ព័ត៌មានថ្មីពីអតីតនិស្សិតខ្មែរចំនួន២៣ នាក់នៅអ៊ុយក្រែន! ផ្តើមជួបការលំបាក តែមានសុវត្ថិភាព

0
4497

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់នារសៀលថ្ងៃទី២៦ ខែកុម្ភៈ នេះថា ដោយមានការសំរបសំរួលរបស់ “សមាគមអតីតនិស្សិតកម្ពុជាពីសូវៀត  និងរុស្សី”  លោកបានជួបសន្ទនាដោយផ្ទាល់ តាមប្រព័ន្ធតេលេក្រាម ជាមួយពលរដ្ឋខ្មែរយើងម្នាក់ ដែលកំពុងរស់នៅក្នុងប្រទេសអ៊ុយក្រែន ហើយទទួបានព័ត៌មានថា បច្ចុប្បន្នមានអតីតនិស្សិត ដែលបានទៅសិក្សាក្នុងជំនាន់អតីតសហភាពសូវៀតចំនួន២៣ នាក់ដែលកំពង់រស់នៅជាមួយគ្រួសាររបស់ពួកគេ នៅ Kharkov ចំនួន៧នាក់ នៅតំបន់ Kyiv ១១នាក់ និងនៅ Odessa ៥នាក់ ហើយពួកគាត់ទាំងអស់គ្នា មានទំនាក់ទំនងជាមួយគ្នាជាប់ជាប្រចាំតាមក្រុមតេលេក្រាម។

បើតាមលោក ជុំ សុន្ទរី ថ្វីត្បិតតែពេលនេះ ពួកគាត់ចាប់ផ្តើមជួបការលំបាកខ្លះៗ ក្នុងជីវភាពរស់នៅ ជាពិសេសសំរាប់តំបន់ Kyiv តែពួកគាត់ទាំងអស់គ្នាមានសុវត្ថភាពជាធម្មតាទេ ហើយទន្ទឹមនឹងនោះ ពួកគាត់ក៏មានការព្រួយបារម្ភចំពោះអនាគតទៅមុខផងដែរ។ លោកថា រហូតមកដល់ពេលនេះ ការវាយប្រយុទ្ធគ្នា នៅមិនទាន់រាលដាលដល់តំបន់ ដែលពួកគាត់រស់នៅ នៅឡើយទេ។

អ្នកនាំពាក្យក្រសួងការបរទេសរូបនោះ អះអាងថា លោកបានសំរបសំរួលអោយមានទំនាក់ទំនងរវាងពលរដ្ឋខាងលើ ក្នុងនាមតំណាងអោយពលរដ្ឋទាំង២៣ គ្រួសារ ជាមួយស្ថានទូតកម្ពុជា នៅទីក្រុងម៉ូស្គូរួចហើយ។ ក្រសួងការបរទេស និងស្ថានទូតកម្ពុជាប្រចាំនៅរុស្សី នឹងបន្តទំនាក់ទំនងជាមួយពលរដ្ឋខ្មែរទាំងអស់នោះ ដើម្បីទទួលបានព័ត៌មានអំពីស្ថានភាពរបស់ពួកគាត់៕

Facebook Comments
Loading...