ភ្នំពេញ ៖ បុរសម្នាក់ត្រូវក្រុមជនសង្ស័យមួយក្រុមមានគ្នា៣ទៅ៤នាក់ ប្រដាប់ដោយដាវ និងកាំបិត ដេញកាប់តាំងពីក្រោម រហូតរត់ឡើងលើផ្ទះពលរដ្ឋជាន់ទី២មុខវត្តសារវ័ន្តតេជោ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរស្ទើរស្លាប់ស្ទើររស់ក្នុងថ្លុកឈាម សង្ស័យរឿងគុំនំបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២២ និង២០នាទីយប់ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៩ ទល់មុខវត្តសារវ័ន្តតេជោ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនរងគ្រោះពុំត្រូវបានស្គាល់អត្តសញ្ញាណ ហើយក៏ពុំត្រូវបានអ្នកតំបន់នោះស្គាល់ឡើយ គ្រាន់តែដឹងថា មានវ័យប្រមាណជាង៣០ឆ្នាំ។ ចំណែកក្រុមជនសង្ស័យ ក៏ពុំត្រូវបានស្គាល់ដូចគ្នា ព្រោះក្រោយការបង្កហេតុ ពួកគេបានរត់គេចចេញពីកន្លែងកើតហេតុអស់តែម្តង។
យោងតាមប្រភពព័ត៌មានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមនុស្សមួយក្រុមមានគ្នាប្រមាណ៣ ទៅ៤នាក់ ប្រដាប់ដោយដាវ និងកាំបិតបានរត់ដោយថ្មើរជើងដេញកាប់យុវជនម្នាក់ តាមផ្លូវលេខ១៩ រហូតដល់ចំណុចមុខវត្តសារវ័ន្តតេជោ។ ជនរងគ្រោះបានរត់ឡើងទៅលើផ្ទះពលរដ្ឋមួយកន្លែងនៅទល់មុខវត្ត ដើម្បីគេចខ្លួនពីការតាមកាប់ ប៉ុន្តែក្រុមជនសង្ស័យបានរត់ឡើងទៅតាមដល់ជាន់ទី២ ហើយធ្វើសកម្មភាពកាប់ប្រហារយ៉ាងសន្ធប់ទៅលើជនរងគ្រោះ បណ្តាលឲ្យជនរងគ្រោះត្រូវរងធ្ងន់ធ្ងរស្ទើរសុះសាច់ ដេកសន្លប់ក្នុងថ្លុកឈាមគួរឲ្យសង្វែក។ ភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពកាប់ប្រហាររួចមក ក្រុមជនសង្ស័យបានរត់គេចចេញពីកន្លែងកើតហេតុបាត់ស្រមោលសូន្យតែម្តង។ ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះអន្តរាគមន៍ដល់ទីតាំងខាងលើ និងបានទំនាក់ទំនងទៅកាន់រថយន្តសាម៉ុយ ដើម្បីដឹកជនរងគ្រោះយកទៅធ្វើការសង្គ្រោះ។ ចំណែកឯក្រុមជនសង្ស័យដែលធ្វើសកម្មភាពកាប់ប្រហារនោះ សមត្ថកិច្ចកំពុងស្រាវជ្រាវតាមជំនាញក្នុងការតាមចាប់ខ្លួនយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់នៅពេលក្រោយ។
សូមបញ្ជាក់ថា ក្នុងករណីកាប់ប្រហារនេះ គេនៅពុំទាន់ដឹងថា ជាករណីអ្វីឲ្យប្រាកដនៅឡើយនោះទេ ប៉ុន្តែជាជំហានដំបូង សមត្ថកិច្ចសន្និដ្ឋានថា អាចផ្តើមចេញពីករណីគំនុំនឹងគ្នា៕