អ្នកនាំពាក្យក្រសួងការបរទេសបំភ្លឺការផ្សាយរបស់សារព័ត៌មាន NK News ដែលថា “ចារកម្មកូរ៉េខាងជើងបានបើកដំណើរការសណ្ឋាគារ កាស៊ីណូ និងភ្នាក់ងារទេសចរណ៍នៅកម្ពុជា”

0
1354

ភ្នំពេញ ៖ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ នេះ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានធ្វើសេចក្តីបំភ្លឺមួយទាក់ទងការផ្សាយរបស់គេហទំព័រ NK News ដែលមានចំណងជើងថា “ចារកម្មកូរ៉េខាងជើងបានបើកដំណើរការសណ្ឋាគារ កាស៊ីណូ និងភ្នាក់ងារទេសចរណ៍នៅកម្ពុជា” ចេញផ្សាយកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។

សេចក្តីបំភ្លឺរបស់អ្នកនាំពាក្យក្រសួងការបរទេសមានខ្លឹមសាទាំងស្រុងថា “សូមអរគុណចំពោះអ៊ីម៉ែលរបស់ឯកឧត្តម។ ខ្ញុំបានអានកំណត់ទូតរបស់ស្ថានបេសកកម្មរបស់ឯកឧត្តម និងអត្ថបទរបស់គេហទំព័រ NK News ពាក់ព័ន្ធនឹងករណីលោក គឹម ចុលសុក ដែលចេញផ្សាយកាលពីថ្ងៃទី១៥ ខែកុម្ភៈ យ៉ាងល្អិតល្អន់។ ខ្ញុំមានការខកចិត្តយ៉ាងខ្លាំងដូចលោកដែរ ចំពោះការបែកធ្លាយនូវរបាយការណ៍របស់គណៈកម្មការ (Panel) ដែលនឹងត្រូវបញ្ចប់នៅពេលខាងមុខ ទៅកាន់ក្រុមអ្នកសារព័ត៌មាន ដោយគ្មានការអនុញ្ញាត។ របាយការណ៍នៅតែត្រូវបានរក្សាជាការសម្ងាត់។ វានៅជាសេចក្ដីព្រាងនៅឡើយ ដែលបច្ចុប្បន្នស្ថិតនៅក្រោមការត្រួតពិនិត្យដោយរដ្ឋសមាជិក នៃគណៈកម្មាធិការ១៧១៨ មុនពេលដាក់ស្នើជាផ្លូវការទៅកាន់ក្រុមប្រឹក្សាសន្តិសុខនៅចុងសប្តាហ៍ក្រោយ។ ខ្ញុំសូមគូសបញ្ជាក់ជូនថា មិនមាននរណាម្នាក់នៅក្នុងគណៈកម្មការ បាននិយាយជាមួយក្រុមអ្នកសារព័ត៌មាន អំពីខ្លឹមសារនៃរបាយការណ៍ចុងក្រោយរបស់យើងនោះទេ ហើយយើងក៏មិនបានចែករំលែកផ្នែកណាមួយ នៃរបាយការណ៍នេះជាមួយក្រុមអ្នកសារព័ត៌មានដែរ” ។

បើតាមអ្នកនាំពាក្យក្រសួងការបរទេស “យើងមិនអាចផ្សព្វផ្សាយជាសាធារណៈនូវផ្នែកណាមួយនៃសេចក្ដីព្រាងរបាយការណ៍របស់យើងបានទេ រហូតដល់វាត្រូវបានអនុម័តដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំសូមធានាជូនឯកឧត្តមថា ខ្លឹមសារនៃរបាយការណ៍នេះឆ្លុះបញ្ចាំងយ៉ាងច្បាស់លាស់ នូវអ្វីដែលអាជ្ញាធរកម្ពុជាបានប្រាប់ទៅគណៈកម្មការ អំពីលោក គឹម ចុលសុក និងសកម្មភាពរបស់គាត់ ក៏ដូចជាការស៊ើបអង្កេត និងវិធានការនានាដែលកម្ពុជាបានអនុវត្ត ក្នុងន័យច្បាស់លាស់ និងត្រឹមត្រូវ។

“ខ្ញុំសោកស្ដាយដែលខ្ញុំមិនអាចធ្វើអត្ថាធិប្បាយ លើការអះអាងណាមួយផ្សេងទៀត ដែលលើកឡើងនៅក្នុងរបាយការណ៍របស់ NK News ឬក៏លើសច្ចៈភាពនៃអ្នកដែលបានរួមចំណែកលើរបាយការណ៍នោះទេ។ ខ្ញុំអាចយល់យ៉ាងច្បាស់ថា ហេតុអ្វីបានជាអាជ្ញាធរកម្ពុជាមានការព្រួយបារម្ភចំពោះការប្រើពាក្យពេជន៍មួយចំនួននៅក្នុងអត្ថបទនេះ។ សូមធានាអះអាងថា គណៈកម្មការបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយអាជ្ញាធរកម្ពុជាលើករណីនេះ ហើយនឹងមិនធ្វើអ្វីដែលបង្កគ្រោះថ្នាក់ដល់កិច្ចសហប្រតិបត្តិការបែបនេះ នៅពេលអនាគត ដោយបង្កើតការអះអាង ដែលគ្មានមូលដ្ឋានច្បាស់លាស់ នៅក្នុងរបាយការណ៍របស់ខ្លួននោះទេ”៕

Facebook Comments
Loading...