ភ្នំពេញ ៖ ជនជាតិចិន ទំនើបម៉ាកធុនត្រាក្នុងល្បឿនលឿន និងមិនប្រយ័ត្នក៏បានបុកម៉ូតូហុងដាឌ្រីម ចំហៀងពេញទំហឹង នៅផ្លូវបំបែកជា៤បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ហើយត្រូវរថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាមៗ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២០ និង៥០នាទីយប់ថ្ងៃអាទិត្យ ទី៣០ ខែឧសភា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវ៥៧ កែងផ្លូវ៣០២ ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
សាក្សីដែលឃើញហេតុបានលើកឡើងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BF-5390 ធ្វើដំណើរតាមបណ្ដោយផ្លូវ៥៧ ទិសដៅពីត្បូងមកជើង ក្នុងល្បឿន ខណៈមកដល់ផ្លូវបំបែកជាបួងត្រង់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក Tundra ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AY-8916 បើកបរដោយជនជាតិចិន ដែលធ្វើដំណើរតាមបណ្ដោយផ្លូវ៣០២ ទិសដៅពីកើតមកលិចក្នុងល្បឿនលឿន និងមិនប្រយ័ត្នក៏បានបុកម៉ូតូហុងដាឌ្រីម ជិះដោយបុរសម្នាក់ បណ្ដាលឲ្យដួលខ្ទាតចេញពីម៉ូតូរងរបួសធ្ងន់ រីឯម៉ូតូក៏រងការខូចខាតតែម្តង។
ប្រភពដដែលបានឲ្យដឹងទៀតថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ ភាគីរថយន្តបង្កដែលជាជនជាតិចិនមិនបានបើករថយន្តរត់គេចនោះទេ ផ្ទុយទៅវិញគឺអែបរថយន្តឈប់ហើយបានជួយជនរងគ្រោះ និងទៅពិនិត្យមើលជនរងគ្រោះដល់មន្ទីរពេទ្យទៀតផងដែរ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ ហើយឲ្យតំណាងភាគីរងគ្រោះ និងភាគីបង្កធ្វើការសម្របសម្រួលគ្នា ដោយភាគីបង្កព្រមចេញថ្លៃព្យាបាលទាំងស្រុង និងការខូចខាតម៉ូតូរបស់ជនរងគ្រោះដើម្បីបញ្ចប់រឿង៕