អភិបាលខណ្ឌព្រែកព្នៅបញ្ជាឲ្យកងកម្លាំងអនុវត្តបម្រាមគោចរឲ្យបានម៉ឺងម៉ាត់ មិនលើកលែងចំពោះបុគ្គលដែលល្មើសឡើយ

0
821

ភ្នំពេញ នាយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះខណ្ឌព្រែកព្នៅ ដែលជាខណ្ឌជាយក្រុងក៏មិនខុសពីខណ្ឌដទៃទៀតដែរ គឺបានអនុវត្តយ៉ាងតឹងរ៉ឹងបំផុតចំពោះអ្នកដំណើរទាំងឡាយណាដែលល្មើសពីបម្រាមបានកំណត់ ដើម្បីមកធ្វើការសាកសួរ ដោយមិនមានការលើកលែងចំពោះបុគ្គលដែលល្មើសនឹងបម្រាមគោចរឡើយ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។

លោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានដាក់បទបញ្ជាឲ្យកងកម្លាំងអនុវត្តបម្រាមគោចរឲ្យបានម៉ឺងម៉ាត់និងមានប្រសិទ្ធភាពបំផុត ដើម្បីឲ្យការអនុវត្តបម្រាមគោចររបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវបម្រាមគោចរជាថ្មីដល់រដ្ឋបាលរាជធានីភ្នំពេញធ្វើការបិទជាបណ្ដោះអាសន្នចំពោះការធ្វើដំណើរពេលយប់ចាប់ពីម៉ោង៩:០០នាទីយប់រហូតដល់ម៉ោង៣ទៀបភ្លឺ ពីថ្ងៃទី៣០ខែកក្កដាដល់ថ្ងៃទី ១២ខែសីហា ដែលមានរយៈពេល១៤ថ្ងៃ។

លោកអភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌផងនោះ បានបញ្ជាទៅអាជ្ញាធរមានសមត្ថកិច្ចដូចជា កម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និងអ្នកពាក់ព័ន្ធទាំងអស់ចំណុះរដ្ឋបាលខណ្ឌព្រែកព្នៅដែលចុះអនុវត្តនូវបម្រាមគោចររបស់រាជរដ្ឋាភិបាលនេះ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់និងមិនមានការលើកលែងចំពោះបុគ្គលបំពានបម្រាមគោចរនេះឡើយ។ បើមានបុគ្គលណាធ្វើសកម្មភាពតបតឬមានអាការស្រវឹងច្រងេងច្រងាងជាមួយសមត្ថកិច្ចមិនចូលរួមដោយប្រការណាមួយនោះ ត្រូវឃាត់ខ្លួនឬនាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីធ្វើការអប់រំណែនាំ ឬពិន័យទៅតាមនីតិវិធី ហើយបើល្មើសធ្ងន់ធ្ងរអាចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តទៀត។

ជាងនេះទៅទៀតលោកសុខ សម្បត្តិ ក៍បានបញ្ជាក់ផងដែរថា បើមានបុគ្គលណាល្មើសនឹងបម្រាមគោចរត្រូវសួរនាំឲ្យបានច្បាស់លាស់ថាតើគាត់មកពីណា ហើយទៅណា មានជាតិស្រវឹងដែរឬទេ បើមានបងប្អូនកម្មករកម្មការិនី ដែលទើបតែត្រឡប់មកពីបំពេញការងារនោះត្រូវពិនិត្យ មើលស្ថានភាពជាក់ស្ដែង ហើយណែនាំបន្ថែមដើម្បីឲ្យគាត់បានដឹងនិងអនុវត្តនូវបម្រាមគោចរនេះ និងអនុញ្ញាតឱ្យគាត់ធ្វើដំណើរទៅលំនៅឋានរបស់គាត់ចុះ។

ជាមួយគ្នានោះលោកអភិបាលក៏បានបញ្ជាឲ្យកងកម្លាំងមានសមត្ថកិច្ចទាំងអស់បន្តការងារត្រួតពិនិត្យនេះដោយបែងចែកវេនគ្នាជាប់ជាប្រចាំរហូតដល់ម៉ោង ៣ទៀបភ្លឺ ធ្វើយ៉ាងនេះទើបយើងអាចចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩បាន ជាពិសេសជំងឺកូវីដ-១៩បំប្លែងថ្មីដែលកំពុងតែយាយីនៅក្នុងសហគមន៍របស់យើង។

សូមបញ្ជាក់ថា៖ នៅគោលដៅត្រួតពិនិត្យបម្រាមគោចរ នៅមុខសាលាខណ្ឌព្រែកព្នៅ ស្ថិតក្នុងសង្កាត់សំរោង បានហៅរថយន្ត និងម៉ូតូអ្នកល្មើសប្រុសស្រីជាច្រើននាក់មកធ្វើការណែនាំ និងពិន័យទៅតាមនីតិវិធីនៃការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។ ការអនុវត្តនូវបម្រាមគោចរនេះបានធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាលបានបង្ហាញពីការរកឃើញជំងឺកូវីដ-១៩ បំប្លែងថ្មី បានចូលមកដល់ក្នុងសហគមន៍ តាមរយៈបងប្អូនពលករចំណាកស្រុក ដែលវិលចូលមកស្រុកវិញពីប្រទេសជិតខាងជាច្រើននាក់ ជាពិសេសខេត្តជាប់ព្រំប្រទល់ដែនកម្ពុជា-ថៃ៕

Facebook Comments
Loading...