អាជ្ញាធរជាតិអប្សរា មិនគាំទ្រដែលយកទង់ជាតិទៅច្នៃធ្វើជាម៉ូដសម្លៀកបំពាក់នោះឡើយ ព្រោះជាការប្រមាថ

0
1746

ភ្នំពេញ ៖ អាជ្ញាធរជាតិអប្សរា មិនគាំទ្រដែលយកទង់ជាតិគឺជានិមិត្តរូបជាតិ តែងតែត្រូវបានបង្ហូតឡើងលើដោយអមជាមួយនូវការច្រៀង និងភ្លេងជាតិ គោរពដោយស្មារតីស្នេហាជាតិ ស្រលាញ់ទឹកដី ជាតិ មាតុភូមិ គឺមិនត្រូវយកទង់ជាតិខ្មែរទៅច្នៃធ្វើជាម៉ូដសម្លៀកបំពាក់នោះឡើយ ព្រោះជាការប្រមាថ។

អគ្គនាយករងនិងជាអ្នកនាំពាក្យអាជ្ញាជាតិអប្សរា លោក ឡុង កុសល ថាការយកទង់ជាតិខ្មែរ ដែលជានិមិត្តរូបរបស់ជាតិខ្មែរមកច្នៃជាម៉ូដសំលៀកបំពាក់គឺជាការមិនសមរម្យ ព្រោះការយកទង់ជាតិខ្មែរទៅច្នៃធ្វើជាម៉ូដសម្លៀកបំពាក់ អាចជាការប្រមាថ ដូចជានៅពេលដែលគេស្លៀកពាក់ គឺគេហាក់បីដូចជាបានអង្គុយលើទង់តំណាងឱ្យជាតិទាំងមូល ឬក៏នៅពេលដែលសម្លៀកបំពាក់នោះប្រឡាក់អ្នកខ្លះមិនបានយកទៅបោកសម្អាតទេ បែរជាយកទៅទុកចោលជាដើម។

យោងតាមការចុះផ្សាយរបស់អជ្ញាធរអប្សរា ដែលបានលើកឡើងនូវប្រសាសន៍របស់លោក ឡុង កុសល រសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ថា ទង់ជាតិគឺជានិមិត្តរូបជាតិ តែងតែត្រូវបានបង្ហូតឡើងលើដោយអមជាមួយនូវការច្រៀង និងភ្លេងជាតិ។ លោកមានប្រសាសន៍ទៀតថាទង់ជាតិត្រូវបានគោរពដោយស្មារតីស្នេហាជាតិ ស្រលាញ់ទឹកដី ជាតិ មាតុភូមិ។ ម្យ៉ាងទៀតទង់ជាតិក៏ត្រូវបានផ្ដល់ជាមហាកិត្តិយសសម្រាប់វីរជន យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតនៅពេលបានចេញច្បាំងការពារជាតិ ទឹកដី ឬទៅបំពេញ បេសសកម្មមនុស្សធម៌ នៅក្រៅគឺជាតិតែងដឹងគុណ និងយកទង់ជាតិទៅគ្រងពីលើដើម្បីសម្តែងការគោរព និងដឹងគុណ។

អាជ្ញាធរអប្សរាបានដកស្រង់ប្រសាសន៍លោក ឡុង កុសល មកចុះផ្សាយថា៖ «ការយកទង់ជាតិខ្មែរទៅច្នៃធ្វើជាម៉ូដសម្លៀកបំពាក់ អាចជាការប្រមាថ ដូចជានៅពេលដែលគេ ស្លៀកពាក់គឺគេហាក់បីដូចជាបានអង្គុយលើទង់តំណាងឱ្យជាតិទាំងមូល ឬក៏នៅពេលដែលសម្លៀកបំពាក់នោះប្រឡាក់អ្នកខ្លះមិនបានយកទៅបោកសម្អាតទេ បែរជាយកទៅទុកចោលជាដើម»។

បើតាមលោក ឡុង កុសល ប្រសិនបើចង់បង្ហាញឱ្យឃើញពីទឹកចិត្តស្រឡាញ់ជាតិពិតមែននោះ គឺនៅពេលមកទស្សនាតំបន់អង្គរ ដែលជាសម្បត្តិវប្បធម៌ និងបេតិកភណ្ឌរបស់មនុស្សជាតិ សូមជួយចូលរួមការពារបរិស្ថាន កុំបោសសំរាមចោលនៅក្នុងរមណីយដ្ឋានអង្គរ ត្រូវធ្វើដំណើរថ្មើជើងចូលតំបន់អង្គរ ទៅតាមផ្លូវដែលបានរៀបចំជូន កុំដើរជាន់ស្មៅ ដែលនាំឱ្យខូចសោភ័ណភាព កុំយកអាហារទៅទទួលទាននៅទីតាំងហាមឃាត់ក្នុងតំបន់បេតិកភណ្ឌ កុំទិញលក់ដី និងសង់សំណង់ខុសច្បាប់នៅក្នុងតំបន់ការពារ និងគួរចតយានជំនិះនៅកន្លែងចំណត ដើម្បីកុំឱ្យខូចខាតសណ្ដាប់ធ្នាប់សាធារណៈនិងស្ទះផ្លូវជាដើម។ ទាំងនេះនឹងនាំមកនូវមោទកភាពដល់ជាតិខ្មែរដែរ៕

Facebook Comments
Loading...