លោក Jack Dorsey លាលែងពីតំណែង(CEO) Twitter ព្រោះចង់ប្រើប្រាស់អ៊ីនធើណែត និងbitcoin ដើម្បីបង្កើតប្រាក់ចំណូល និងដើម្បីពិភពលោកទាំងមូល

0
752

បរទេស ៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Parag Agrawal ប្រធានផ្នែកបច្ចេកវិទ្យា (CTO) ឡើងមកកាន់តំណែងនេះជំនួសលោក Jack Dorsey សហស្ថាបនិកបណ្ដាញសង្គម Twitter បានលាលែងពីតំណែងនាយកប្រតិបត្តិ (CEO) ជាផ្លូវការនៅថ្ងៃចន្ទម្សិលមិញនេះ ដោយតាមប្រភពច្បាស់ការបានបញ្ជាក់ថាលោកចង់ប្រើប្រាស់ពេលវេលាផ្ទាល់ខ្លួនដើម្បីផ្ដោត សំខាន់ លើ ក្រុមហ៊ុនផ្ទាល់ខ្លួនរបសលោកគឺ Square រួមនឹងការងារមួយចំនួនទៀតពាក់ព័ន្ធនឹងរូបិយប័ណ្ណគ្រីបតូ (bitcoin)។

លោក Agrawal ត្រូវបានគេដឹងថាបានបម្រើការងារ អស់រយ:ប្រមាណ ១០ឆ្នាំមកហើយនៅក្នុងក្រុមហ៊ុន Twitter និងជាមនុស្សម្នាក់ដែលបានយល់ដឹងច្បាស់ពីគោលដៅ និងចក្ខុវិស័យ របស់ Twitter ផងដែរ។

ប៉ុន្មានខែចុងក្រោយនេះ បណ្ដាញសង្គម Twitter ក្រោមការដឹកនាំរបស់លោក Dorsey គឺបានធ្វើការបន្ថែមនូវមុខងារប្រើប្រាស់ថ្មីៗជាច្រើន សម្រាប់ផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ ជាពិសេសគឺផ្ដល់លទ្ធភាពដល់អ្នកដែលបង្កើតមាតិកាព័ត៌មានល្អៗអាចស្វែងរកប្រាក់ចំណូលបាន ថែមទៀតផង។

លោក Dorsey គឺជាអ្នកគាំទ្រដ៏យូរមកហើយទៅលើរូបិយប័ណ្ណគ្រីបតូ bitcoin និងបានបញ្ជាក់ថាវាគឺជា «ចំណង់ចំណូលចិត្ត» ហើយការលាឈប់របស់លោកនេះក៏មានពាក់ព័ន្ធទៅនឹង bitcoin ព្រោះតែលោកចង់ប្រើប្រាស់អ៊ីនធើណែត និង bitcoin ដើម្បីបង្កើតប្រាក់ចំណូល និងដើម្បីពិភពលោកទាំងមូលផងដែរ។

គួរបញ្ជាក់ថា លោក Jack Dorsey ជាសហស្ថាបនិករបស់ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គម Twitter ជាមួយលោក Ev Williams, Biz Stone និងលោក Noah Glass ក្នុងឆ្នាំ២០០៦។ ហើយលោកបានកាន់តួនាទីជានាយកប្រតិបត្តិនៃក្រុមហ៊ុនមួយនេះជាងមួយទសវត្សរ៍មកហើយ៕

Facebook Comments
Loading...