កោះសំពៅមាស កំពុងបានប្រែក្លាយទៅជាកន្លែងកម្សាន្តមួយដ៏ពេញនិយមពីគ្រប់ស្រទាប់មនុស្សម្នា មិនថាជិតឬឆ្ងាយ

0
9594

ពោធិសាត់ ៖ កោះសំពៅមាស កំពុងបានប្រែក្លាយទៅជាកន្លែងកម្សាន្តមួយដ៏ពេញនិយមពីគ្រប់ស្រទាប់មនុស្សម្នា និងបានក្លាយជាកន្លែងមួយដ៏ស្រស់បំព្រង ដែលភ្ញៀវទេសចរប្រុសស្រីក្មេងចាស់មកពីទីជិតឆ្ងាយមិនអាចមើលរំលងបាននោះទេ។ ពោលគឺខណៈបានមកដល់ទឹកដីទីរួមខេត្តពោធិ៍សាត់ហើយនោះគេតែងបានចូលទស្សនាក៏ដូចជាចូលអុជធូបបន់ស្រន់ទៅតាមជំនឿរៀងៗខ្លួន ទោះមិនបានពេញមួយថ្ងៃក៏បានត្រឹមមួយភ្លែតនោះដែរ។

ខេត្តពោធិ៍សាត់ គឺជាខេត្តមួយស្ថិតនៅភាគពាយព្យមានចម្ងាយ១៨៦គីឡូម៉ែត្រ ពីរាជធានីភ្នំពេញមានស្រុកចំនួន៥ និងក្រុងចំនួន១ គឺស្រុកក្រគរ ស្រុកភ្នំក្រវាញ ស្រុកកណ្តៀង ស្រុកបាកាន ស្រុកវាលវែង និងក្រុងពោធិ៍សាត់។ ខេត្តនេះក៏ត្រូវបានគេចាត់ទុកថាជាខេត្តមួយ ដែលសម្បូរស្តុកស្តម្ភទៅដោយធនធានធម្មជាតិមានដូចជា ព្រៃព្រឹក្សា ភ្នំថ្មកែវ ទឹកធ្លាក់ ល្បាក់ទឹកជ្រោះ ព្រៃដើមក្រវាញ និងនៅជាប់ផ្ទៃបឹងទន្លេសាប ដែលជាកន្លែងសម្បូរទៅដោយត្រីទឹកសាប ទេសភាព និងជីវចម្រុះជាដើមផងដែរ។

តាមរយៈធនធានធម្មជាតិទាំងអស់នេះបានធ្វើឱ្យអ្នកទេសចរជាច្រើនចាប់អារម្មណ៍លើការទៅកម្សាន្តនៅក្នុងទឹកដីខេត្តពោធិ៍សាត់ ក្នុងនេះក៏មានរមណីយដ្ឋានទេសចរណ៍ធម្មជាតិជាច្រើនត្រូវបានបង្កើតឡើងដើម្បីបម្រើការកម្សាន្តសប្បាយរបស់ភ្ញៀវទេសចរបន្ថែមទៀត ដោយក្នុងនោះ«កោះសំពៅមាស» ក៏ជាតំបន់លំហែកាយមួយដ៏សែនមនោរម្យរបស់ទឹកដីខេត្តពោធិ៍សាត់ផងដែរ។

ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់គឺលោក ញ៉ូវ សុង បានប្រាប់ឲ្យដឹងថា «កោះសំពៅមាស» គឺជាកោះមួយដែលផុសអណ្តែតខ្លួនឡើងនៅចំកណ្តាលទឹកស្ទឹងពោធិ៍សាត់ស្ថិតនៅខាងមុខសាលាខេត្តចម្ងាយពីគល់ស្ពានថ្មទៅទិសខាងជើងចម្ងាយប្រមាណ១០០០ម៉ែត្រ។ បច្ចុប្បន្នកោះនេះត្រូវបានរៀបចំកែលម្អជាបណ្តើរៗ ឲ្យមានសោភ័ណភាពសម្រាប់ការស្វែងយល់ និងការលំហែរបស់អ្នកទេសចរទូទៅតាមរយៈការ ប្រសិទ្ធនាមថា «បុរីវប្បធម៌»ព្រោះតម្លៃខាងសិល្បៈវប្បធម៌ខ្មែរនឹងត្រូវបានបង្ហាញនៅទីនោះ។

ទាក់ទងនឹងឈ្មោះរបស់«កោះសំពៅមាស»នេះ លោក ញ៉ូវ សុង បានឲ្យដឹងថា ឈ្មោះកោះនេះគឺកើតឡើងពីការតំណាលតៗគ្នាមកថា៖ អស់កាលដ៏យូរលង់ណាស់មកហើយ មានសំពៅមួយគ្រឿងបានបើកមកកឿងជាប់គាំងនៅទីនេះ និងមិនអាចបើកទៅណារួច។ លុះយូរៗទៅសំពៅ ដែលជាប់គាំងនៅទីនោះក៏បានកកក្លាយទៅជាដីពូនកើតជាកោះនេះឡើងទើប អ្នកស្រុកនាំគ្នាហៅកោះនេះថា «កោះសំពៅមាស»។ រហូតមកដល់សព្វថ្ងៃនេះការរៀបចំនៅលើកោះនេះមានសួនច្បារស្រស់ស្អាត ទីធ្លាធំរំលេចទៅដោយសមិទ្ធផលថ្មីៗជាច្រើនទៀត ដែលកើតឡើងក្នុងសម័យបច្ចុប្បន្ន។

ប្រធានមន្ទីររូបនេះបានឲ្យដឹងទៀតថា បច្ចុប្បន្នកោះសំពៅមាស កំពុងបានប្រែក្លាយទៅជាកន្លែងកម្សាន្តមួយដ៏ពេញនិយមពីគ្រប់ស្រទាប់មនុស្សម្នា និងបានក្លាយជាកន្លែងមួយដ៏ស្រស់បំព្រង ដែលភ្ញៀវទេសចរប្រុសស្រីក្មេងចាស់មកពីទីជិតឆ្ងាយមិនអាចមើលរំលងបាននោះទេ។ ពោលគឺខណៈបានមកដល់ទឹកដីទីរួមខេត្តពោធិ៍សាត់ហើយនោះគេតែងបានចូលទស្សនាក៏ដូចជាចូលអុជធូបបន់ស្រន់ទៅតាមជំនឿរៀងៗខ្លួន ទោះមិនបានពេញមួយថ្ងៃក៏បានត្រឹមមួយភ្លែតនោះដែរ។នេះក៏ព្រោះតែ «កោះសំពៅមាស» ជាទីកន្លែងគោរពបូជាដ៏ស័ក្តិសិទ្ធិមួយដក់ក្នុងអារម្មណ៍របស់ប្រជាពលរដ្ឋទូទៅតាំងពីយូរលង់ណាស់មកហើយ។

ដោយសារតែទីនេះ(កោះសំពៅមាស) មានសក្តានុពលសម្រាប់វិស័យទេសចរណ៍របស់ខេត្តផងនោះ និងម្យ៉ាងដោយសារ កន្លែងនេះជាទី ដែលមានប្រវត្តិព្រេងនិទានមិនអាចបំភ្លេចបានថែមទៀតនោះ លោក ញ៉ូវ សុង ប្រាប់ថាពីមួយថ្ងៃទៅមួយថ្ងៃមិនថាថ្ងៃចុងសប្តាហ៍ឬបុណ្យជាតិធំៗនោះទេគឺ «កោះសំពៅមាស»តែងតែមានអ្នកទេសចរ និងប្រជាពលរដ្ឋក្នុងតំបន់មកលេងកម្សាន្តគយគន់ទេសភាពជុំវិញផ្ទៃទឹក ព័ទ្ធជុំវិញកោះក៏ដូចជាមកបន់ស្រន់សុំសេចក្តីសុខទៅតាមការប៉ងប្រាថ្នារបស់ពួកគេរៀងៗខ្លួនជាហូរហែមិនដាច់ឡើយ៕

Facebook Comments
Loading...