ភ្នំពេញ ៖ ភ្នំរាបជារមណីយដ្ឋាន កែឆ្នៃបែបធម្មជាតិគួរឲ្យចាប់អារម្មណ៍ និងជាទីលំហែកាយដ៏ល្អបំផុតសម្រាប់អ្នកទេសចរជិតឆ្ងាយ ដែលមើលទៅទាំងទេសភាព ទាំងបរិយាកាស មានសភាពរស់រវើក ស្ថិតក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ដែលមានចម្ងាយ២៥ គីឡូម៉ែត្រពីរាជធានីភ្នំភេញ។
នៅភ្នំរាបឬប្រាសាទវិហារសួគ៌ មានប្រាសាទ យ៉ាងស្អាត អាកាសធាតុបក់មកយ៉ាងត្រជាក់ ជាកន្លែងលម្ហែអារម្មណ៍មួយដែលបានបម្រើដល់ការកំសាន្ត របស់អ្នកទេសចរជាតិ និងអន្តរជាតិ ជិតឆ្ងាយមកទស្សនាកម្សាន្ដជាច្រើនឆ្នាំមកហើយ ហើយវាបានផ្តល់ ផលពីវិស័យទេសចរណ៍មួយនេះ ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះជាច្រើនផងដែរ។
ចំណែកឯតំលៃម្ហូបអាហារសមរម្យ អ្នកលក់មានភាពរុះរាយរាក់ទាក់។ ផ្លូវដែលគេនិយមធ្វើដំណើរទៅកាន់រមណីយដ្ឋានភ្នំរាបនេះ គឺទៅតាមផ្លូវជាតិលេខ៥ តែដល់ចំណុចផ្សារព្រែកព្នៅ គីឡូម៉ែត្រលេខ១៣ មានផ្លូវបំបែកចូលខាងឆ្វេងដៃ ចម្ងាយ១២ គីឡូម៉ែត្រតាមផ្លូវ១៥១។ មិនមែនជារឿងចៃដន្យនោះទេ ដែលប្រជាជនសម្រុកនាំគ្នាទៅលេងរមណីយដ្ឋានភ្នំរាប នៅរៀងរាល់ថ្ងៃសៅរ៍ អាទិត្យ ឫនៅថ្ងៃបុណ្យទានផ្សេងៗ ដោយសារតែរមណីយដ្ឋាននេះ ជាតំបន់កម្សាន្តបែបធម្មជាតិផង ប្រវត្តិសាស្រ្ត និងកែច្នៃផង។ ទន្ទឹមគ្នានេះ ភ្នំរាបមានកន្លែងអង្គុយលេងផង និងមានអាហារញុំាជាច្រើននៅក្បែរប្រាសាទនេះផងដែរ ជាពិសេសការថតរឿងបុរាណខ្មែរ តែងតែមកថតនៅទីនេះ ព្រោះមានប្រាសាទវិហារសួគ៌ និងទេសភាពដែលមានព្រៃប្រឹក្សាធម្មជាតិស្រស់បំព្រងគួរឲ្យទាក់ទាញ។
អ្នកស្រីណន វណ្ណី ដែលមានតូបលក់ចំណីអាហារនៅរមណីយដ្ឋានភ្នំរាបនេះបានប្រាប់កម្ពុជាថ្មីឲ្យដឹងថា អ្នកស្រីមកលក់នៅទីនេះជិត១០ឆ្នាំមកហើយ ចំណូលបានមកពីការលក់ចំណីអាហារនិងភេសជ្ជៈ ជារៀងរាល់ថ្ងៃមិនជាច្រើនណាស់ណាទេ តែវាអាចឲ្យយើងធ្វើការជុំគា្នជាមួយគ្រួសារបាន មិនឲ្យមានសមាជិកគ្រួសារណាម្នាក់ ទៅធ្វើការចំណាកស្រុកនោះឡើយ។
អ្នកលក់រូបនេះបន្តថា របស់របរហូបនៅភ្នំរាបនេះ ជាអាហារស្រុកស្រែដ៏ មានឱជារសប្រចាំតំបន់មានដូចជាមាន់ដុត , ក្តាមបំពង, ក្តាមប្រៃ, កំពឹសលីង, ខ្យងស្ងោរជ្រលក់នឹងទឹកអំបិលក្រសាំង,ជ្រក់អង្ក្រង,ប្រហុកខ្ចប់ស្លឹករមៀតដុត និងម្ហូបខ្មែរជាច្រើនមុខ ព្រមទាំងភេសជ្ជៈជាច្រើនមុខទៀត ដែលមានតម្លៃល្មមមិនជាថ្លៃនោះទេ ដូចគេដូចឯង ដែលភ្ញៀវមកលេងទីនេះអាចទទួលយកបាន។ក្រៅពីរសជាតិអាហារពិសេសៗនេះអ្នក កម្សាន្តមិនភ្លេចភ្លក់រសជាតិផ្លែឈើក្នុងតំបន់មានដូចជា ត្នោត, ចេក, ឪឡឹក, ស្វាយថ្មីៗស្រស់ទើបនឹង បេះពីដើមទាំងទុំនិងខ្ចី។
អ្នកស្រីបន្តទៀតថា ថ្ងៃដែលលក់ដាច់ជាងគេមានថ្ងៃឈប់សំរាក និងថ្ងៃបុណ្យផ្សេងៗ រីឯថ្ងៃធម្មតាវិញមានភ្លៀវមួយៗ ជួនថ្ងៃខ្លះអត់មានផង ក៍មានដែរ។ ភ្ញៀវដែលមកលេងនៅទីនេះ ភាគច្រើនចូលចិត្តកម្មងមាន់ដុត ឫត្រីអាំងញាំ ព្រោះមាន់នៅទីនេះសុទ្ធតែមាន់ស្រែ ដែលមានឪជារសឆ្ងាញ់ ចំណែកត្រីវិញជាត្រីធម្មជាតិពិតៗតែម្តង។ ក្នុងការលក់ដូរប្រមាណជិត១០ឆ្នាំមកនេះ អ្នកស្រីមិនដែលមានចរិកមិនសមរម្យដាក់ភ្ញៀវទេសចរ នោះឡើយដូចជាការគំរាមគំហែងមិនឲ្យភ្ញៀវទេសចរដែលមកជួលតូបអង្គុយមានជំរើសទិញម្ហូបអាហារនាកន្លែងផ្សេងៗ មកញាំជាដើម។
ដោយឡែកអ្នកឈួន ឆាំ ចៅសង្កាត់ពន្សាំបានប្រាប់ឲ្យដឹងថា ជាការប្រសើរណាស់ដែលសង្កាត់ពន្សាំង មានរមណីយដ្ឋាន កែឆ្នៃបែបធម្មជាតិគួរឲ្យចាប់អារម្មណ៍បែបនេះ ដែលបានផ្តល់ឲ្យប្រជាពលរដ្ឋក្នុងសង្កាត់នេះជាច្រើន មានការងាធ្វើហើយអាចទទួលផលពីវិស័យទេសចរណ៍មួយនេះជារៀងរាល់ឆ្នាំ។
លោកចៅសង្កាត់ពន្សាំងបន្តថា លោកធ្លាប់បានចុះណែនាំនិងជំរុញកុំឲ្យអ្នកលក់តាមតូប មានសម្តីមិនសមរម្យដាក់ភ្ញៀវទេសចរ ដូចជាការគំរាមគំហែងជាដើម ព្រោះយើងមិនលក់ដូតែមួយថ្ងៃប៉ុណ្ណោះទេ បើយើងមានសម្តីល្អរួសរាយរាក់ទាក់ និងលក់ដូមិនកោរភ្ញៀវទេសចរទេនោះ គឺគេនៅតែមកលេង ហើយយើងអាចទទួលផលពីវិស័យទេសចរណ៍មួយនេះជារៀងរហូត៕