វិធានការបិទខ្ទប់នេះ មិនមែនធ្វើឡើងដើម្បីសម្លាប់ពលរដ្ឋទេ តែជាវិធានការដើម្បីប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល

0
967

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ ថាវិធានការបិទខ្ទប់ (Lockdown) រាជធានីភ្នំពេញនេះ មិនមែនធ្វើឡើងដើម្បីសម្លាប់ប្រជាពលរដ្ឋខ្មែរនោះទេ ប៉ុន្តែជាវិធានការដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ និងដើម្បីសង្គមជាតិទាំងមូល។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ពាក់ព័ន្ធនឹងស្ថានភាព Lockdown រាជធានីភ្នំពេញ  លោក ឃួង ស្រេង បានឲ្យដឹងថា អំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ ១៤ថ្ងៃនេះ រាជរដ្ឋាភិបាល បានទុកសិទ្ធិឲ្យប្រជាពលរដ្ឋអាចដើរទៅផ្សារទិញទំនិញ និងធ្វើដំណើរចេញក្រៅ បាន ពេលមានការចាំបាច់ផ្សេងៗ។ នេះជាចរិតទន់ភ្លន់ ដែលជាការគិតគូររបស់រាជរដ្ឋាភិបាល ចំពោះប្រជាពលរដ្ឋយ៉ាងច្បាស់លាស់។

លោកអភិបាលរាជធានីភ្នំពេញ ថែមទាំងរំលឹកថា បើទោះបីរាជធានីភ្នំពេញត្រូវបាន Lockdown រយៈពេល ១៤ថ្ងៃ ហាងទំនិញ លក់ម្ហូបអាហារ ភេសជ្ជៈ និងរបស់របរចាំបាច់ប្រើប្រាសប្រចាំថ្ងៃមួយចំនួន នៅតែបន្តបម្រើជូនប្រជាពលរដ្ឋ។ លោកក៏សំណូមពរ ប្រជាពលរដ្ឋកុំមានការយល់ច្រឡំថា ហាងទាំងអស់ត្រូវបានបិទ ខណៈ ធ្វើឲ្យមានក្រុមឈ្មួញទុច្ចរិតមួយចំនួន ឆ្លៀតតម្លើងថ្លៃទំនិញទៀតនោះ។

លោក ឃួង ស្រេង បានសុំការយោគយល់ពីប្រជាពលរដ្ឋ អំឡុងពេលបិទខ្ទប់នេះ និងស្នើសុំឲ្យចូលរួមទាំងអស់គ្នា ដើម្បីកម្ចាត់កូវីដ១៩។ លោកសង្កត់ធ្ងន់ថា វិធានការបិទខ្ទប់នេះ មិនមែនធ្វើឡើងដើម្បីសម្លាប់ពលរដ្ឋទេ តែជាវិធានការដើម្បីប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ធ្វើឡើងទាំងទើសទាល់បំផុត ព្រោះដឹងថាបងប្អូនប្រជាពលរដ្ឋប្រាកដជាមានការលំបាក និងមានការថ្នាំងថ្នាក់ ប៉ុន្តែបើបងប្អូនពិចារណាឲ្យបានដិតដល់ បងប្អូននឹងមិនថ្នាំងថ្នាក់ជាមួយឪពុកម្តាយ ដែលតឹងតែងជាមួយកូនទេ ។

លោកបន្តថា សូមបងប្អូនប្រជាពលរដ្ឋកុំស្តាប់ពាក្យចចាមអារ៉ាម បំផ្លើស និងបំភ័យធ្វើឲ្យឈ្មួញទុច្ចរិត ឆ្លៀតឱកាសតម្លើងថ្លៃទំនិញ និង គ្រឿងឧបភោគ បរិភោគ។ ក្នុងសេចក្តីសម្រេច រាជរដ្ឋាភិបាល បានទុកឲ្យរោងចក្រសហគ្រាស ផលិតគ្រឿងឧប ភោគបរិភោគ ឲ្យដំណើរការនៅដដែល»។

សូមបញ្ជាក់ថា៖  រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចពិសេសបន្ទាន់មួយ ដោយប្រកាសបិទរាជធានីភ្នំពេញទាំងស្រុង និងក្រុងតាខ្មៅរយៈពេល ១៤ថ្ងៃ ចាប់ពីវេលាម៉ោង ០០៖០០នាទីឈានចូលថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។ វិធានការបិទរាជធានីភ្នំពេញ និងក្រុងតាខ្មៅនេះ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងមានការកើនឡើងខ្លាំង។   ដើម្បីអស់មន្ទិលសង្ស័យ និងងាយស្រួលក្នុងការបកស្រាយចម្ងល់ជូនប្រជាពលរដ្ឋ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសដាក់ប្រើប្រាស់នូវលេខទូរស័ព្ទ Hotline និងលេខ៣ប្រព័ន្ធផ្សេងទៀត ដើម្បីឲ្យប្រជាពលរដ្ឋទំនាក់ទំនងសួរសំណួរបន្ថែម នៅពេលមានចម្ងល់ណាមួយពាក់ព័ន្ធបញ្ហាបិទខ្ទប់ (Lockdown) រាជធានីភ្នំពេញ និងក្រុងតាខ្មៅ។ លេខទូរស័ព្ទដើម្បីប្រជាពលរដ្ឋសាកសួរនូវចម្ងល់ផ្សេងៗរួមមាន៖*ទី១៖ Hotline ១២៩៩ *ទី២៖០៨៩ ៣៧៩ ៧៧៧ *ទី៣៖.០៧៧ ៨៥៦ ៩៦៦ *ទី៤៖០៩៩ ៤២៩ ០៤០ ក្រៅពីលេខទូរស័ព្ទខាងលើនេះ ប្រជាពលរដ្ឋក៏អាចឆាតចូលទំព័រ Facebook ផ្លូវការរបស់រដ្ឋបាលរាជធានីភ្នំពេញ និងចូលទៅ Telegram ពន្យល់វិធានការរដ្ឋបាល របស់សាលារាជធានីភ្នំពេញ បានផងដែរ ហើយមន្ដ្រីរបស់រដ្ឋបាលរាជធានីភ្នំពេញ និងធ្វើការឆ្លើយតបភ្លាមៗ៕

Facebook Comments
Loading...