កីឡាបរទេស ៖ មិនមែនខឹងលេងចាញ់ទេតែក្លិប Valencia បាននាំគ្នាដើរចេញពីទីលានប្រកួតក្រោយពីអាជ្ញាកណ្តាលមិនសូវជាអើពើ ក្នុងនៅអំឡុងប្រកួតទល់នឹងម្ចាស់ផ្ទះ Cadiz បន្ទាប់ពីទទួលរងនូវការរើសអើងពូជសាសន៍ជាខ្លាំង មិនអាចទទួលយកបាននៅអំឡុងការប្រកួត។
កីឡាករខ្សែប្រយុទ្ធ Mouctar Diakhaby របស់ Valencia មានការខឹងសម្បារយ៉ាងខ្លាំង ក្រោយទទួលរងនូវការរើសអើងពូជសាសន៍ បន្ទាប់ពីប៉ះទង្គិចគ្នាជាមួយ Juan Cala របស់ក្លិប Cadiz កាលក្នុងវគ្គទី១ ដោយមានការប្តឹងផ្តល់ដល់អាជ្ញាកណ្តាលផងដែរនៃការប្រកួតក្នុងក្របខណ្ឌ La Liga នារាត្រីថ្ងៃអាទិត្យទី០៤ ខែមេសា ឆ្នាំ២០២១នេះ។
បន្ទាប់ពីទទួលរងនូវការរើសអើងពូជសាសន៍ជាខ្លាំង មិនអាចទទួលយកបាននៅអំឡុងប្រកួត ហើយឃើញអាជ្ញាកណ្តាលមិនសូវជាអើពើផងនោះ ក្រុមកីឡាករ Valencia បាននាំគ្នាដើរចេញពីទីលានប្រកួតតែម្តង ជាមួយគ្នានោះក្លិបក៏បានចេញសេចក្តីថ្លែងថា កីឡាករ Diakhaby របស់ពួកគេទទួលរងនូវការរើសអើងពូជសាសន៍ដោយអយុត្តិធម៌ និងមិនអាចទទួលយកបាននៅអំឡុងការប្រកួត។
តែយ៉ាងណាក្រោយមក បន្ទាប់ពីមានការសម្រួល និងស្រុះស្រួលគ្នាវិញមក ក្រុមValencia ដែលជាភ្ញៀវខាងលើក៏បានវិលចូលទីលានវិញ និងប្រកួតបន្ត ដែលក្រុមម្ចាស់ផ្ទះ Cadiz បានយកឈ្នះ Valencia ក្នុងលទ្ធផលផ្លូវការ ២-១ ហើយមានមតិលើឡើងថា បើទោះជាលេងបានវិញតែកីឡាករក្រុម Valencia អាចបាក់ទឹកចិត្តដោយសារតែការរើសអើងពូជសាសន៍នេះ។
បើតាមលោក Jose Gaya លើកឡើងក្រោយចប់ការប្រកួតពេញម៉ោងថា ប្រសិនបើកីឡាករក្រុមភ្ញៀវនៅតែតវ៉ាមិនព្រមចូលលេងដើម្បីបញ្ចប់ការប្រកួតពេញម៉ោង៩០នាទីទេនោះក្លិប Valencia អាចប្រឈមទៅនឹងការកាត់ពិន្ទុពីគណកម្មការក្នុងក្របខណ្ឌ La Liga៕