សហរដ្ឋអាមេរិកមិនបានទទួលស្គាល់ឡើយចំពោះការអះអាងរបស់ប្រធានាធិបតីតួកគី ថាតម្រូវឲ្យក្រុងអង់ការ៉ាទិញយន្ដហោះចម្បាំង F-16នោះ

0
617

វ៉ាស៊ីនតោន ៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៩ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា សហរដ្ឋអាមេរិកមិនបានទទួលស្គាល់ឡើយចំពោះការអះអាងរបស់ប្រធានាធិបតីតួកគី លោក Tayyip Erdogan ដែលថាទីក្រុងវ៉ាស៊ីនតោនបានដាក់ សំណើឱ្យទីក្រុងអង់ការ៉ាទិញយន្ដហោះចម្បាំង F-16 ជាថ្នូរនឹងការត្រឡប់ចូលរួមក្នុងកម្មវិធីយន្ដហោះចម្បាំង F-35 ឡើងវិញ។

លោក Erdogan កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន បាននិយាយថាសហរដ្ឋអាមេរិកបានដាក់សំណើឱ្យតួកគីទិញយន្ដហោះចម្បាំង F-16 ដើម្បីជាថ្នូរនឹងការត្រឡប់ទៅ ចូលរួមវិញរបស់តួកគីក្នុងកម្មវិធីអភិវឌ្ឍយន្ដហោះចម្បាំង F-35។ នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយនៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) អ្នកនាំពាក្យ ក្រសួងការបរទេសអាមេរិក លោក Ned Price បានបញ្ជាក់ដូច្នេះថា «យើងចង់ជូនដំណឹងទៅអ្នកទាំងអស់គ្នា ពាក់ព័ន្ធនឹងការលើកឡើងរបស់រដ្ឋាភិបាលតួកគីជុំវិញ ផែនការទិញបរិក្ខាយោធា។ អ្វីដែលខ្ញុំអាចនិយាយបាន នោះគឺសហរដ្ឋអាមេរិកមិនបានដាក់សំណើហិរញ្ញវត្ថុណាមួយលើសំណើរទិញយន្ដហោះចម្បាំង F-16 របស់ តួកគីនោះទេ»។

គួរបញ្ជាក់ថា កាលពីដើមខែតុលានេះ, ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថាតួកគីបានដាក់សំណើទិញយន្ដហោះF-16 ចំនួន៤០គ្រឿងពីក្រុមហ៊ុនអាមេរិក Lockheed Martin។ តួកគីក៏ធ្លាប់បានបញ្ជាទិញយន្ដហោះចម្បាំង F-35 ចំនួន ១០០គ្រឿងពីក្រុមហ៊ុន Lockheed Martin ផងដែរ តែសហរដ្ឋអាមេរិកបានដកតួកគី ចេញពីកម្មវិធីអភិវឌ្ឍយន្ដហោះចម្បាំង F-35 កាលពីឆ្នាំ២០១៩ ដោយសារតួកគីទិញប្រព័ន្ធខែលការពារមីស៊ីល S-400 ពីរុស្ស៊ី។ បើតាមលោក Erdogan សហរដ្ឋអាមេរិកបានស្នើឱ្យតួកគីចំណាយប្រាក់ ១.៤ពាន់លានដុល្លារទិញយន្ដហោះ F-16 ជាថ្នូរនឹងការត្រឡប់ចូលរួមឡើងវិញក្នុងកម្មវិធីអភិវឌ្ឍយន្ដហោះ F-35៕

F-16 Fighting Falcon approaching at a very unusual close view

Facebook Comments
Loading...