របងថ្មដេប៉ូបូមខ្សាច់រលំបាក់សង្កត់លើផ្ទះប្រជាពលរដ្ឋ នៅសង្កាត់ព្រែកព្នៅមិនទាន់មានសំណងនៅឡើយទេ

0
607

ភ្នំពេញ ៖ ដេប៉ូបូមខ្សាច់មួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ដែលរបងថ្មចំនួន៧ផ្ទាំងបាក់ សង្កត់លើផ្ទះប្រជាពលរដ្ឋចំនួន៨ខ្នង កាលពីវេលាម៉ោង៦ និង៤០ព្រលប់ ថ្ងៃ២៤ ខែកញ្ញា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ចំណុចអតីតការ៉ាសរថយន្ដ ប្រេងឥន្ធនៈតេលា ស្ថិតនៅភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រជាធានីភ្នំពេញ មកដល់ថ្ងៃទី២៧ ខែកញ្ញានេះមិនទាន់មានសំណងនៅឡើយទេ ដោយ​សារតែភាគីខាងក្រុមហ៊ុន និងប្រជាពលរដ្ឋចរចាមិនទាន់ត្រូវគ្នា។

លោកពេជ្រ ស៊ីនួន ចៅសង្កាត់ព្រែកព្នៅ បានប្រាប់តាមទួរស័ព្ទឲ្យដឹងថា ផ្ទះ ដែលខូចខាតទាំងអស់ មានចំនួន៨ខ្នងផ្ទះស្មើនឹង៩គ្រួសារ ជាប្រភេទផ្ទះឈើប្រក់ស័ង្កសី មានទំហំ៤គុណ និង៧ម៉ែត្រត្រូវរងការខូចខាតស្ទើរតែស្រុង និងសម្ភារៈមួយចំនួនធំទៀត នៅក្នុងផ្ទះក៏ត្រូវរងការខូចខាតផងដែរនោះ មកដល់ពេលនេះមិនទាន់មានសំណងនៅឡើយទេ ដោយខាងប្រជាពលរដ្ឋពួកគាត់ទាមទាសំណងខ្ពស់ពេក។

លោកបន្តថា លើកទី១សាលាសង្កាត់បានហៅខាងភាគីក្រុមហ៊ុន និងភាគីខាងប្រជាពលរដ្ឋមកដោះស្រាយជាមួយគ្នាម្តងហើយ តែមិនទាន់ត្រូវគ្នានោះទេដោយសារតែប្រជាពលរដ្ឋពួកគាត់ទាសំណងច្រើនពេករហូតដល់៥០០០ដុល្លាក្នុង១ខ្នងផ្ទះ ចំណែកខាងក្រុមហ៊ុនហ៊ានឲ្យត្រឹម២០០០ដុល្លាប៉ុណ្ណោះ ទើបខាងភាគីក្រុមហ៊ុនដកឃ្លា យកទៅពិចាណាសិន យ៉ាងណានិងជួបគ្នាពេលក្រោយបន្តទៀត។

លោកចៅសង្កាត់បញ្ជាក់ថា បន្ទាប់ពីចរចាមិនត្រូវគ្នាមន្ត្រីសង្កាត់បានទៅជួបសម្របសម្រួលជាមួយខាងភាគីប្រជាពលរដ្ឋ ជាលទ្ធផលប្រជាពលរដ្ឋបានទាសំណងចុះមកត្រឹម៣០០០ដុល្លា ហើយក្រុមការងារសង្កាត់បានទាក់ទងទៅខាងក្រុមហ៊ុនហើយ តែក្រុមហ៊ុនមិនទាន់ឆ្លើយតបមកវិញនោះទេ។

ទាក់ទងនិងករណីនេះក្រុមការងារមិនអាចសុំការបំភ្លឺពីតំណាងក្រុមហ៊ុនបូមខ្សាច់បានទេដោយសារមិនមានលេខទួរស័ព្ទ៕

Facebook Comments
Loading...