ស្ថានការណ៍មីយ៉ាន់ម៉ាកាន់តែកើនកំដៅខ្លាំងដោយបាតុករស្លាប់ជិត៥រយនាក់ហើយ !

0
1010

រ៉ង់ហ្គូន ៖ កងកម្លាំងសន្តិសុខយោធាមីយ៉ាន់ម៉ា បានសម្លាប់អ្នកតវ៉ាប្រឆាំងរដ្ឋប្រហារម្នាក់ និងបានធ្វើឲ្យក្មេងតូចម្នាក់រងរបួស នៅក្នុងអំពើហិង្សាថ្មីៗពេញមួយយប់ ខណៈក្រុមសកម្មជនប្រឆាំងយោធា បាននិងកំពុងអំពាវនាវដល់ ក្រុមប្រដាប់អាវុធជនជាតិភាគតិច ឲ្យគាំទ្រការតស៊ូរបស់ពួកគេ ប្រឆាំងនឹងការគ្រប់គ្រងរបស់យោធា។ នេះបើយោងតាមសារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១។

ប្រភពខាងលើនេះបានឲ្យដឹងបន្តថា ក្រោយពីមានការបង្ហូរឈាមដ៏អាក្រក់បំផុត ដែលបានបណ្តាលឲ្យមនុស្សសរុប ១១៤នាក់ស្លាប់កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បានបើកការបាញ់ប្រហារជាថ្មី នៅក្នុងពិធីបុណ្យសពមួយ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ។ ទន្ទឹមនឹងនេះសមាគមផ្ដល់ជំនួយសម្រាប់អ្នកទោសនយោបាយ (AAPP) បានឲ្យដឹងបន្ថែមថា មនុស្ស១៣នាក់ផ្សេងទៀត ត្រូវបានសម្លាប់នៅក្នុងការបង្ក្រាប ដោយកងកម្លាំងរក្សាសន្តិសុខមីយ៉ាន់ម៉ា ដែលនាំឱ្យចំនួនជនស៊ីវិលសរុប ដែលត្រូវបានសម្លាប់ គិតចាប់តាំងពីរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ កើនឡើងដល់ ៤៥៩នាក់ ។

ដោយឡែកនៅថ្ងៃនេះវិញប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមីយ៉ាន់ម៉ាដូចជា DVB និង មីហ្ស៊ីម៉ា (Mizzima) បានចេញផ្សាយថា បុរសម្នាក់ត្រូវបានបាញ់សម្លាប់ ដោយកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា កាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញនេះ នៅទីក្រុងផាថេន (Pathein) នៃតំបន់ អាយ៉េយ៉ាវ៉ាដឌី (Ayeyarwaddy) ខណៈក្មេងតូចអាយុ ១ឆ្នាំកន្លះម្នាក់ ត្រូវបានរងរបួសដោយសារការផ្ទុះអាវុធ នៅក្នុងសង្កាត់ ដាហ្គនខាងត្បូង (South Dagon) នៃទីក្រុងរ៉ង់ហ្គូន (Yangon)។

បើទោះបីយ៉ាងណាក្តី ក្រុមសំខាន់មួយក្នុងចំណោមក្រុមសំខាន់ៗនោះគឺ គណៈកម្មាធិការរៀបចំកូដកម្ម GSCN ដែលកំពុងដឹកនាំការធ្វើបាតុកម្ម ទូទាំងប្រទេសមីយ៉ាន់ម៉ា បានបង្ហោះសារមួយនៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ជាការជំរុញឱ្យក្រុមប្រដាប់អាវុធជនជាតិភាគតិច «រួមគ្នាការពារប្រជាជន យុវជន ស្ត្រី កុមារ និងមនុស្សចាស់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា» ដែលកំពុងប្រឆាំងនឹងការគ្រប់គ្រងរបស់យោធា៕

Facebook Comments
Loading...