ភ្នំពេញ ៖ របរចិញ្ចឹមសត្វពពែ អ្នកខ្លះមើលមកថាសាមញ្ញទេ តែបើអ្នកដឹងវិញនោះគឺ មិនធម្មតាឡើយ អោយតែយើងចិញ្ចឹម និងមើលថែវាបានល្អនោះ របរល្មមៗមិនអាចប្រៀបបានឡើយ ហើយគ្រាន់តែមានមេពពែចាប់ពី៥ ទៅ១០ក្បាលនោះ គឺអាចរកចំណូលឲ្យកូនរៀនដល់ចប់មហាវិទ្យាល័យក៍មិនភ័យព្រួយឡើយ ក្នុងការផ្គត់ផ្គង់នោះ។
សត្វពពែគឺជាសត្វជើង៤ មួយប្រភេទងាយស្រួលចិញ្ចឹម វាមានរាងដូចជាសត្វគោក្របីដែរ តែវាមិនមានកម្លាំងអូសទាញដូចគោក្របីនោះទេ សត្វពពែវាស៊ីស្លឹកឈើជាអាហារ គេចិញ្ចឹមវា យកសាច់លក់ដូចជា សត្វជ្រូកអញ្ចឹងដែរ ដែលក្នុង១ឆ្នាំៗវាហុចផលឲ្យច្រើនសម្រាប់អ្នកចិញ្ចឹមវា។
លោកម៊ិន ប៊ុនធឿន ជាអ្នកចិញ្ចឹមសត្វពពែបង្កាត់ពូជន៍ និងយកសាច់លក់ មានទីលំនៅក្នុងភូមិសំរោងកណ្តាល់ សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានប្រាប់កម្ពុជាថ្មីឲ្យដឹងថា លោកចិញ្ចឹមសត្វពពែនេះ អស់រយៈពេល១០ឆ្នាំមកហើយ ដោយចិញ្ចឹមលើកទី១នោះគឺគ្រាន់តែ ចិញ្ចឹមគ្រាន់ល្អមើលប៉ុណ្ណោះ។ លោកបន្តថា កាលលោកចិញ្ចឹមដំបូងទុកគ្រាន់ល្អមើលនោះ មានមេ៣និងឈ្មូល១ក្បាលតែប៉ុណ្ណោះ ដែលក្នុង១ក្បាល់តម្លៃ៦០០ដុល្លា។ តែមកដល់បច្ចប្បន្ននេះ លោកមានពពែប្រមាណ១០០ក្បាល ដែលបានចែកឲ្យគេចិញ្ចឹមខ្លះផង និងលក់ឲ្យឈ្មួញខ្លះផងនោះ គ្រាន់តែតម្លៃលក់មេពូជន៍រាងធ្លាក់ថ្លៃជាងមុនបន្តិច នាបច្ចប្បន្ននេះ។
លោកប្រាប់ឲ្យដឹងទៀតថា ក្នុងមេ១ក្បាល១ឆ្នាំវាកូនបាន៣ដង បើគេចិញ្ចឹមវាយកសាច់លក់វិញ ចាប់ពីកូនកើតមក៥ទៅ៦ខែ ដែលវាមានទម្ងន់រហូតដល់៥០ទៅ៦០គីឡូក្រាម គេលក់វាហើយ ដោយតម្លៃទូទៅក្នុង១គីឡូក្រាម ២៨០០០រៀលឲ្យតែមានពពែលក់គឺមានម៉ូយគេមកទិញដល់ផ្ទះតែម្តង។
លោកបន្តបញ្ជាក់ថា ការចិញ្ចឹមសត្វពពែវាមិនជាពិបាកអ្វីនោះទេ បើយើងធ្វើទ្រុងដាក់វាឲ្យបានត្រឹមត្រូវនោះ គឺមិនមានជម្ងឺអ្វីនោះឡើយ ព្រោះវាជាសត្វមួយប្រភេទងាយ ស្រួលចិញ្ចឹមបំផុត ឆាប់ទទួលបានផល រីកសាយកូនចៅយ៉ាងឆាប់រហ័ស ស៊ីចំណីមិនរើសមុខ អាចចិញ្ចឹមតិច ឬច្រើនទៅតាមលទ្ធភាពរបស់យើង។ ដោយសត្វពពែវាចូលចិត្តស៊ីស្លឹកឈើជាអាហារបំផុត ហើយមិនពិបាកលែងឲ្យវាដើរស៊ីពេញ១ថ្ងៃដូច សត្វគោក្របីនោះទេ គឺគ្រាន់តែពេលព្រឹកយើង ប្រលែងវាឲ្យដើរស៊ីប្រមាណ២ទៅ៣ម៉ោង ហើយពេលល្ងាចប្រមាណជា២ម៉ោងទៀតនោះ គឺគ្រប់គ្រាន់សម្រាប់សត្វពពែវាឆ្អែតហើយ។
លោកបន្តថា សត្វពពែវាមិនមានជម្ងឺអ្វីច្រើននោះទេ គឺមានតែជម្ងឺអ៊ុតក្តាម និងកើតអង់គែ តែវាមិនពិបាកព្យាបាលនោះដែរ ព្រោះលោកចិញ្ចឹមជាង១០ឆ្នាំមកនេះ មិនទាន់មានងាប់១ក្បាល នៅឡើយទេ។ របរចិញ្ចឹមសត្វពពែនេះ អ្នកខ្លះមើលមកថាសាមញ្ញទេ តែបើអ្នកដឹងវិញនោះគឺ មិនធម្មតាឡើយ បើមានមេពពែចាប់ពី៥ទៅ១០ក្បាលនោះ អាចឲ្យកូនរៀនដល់ចប់មិនភ័យព្រួយឡើយ ក្នុងការផ្គត់ផ្គង់នោះ។ បើបងប្អូនណាចង់ចិញ្ចឹមសត្វពពែ និងរៀនពីវិធីចិញ្ចឹមថែរក្សាវាអោយបានល្អនោះ លោកមានពូជនិងបង្រៀនពីវិធីចិញ្ចឹមដោយឥតគិតថ្លៃឡើយ។
ចំណែកអ្នកស្រីប៊ុត សារៀម ជាអ្នកចិញ្ចឹមសត្វពពែរស់នៅភូមិសំរោងកណ្តាល សង្កាត់សំរោង បានប្រាប់ឲ្យដឹងដែរថា លោកបានទិញសត្វពពែពីលោកម៊ិន ប៊ុនធឿន ចំនួន៦ក្បាលរយៈពេលជាង១ឆ្នាំមកហើយ ដោយលោកបានប្រាប់ពីវិធីថែទាំវា និងប្រាប់ពីការធ្វើទ្រុងក្រាលរនៀបឫស្សីឲ្យខ្ពស់ពីដី ព្រោះអាចការពារវាពីសត្វផ្សេងៗ និងការពារវានៅរដូវទឹកឡើង ទឹកភ្លៀង សត្វល្អិត ប្រសើរជាងការចិញ្ចឹមផ្ទាល់លើដី តែយើងនៅមានជម្រើសមួយផ្សេងទៀតដែរគឺការចិញ្ចឹមលើផ្ទៃចាក់សាប ស៊ីម៉ង់ដ៍ ឬលើដីទួលមួយខ្ពស់ដែលមិន លិចទឹក។
អ្នកស្រីបន្តថា តាមការពិតទៅ យើងអាចចិញ្ចឹមពពែនៅលើដីក៏បាន តែត្រូវចាក់ដីត្រង់ទីដែលត្រូវធ្វើទ្រុងឱ្យវានោះឱ្យបានខ្ពស់ជាងដី។ បច្ចប្បន្នមេ៥ក្បាលដែលបានទិញមកនោះ មានកូនសរុបជាង២០ក្បាលហើយ ហើយលោកនិងប្រកបមុខរបរចិញ្ចឹមសត្វពពែ យកសាច់លក់នេះជាបន្តទៀត ព្រោះវាបានផ្តល់ប្រាក់យ៉ាងច្រើនក្នុង១ឆ្នាំៗ ដែលបានធ្វើឲ្យជីវភាព ក្នុងគ្រួសាររបស់លោកបានប្រសើរឡើងបន្ទាប់ពីបានចិញ្ចឹមសត្តពពែនេះមក៕