ក្រុមសកម្មប្រយុទ្ធតាលីបង់ប្រមាណ៦០០នាក់ត្រូវបានសម្លា..ប់ដោយកងកម្លាំងPanjshir

0
846

បរទេស ៖ អ្នកនាំពាក្យក្រុមរណសិរ្ស លោក Fahim Dashty បានសរសេរនៅលើបណ្តាញសង្គម Twitter ថា ក្រុមប្រយុទ្ធនៃរណសិរ្សតស៊ូជាតិអាហ្វហ្គានីស្ថានដែលប្រឆាំងនឹងការគ្រប់គ្រងរបស់ក្រុមចលនាតាលីបង់ (ក្រុមខុសច្បាប់នៅរុស្ស៊ី) បានសម្លា..ប់ក្រុមសកម្មប្រយុទ្ធតាលីបង់ប្រហែល ៦០០នាក់នៅតំបន់ភាគខាងជើងខេត្ត Panjshir នៃប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃសៅរ៍។

លោកបានសរសេរនៅលើបណ្តាញសង្គម Twitter ថា «ក្រុមភេរវករតាលីបង់ប្រហែល ៦០០នាក់ត្រូវបានសម្លា..ប់នៅក្នុងផ្នែកផ្សេងៗនៃខេត្ត Panjshir ចាប់តាំងពីព្រឹកថ្ងៃសៅរ៍មក» ដោយលោកបាននិយាយបន្ថែមថា ក្រុមសកម្មប្រយុទ្ធជាង ១ ០០០នាក់ត្រូវបានចាប់ដាក់គុក ឬបានប្រគល់ខ្លួន។

នៅពេលមុននេះ អ្នកនាំពាក្យក្រុមតាលីបង់ លោក Bilal Karimi បានសរសេរនៅលើបណ្តាញសង្គម Twitter ថា ពួកតាលីបង់បានកាន់កាប់ស្រុកចំនួន ៤ របស់ខេត្ត Panjshir គឺស្រុក Khinj ស្រុក Unabah ស្រុក Shotul និងស្រុក Paryan។

កាលពីថ្ងៃសុក្រ សារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ប្រភពពីក្រុមតាលីបង់ថា ក្រុមរ៉ាឌីកាល់នេះបានអះអាងថា ពួកគេបានគ្រប់គ្រងទាំងស្រុងទៅលើខេត្តដែលមានការបះបោរមួយនេះ។ ជាមួយគ្នានេះដែរ ប្រភពពីក្នុងស្រុករបស់សារព័ត៌មាន TASS បាននិយាយថា ក្រុមកងកម្លាំងតស៊ូជាតិបានបដិសេធការរាយការណ៍នេះ។

ក្រុមតាលីបង់ (ក្រុមខុសច្បាប់នៅរុស្ស៊ី) បានធ្វើប្រតិបត្តិការវាយប្រហារទ្រង់ទ្រាយធំមួយដើម្បីគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថានឡើងវិញបន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសដកកងកម្លាំងយោធារបស់ខ្លួនចេញពីប្រទេសនេះ។ កាលពីថ្ងៃទី១៥ ខែសីហា ប្រធានាធិបតីអាហ្វហ្កានីស្ថាន លោក Ashraf Ghani បានចុះចេញពីតំណែង ហើយបានភៀសខ្លួនចេញពីប្រទេស ខណៈដែលកងកម្លាំងតាលីបង់បានវាយលុកចូលទីក្រុងកាប៊ុលដោយមិនមានការប្រឆាំងណាមួយ។ កងកម្លាំងដែលប្រឆាំងនឹងការគ្រប់គ្រងរបស់ក្រុមតាលីបង់បានធ្វើការតស៊ូនៅក្នុងខេត្ត Panjshir ដែលដឹកនាំដោយលោក Ahmad Massoud ដែលត្រូវជាកូនប្រុសរបស់មេបញ្ជាការទ័ពព្រៃដ៏ល្បីល្បាញ លោក Ahmad Shah Massoud (ឆ្នាំ១៩៥៣-២០០១)។ អតីតអនុប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Amrullah Saleh ដែលបានប្រកាសខ្លួនឯងថាជាប្រធានាធិបតីចាំផ្ទះបានជំរុញឱ្យប្រទេសទាំងមូលគាំទ្រដល់ការតស៊ូនេះ៕ ប្រភព TASS

Facebook Comments
Loading...