បរទេស ៖ វិមានក្រឹមឡាំងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃសុក្របានជួបជាមួយសមភាគីបេឡារុស្ស គឺលោក អេឡិចសិនឌ័រ លូកាស្សិនកូ នៅទីក្រុងសូជី ដែលជាកន្លែងដែលមេដឹកនាំទាំងពីរបានពិភាក្សាគ្នាបន្ទាប់ពីមានករណីឧប្បត្តិហេតុ Ryanair ។
លោក ពូទីន បានយល់ស្របនឹងគំនិតរបស់លោក លូកាស្សិនកូ ថា ប្រតិកម្មតបទៅនឹងការចុះចតរបស់យន្តហោះ Ryanair បានបង្ហាញនូវការរំជួលចិត្តមួយ ហើយបាននិយាយបន្ថែមថា លោកមានចំណាប់អារម្មណ៍ទូទៅជាច្រើនទៀតដែលមេដឹកនាំអាចពិភាក្សាគ្នាបាន។
លោក ពូទីន បានរំលឹកអំពីករណីឧប្បត្តិហេតុមួយដែលបានកើតឡើងក្នុងឆ្នាំ ២០១៣ នៅពេលដែលយន្តហោះរបស់ប្រធានាធិបតីបូលីវីត្រូវបានបង្ខំឱ្យចុះចតនៅទីតាំងផ្សេង ដោយបានបង្ហាញថា ប្រតិកម្មតបវិញនៅពេលនោះគឺមានភាពស្ងប់ស្ងាត់។
លោក លូកាស្សិនកូ បានប្រាប់ទៅមេដឹកនាំរុស្ស៊ីថា លោកនឹងបង្ហាញឯកសារទាក់ទងនឹងការចុះចតបន្ទាន់នៃការហោះហើររបស់យន្តហោះ Ryanair ។
ដោយនិយាយអំពីការធ្វើបាតុកម្មទ្រង់ទ្រាយធំប្រឆាំងនឹងការបោះឆ្នោតក្នុងឆ្នាំ ២០២០ នៅប្រទេសបេឡារុស្ស លោកបាននិយាយថា «មានការប៉ុនប៉ងរំញោចស្ថានភាព ដូច្នេះវានឹងត្រូវបានបញ្ចប់ដោយស្រដៀងទៅនឹងខែសីហាឆ្នាំមុន… វាច្បាស់ណាស់ថា នេះជាអ្វីដែលមិត្តភក្តិលោកខាងលិចទាំងនេះចង់បានពីយើង»។
ក្រុមហ៊ុនអាកាសចរណ៍ Ryanair របស់អៀរឡង់បាននិយាយថា ជើងហោះហើរលេខ FR4978 ពីទីក្រុង Athens ទៅកាន់ទីក្រុង Vilnius ត្រូវបានហោះហើរឆ្ពោះទៅកាន់អាកាសយានដ្ឋានក្នុងទីក្រុង Minsk កាលពីថ្ងៃអាទិត្យ ខណៈដែលនាវិកនៅលើយន្តហោះត្រូវបានគេជូនដំណឹងដោយអាជ្ញាធរបេឡារុស្សអំពីការគំរាមកំហែងសន្តិសុខដែលអាចកើតមាន៕ (ប្រភពAKP )