បន្ទាប់ពីទទួលបានជោគជ័យយ៉ាងត្រចះត្រចង់នៅប្រទេសបារ៉ែនក្រុមកីឡាករជម្រើសជាតិកម្ពុជា បានមកដល់មាតុភូមិវិញហើយ

0
299365

ភ្នំពេញ ៖ បន្ទាប់ពីទទួលបានជោគជ័យយ៉ាងត្រចះត្រចង់នៅប្រទេសបារ៉ែន ក្នុងវគ្គជម្រុះពានរង្វាន់ AFC Asian Cup China 2023 Qualifiers (Play-Off) នាពេលថ្មីៗនេះ ក្រុមកីឡាករជម្រើសជាតិកម្ពុជា បានមកដល់មាតុភូមិវិញហើយ នេះបើយោងតាម Facebook របស់សហព័ន្ធកីឡាបាត់កម្ពុជា (FFC) នៅយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១។FFC បានបញ្ជាក់យ៉ាងដូច្នេះ៖ «កីឡាករនៃក្រុមជម្រើសជាតិកម្ពុជាចំនួន១០រូប និងមន្ត្រីពេទ្យមួយរូបបានធ្វើដំណើរមកដល់ព្រះរាជាណាចក្រកម្ពុជាវិញ នឹងត្រូវបន្តចត្តាឡីស័ក១៤ថ្ងៃ»។ ស្របគ្នានេះ ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំ បានធ្វើដំណើរទៅដល់ប្រទេសជប៉ុនហើយ ដើម្បីចូលរួមការប្រកួត AFC U23 Asian Cup។ ក្រុមនឹងត្រូវបន្តដំណើរទៅកន្លែងស្នាក់ នៅ J-Village ខេត្ត Fukushima។

បើតាមគេហទំព័រ AKP បានឲ្យដឹងដែរថា ក្នុងចំណោមកីឡាករ ៣៦នាក់ គឺក្រុមឈុតធំបានធ្វើដំណើរមកប្រទេសកម្ពុជាវិញ ហើយក្រុមកីឡាករក្រោមអាយុ ២៣ឆ្នាំ បានចាកចេញពីប្រទេសបារ៉ែន ឆ្ពោះទៅប្រកួតជម្រុះ ជើងឯកអាស៊ីក្រោម ២៣ឆ្នាំ (U23) នៅប្រទេសជប៉ុន។ ការប្រកួតនេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។

ដោយឡែក កីឡាករជម្រើសជាតិកម្ពុជាចំនួន ៦នាក់ និងមន្ត្រីម្នាក់ បានឆ្លងជំងឺកូវីដ-១៩។ កីឡាករជម្រើសជាតិកម្ពុជាទាំង ៦នាក់ គឺ កួច សុកុម្ភៈ, ចាន់ វឌ្ឍនាកា, កែវ សុខសិលា, សឿយ វិសាល, សារ៉េត គ្រីយ៉ា និង អៀន ពិសី ដែលត្រូវបន្តស្នាក់នៅប្រទេសបារ៉ែន ដើម្បីព្យាលបាល។

នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានថ្លែងថា កីឡាករជម្រើសជាតិកម្ពុជា និងមន្ត្រីទាំង ៧នាក់ គឺសហព័ន្ធបាល់ទាត់ទ្វីបអាស៉ីអ្នកទទួលខុសត្រូវ ហើយប្រទេសបារ៉ែន ដែលជាម្ចាស់ផ្ទះ ក៏ត្រូវបានរដ្ឋាភិបាលរបស់គេ ចាត់រដ្ឋមន្ត្រីក្រសួងសុខាភិបាល យកចិត្តទុកដាក់ចំពោះការថែទាំអ្នកវិជ្ជមានកូវីដ-១៩ និងព្យាបាលឱ្យកីឡាករ ក៏ដូចជាមន្ត្រីរបស់យើងទាំង ៧រូប ឱ្យបានជាសះស្បើយសិន ទើបឲ្យធ្វើមាតុភូមិនិវត្តន៍តាមក្រោយ។

នាយឧត្តមសេនីយ៍ សៅ សុខា បានសង្កត់ធ្ងន់យ៉ាងដូច្នេះ៖ «មកដល់ពេលនេះ សុខភាពកីឡាករ និងមន្ត្រី គឺធម្មតាមិនមានបញ្ហាអ្វីទេ ដោយសារតែបានចាក់វ៉ាក់សាំងបីដូសទាំងអស់គ្នា។ នេះជាការបញ្ជាក់មួយថា វ៉ាក់សាំងវាជួយយើងដើម្បីកុំឱ្យឈឺធ្ងន់»។

សូមជម្រាបថា ក្រុមគោព្រៃកម្ពុជា បន្តធ្វើបានល្អក្នុងជើងទី២ ដោយយកឈ្នះកោះហ្គាំ ក្នុងលទ្ធផល ២ទល់នឹង១ ហើយសរុបទាំងពីរជើងគឺឈ្នះ ៣ទល់នឹង១ ដែលធ្វើឲ្យមានឱកាសប្រជែងពាន AFC Asian Cup China 2023។

សម្រាប់ដំណើរឆ្ពោះទៅវគ្គបន្ដ ក្រុមជម្រើសជាតិកម្ពុជាបានស្ថិតចូលក្នុងប្រអប់ទី៤ (POT-4) ជាមួយនេប៉ាល់, ម៉ុងហ្គោលី, បង់ក្លាដេស ស្រីលង្ការ និងក្រុមឡើងមកពីវគ្គ Play-Off ដូចគ្នា គឺឥណ្ឌូនេស៊ី ដើម្បីចាប់ឆ្នោតជាមួយ POT ចំនួន ៣ផ្សេងទៀត ដែលក្នុង POT នីមួយៗមាន ៦ក្រុមដូចគ្នា ហើយបែងចែកជា ៦ពូល ក្នុងមួយពូលមាន ៤ក្រុម ដើម្បីបន្ដការប្រកួតជម្រុះរកក្រុមខ្លាំងឡើងទៅជុំផ្ដាច់ព្រ័ត្រនៅប្រទេសចិន នាឆ្នាំ២០២៣។

ចំពោះការប្រកួតជម្រុះជុំទី៣ នឹងចាប់ផ្ដើមនាខែកុម្ភៈ ឆ្នាំ២០២២ ហើយក្រុមឈរលេខ១ នៃពូលទាំង៦ រួមជាមួយក្រុមលេខ២ ល្អជាងគេចំនួន ៥ក្រុម នឹងទទួលបានសិទ្ធិកក់សំបុត្រយន្ដហោះទៅប្រកួតជុំផ្ដាច់ព្រ័ត្រនៅប្រទេសចិន ដែលមានបេក្ខភាព ១៣ក្រុមកំពុងឈរចាំមុនរួមមានម្ចាស់ផ្ទះចិន, ស៊ីរី, អូស្ដ្រាលី, អ៉ីរ៉ង់, អារ៉ាប៊ីសាអ៊ូឌីត, កាតា, ជប៉ុន, អារ៉ាប់រួម, កូរ៉េខាងត្បូង, អ៊ីរ៉ាក់, អូម៉ង់, វៀតណាម និងលីបង់។ ការប្រកួតជុំផ្ដាច់ព្រ័ត្រ ឬវគ្គ២៤ក្រុមចុងក្រោយ គ្រោងប្រកួតពីថ្ងៃទី១៦ ខែមិថុនា ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ៕

Facebook Comments
Loading...