ភ្នំពេញ ៖ បន្ទាប់ពីប្រជុំរកដំណោះស្រាយក្នុងការទប់ស្កាត់នៃការឆ្លងរីករាលដាលបន្តបន្ទាប់ទៀត លោកសុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅ បានចុះចែកអំណោយដល់អ្នកជំងឺកូវិដ១៩ ចំនួន២២គ្រួសារដែលវិជ្ជមានកន្លងមក ហើយអជ្ញាធរខណ្ឌព្រែកព្នៅក៍បានសហការជាមួយសាលារាជធានីភ្នំពេញសម្រេចបិទខ្ទប់សហគមន៍អណ្តូងនៅក្នុងសង្កាត់គោករកាតែម្តង នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ រយៈពេល១៤ថ្ងៃដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវី១៩បន្ថែមទៀត។
លោកសុខ សម្បត្តិ បានមានប្រសាសន៍ថា ការសម្រេចបិទក្នុងសហគមន៍នេះមាន ភូមិអណ្តូង៤ និងអណ្តូង៦ ភូមិអណ្តូង៣ និងអណ្តូង៥ ប្រជាពលរដ្ឋទាំងអស់មានចំនួន១០៨៩នាក់ ស្មើរ៣៨០គ្រួសារ ក្នុងនោះមានអន្ទូង៤មានចំនួន២៨៦នាក់ អណ្តូង៦មានចំនួន៣៨០នាក់ អណ្តូង៣មានចំនួន១៩៥ និងអណ្តូង៥មានចំនួន២២៨នាក់។ ក្នុងនោះផងដែរលោកអភិបាលខណ្ឌក៍បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋ ដែលនៅក្នុងតំបន់បិទខ្ទប់ថែរក្សាសុខភាពឲ្យបានល្អ កុំចេញក្រៅផ្ទះបើមិនមានការចាំបាច់ ហើយមិនយូទេរយៈពេល១៤ថ្ងៃ បើមិនមានការចំលងទេគឺយើងអាចមានសេរីភាពដូចមុនវិញហើយ បើទោះជាយ៉ាងណាត្រូវតែរក្សា៣កុំ និង៣ការពារ ជាប់ជានិច្ច។
លោកបានបញ្ជាក់ថា ក្នុងអំឡុងពេលនៃការអនុវត្តការបិទខ្ទប់ បុគ្គល ឬ នីតិបុគ្គលណា ដែលបំពានវិធានការហាម អាជ្ញាធរត្រូវអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត មិនបណ្តោយឲ្យបុគ្គលមួយកន្តាប់តូចចម្លងគេពេញមួយសហគមន៍នោះទេ។
ចំណែកលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញបានលើកឡើងថា វិធានការដែលត្រូវអនុវត្តន៍ចំពោះភូមិសាស្ត្របិទខ្ទប់ត្រូវចាប់ផ្តើមអនុវត្តន៍សម្រាប់រយៈពេល១៤ថ្ងៃ ដែលគិតចាប់ពីថ្ងៃទី២១ ខែសីហា រហូតដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ សម្រាប់ភូមិអណ្តូង៣ និងអណ្តូង៥ រីឯភូមិអណ្តូង៤ និងអណ្ទូង៦ គឺតម្រូវបិទតែរយៈពេល៧២ម៉ោងប៉ុណ្ណោះ បើក្រុមគ្រូពេទ្យយកសំណាកអស់ហើយមិនមានការឆ្លងទេគឺអាចបើកវិញបាន។
លោកបានបញ្ជាក់ថា ក្នុងអំឡុងពេលនៃការអនុវត្តការបិទខ្ទប់វិធានការដែលត្រូវអនុវត្តសម្រាប់ភូមិសាស្ត្រដែលត្រូវបានកំណត់គឺ បុគ្គលគ្រប់រូបត្រូវបានហាមធ្វើដំណើរចេញពីលំនៅឋាន ចេញក្រៅបានលុះត្រាមានការអនុញ្ញាតក្នុងករណីចាំបាច់ និងមានការអនុញ្ញាតពីអាជ្ញាធរ។ ក្នុងនោះផងដែរលោកក៍បានជំរុញឲ្យអាជ្ញាធរខណ្ឌ កងកម្លាំងមានសមត្ថកិច្ច ត្រូវពង្រឹងឲ្យបានម៉ត់ចត់ទៅលើទីតាំងដែលបានកំណត់ ជៀសវាងការបន្តរីកររាលដាលជម្ងឺកូវីដ-១៩ ទៅតំបន់ផ្សេងទៀត ហើយបើបុគ្គលរូបណាដែលនៅបន្តបំពានការហាមឃាត់របស់អាជ្ញាធរ អាចនឹងប្រឈមវិធានការច្បាប់៕