បង្ក្រាបករណីក្រុមអនាធិបតេយ្យ មានគ្នាប្រមាណ ២៩៥នាក់ ក្នុងនោះស្ត្រី១១៣នាក់ បានចូលចាប់ទន្ទ្រានដីរដ្ឋ  នៅព្រះសីហនុ

0
1010

ព្រះសីហនុ ៖ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ រដ្ឋបាលសាលាខេត្តព្រះសីហនុ បានបញ្ជាក់ថា គណ:បញ្ជាការឯកភាពស្រុកកំពង់សីលា បានដឹកនាំកម្លាំងសមត្ថកិច្ចរួមមាន នគរបាល កងរាជអាវុធហត្ថ និងបរិស្ថាន បានចុះបង្ក្រាបករណីក្រុមអនាធិបតេយ្យមានគ្នាប្រមាណ ២៩៥នាក់ ក្នុងនោះស្ត្រី១១៣នាក់ បានចូលចាប់ទន្ទ្រានដីរដ្ឋ ក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូង នៅចំណុចគីឡូលេខ១៥ ដល់គីឡូលេខ១៧ ស្ថិតក្នុងភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង័្សយជាមេខ្យល់បានចំនួន១០នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់។  មន្ទីរបរិស្ថានខេត្តបានចេញសេចក្តីប្រកាសព័ត៌មាន អោយដឹងថា មន្ទីរបរិស្ថានខេត្តព្រះសីហនុ សូមគោរពជម្រាបជូន បណ្តាញសារព័ត៌មានជាតិ-អន្តរជាតិ និងសាធារណជន ឲ្យបានជ្រាបថា ដោយមានការសម្របសម្រួលនីតិវិធីពី លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ ក្រុមការងារ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់សិលា បានដឹកនាំកម្លាំងសមត្ថកិច្ច នគរបាល កងរាជអាវុធហត្ថ និងសមត្ថកិច្ច បរិស្ថាន ចុះទៅបង្ក្រាបចលនាប្រមូលផ្ដុំ បំផុសបំផុលក្រុមអនាធិបតេយ្យប្រមាណជា ២៩៥នាក់ ស្រី១១៣នាក់ ឲ្យចូល ទន្ទ្រានកាន់កាប់ដីរដ្ឋ ស្ថិតនៅចំណុចគីឡូ១៥ ភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ក្នុងដែនឧទ្យាន ជាតិជួរភ្នំក្រវាញខាងត្បូង។ ក្នុងនោះ នៅវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២គណៈបញ្ជាការ ឯកភាពរដ្ឋបាលស្រុកកំពង់សីលា បានដឹកនាំកម្លាំង ធ្វើការណែនាំប្រជាពលរដ្ឋទាំងនោះថា ដីដែលបងប្អូនកំពុងតែធ្វើ សកម្មភាពកាប់ឆ្ការនេះ គឺជាដីរបស់រដ្ឋ សូមបងប្អូនបញ្ឈប់សកម្មភាពរុករាន កាន់កាប់ដោយខុសច្បាប់ជាបន្ទាន់។

ក្រោយពីបានណែនាំ ពួកគាត់ពុំបានស្ដាប់ឡើយ ក្នុងនោះ ក្រុមការងារបានធ្វើការបង្ក្រាប និងឃាត់ខ្លួនជន សង្ស័យជាមុខសញ្ញាមេខ្លោងចំនួន១០នាក់ និងបានដកហូតវត្ថុតាងមាន៖ ចបកាប់ ចំនួន០១ ចបជីក ចំនួន០៥ដើម ញញួរ ចំនួន០៣ដើម ពូថៅ ចំនួន១៨ដើម ដែកគាស់ ចំនួន០២ ដែកគោល ចំនួន០៥គីឡូ កាំបិតផ្គាក់ ចំនួន២៣ដើម កាំបិតតូច ចំនួន០៣ តង់ ចំនួន០៤ រថយន្ត ចំនួន០៤គ្រឿង និងម៉ូតូ ចំនួន០២គ្រឿង និងបានកំពុងបំពេញនីតិវិធីកសាង សំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ។

ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ ៨៩ អនក្រ.បកចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ ២០១៦ ដែលជាប់ព្រំប្រទល់រវាងភូមិសាស្ត្រខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តពោធិ៍សាត់ និងខេត្តកំពង់ស្ពឺ ដើម្បីធានាកិច្ច គាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព។ កន្លងមកសកម្មភាពបទល្មើស រុករាន កាប់ឆ្ការព្រៃ ដាំដំណាំ សង់ខ្ទម និងបោះបង្គោលរបងហ៊ុព័ទ្ធ កាន់កាប់ជាកម្មសិទ្ធិ ដោយខុសច្បាប់ ស្ថិតក្នុងតំបន់ ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ត្រូវបានសមត្ថកិច្ចយើង ចុះអនុវត្តវិធានការ ទប់ស្កាត់ ជាបន្តបន្ទាប់។

សូមបញ្ជាក់សាជាថ្មីជូន បណ្តាញសារព័ត៌មានជាតិ-អន្តរជាតិ និងសាធារណជន ឲ្យបានជ្រាបថា យោងលើច្បាប់ ស្ដីពីតំបន់ការពារធម្មជាតិ ត្រង់មាត្រា ៥៦ និងមាត្រា ៦២ បានចែងថា ជនសង្ស័យណាដែលធ្វើសកម្មភាពកាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ត្រូវផ្តន្ទាទោសជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៤ ដោយដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ១០ឆ្នាំ និងពិន័យជាប្រាក់ពី ១៥លានរៀល ទៅ ១៥០លានរៀល ចំពោះបុគ្គលប្រព្រឹត្ត ជានីតិបុគ្គល នឹងត្រូវពិន័យជាប្រាក់ពី ១៥០លានរៀល ទៅ២៥០លានរៀល ។ វត្ថុតាងត្រូវរឹបអូសជាសម្បត្តិរដ្ឋ ។ ក្នុង ករណីមិនរាងចាល ត្រូវផ្តន្ទាទោសទ្វេដង ។ អាស្រ័យដូចបានគោរពជម្រាបជូននេះ សូម បណ្តាញសារព័ត៌មានជាតិ-អន្តរជាតិ និងសាធារណជន មេត្ត ជ្រាបជាព័ត៌មាន៕

Facebook Comments
Loading...