាប ២៧,៥៤៣នាក់ ខេត្តបាត់ដំបង ២៣,៩៩០នាក់ ខេត្តកំពត ២៦,១៣៦នាក់ ខេត្តកំពង់ស្ពឺ ១២,៥០៩នាក់ និង ខេត្តកែប ១១,៤៤៣នាក់។

ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានបន្តថា ចរន្តភ្ញៀវទេសចរនាចុងសប្តាហ៍កន្លងមក បន្តមានសន្ទុះវិជ្ជមានគួរកត់សម្គាល់។ ជាក់ស្តែង តួលេខខាងលើបន្តកើនឡើងប្រមាណ២៧.៣០% ធៀបនឹងចុងសប្តាហ៍កន្លងមក ដែលជាអត្រាកំណើនមួយខ្ពស់ និងកើនឡើងរហ័ស។

ឯកឧត្ដមបានបន្តទៀតថា ចំនួនភ្ញៀវទេសចរប្រមាណ២៥ម៉ឺននាក់ក្នុងសប្តាហ៍នេះ គឺចាប់ផ្តើមមានចំនួនប្រហាក់ប្រហែលនឹងស្ថានភាពធម្មតាមុនពេលការកម្រើកឡើងនៃជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងនាដើមខែកុម្ភៈ ឆ្នាំ២០២២នេះ។

បើតាមលោក ថោង ខុន ចំនួននិងអត្រាកំណើនខាងលើ បានស្តែងឲ្យឃើញថា ការគ្រប់គ្រងជំងឺកូវីដកូវីដ-១៩បានល្អ ពិសេសការថយចុះនៃអត្រាឆ្លងប្រចាំថ្ងៃ បានបង្កើតទំនុកចិត្ត (Trust and Confidence) និងបានជំរុញឲ្យមានចរន្តភ្ញៀវដើរកម្សាន្ត ខណៈដែលពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនាពេលខាងមុខ គឺជាឱកាសដើរកម្សាន្តដ៏ធំសម្រាប់ភ្ញៀវទេសចរ និងចរន្តសេដ្ឋកិច្ចសម្រាប់ប្រតិបត្តិករទេសចរណ៍ និងវិស័យឯកជន៕

Facebook Comments
Loading...