ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាបើករថយន្តហាយលែនឌ័របុករះម៉ូតូ២គ្រឿង បណ្ដាលឲ្យបុរស២នាក់ស្លាប់ និងបុរស២នាក់ទៀតរងរបួសធ្ងន់ស្រាល ដែលគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃអាទិត្យទី២៨ ខែមីនា ឆ្នាំ២០២១ ត្រង់ចំណុចស្តុបចំការដូង ហៅស្តុបផ្សារថ្នល់បត់ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ទី១មានឈ្មោះ ស៊ីម វ៉ុល ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិតាមុំ ឃុំដូង ស្រុកប្រាសាទបល័្លង្គ ខេត្តកំពង់ធំ។ ជនរងគ្រោះដែលស្លាប់ទី២មានឈ្មោះ យន ខី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ រស់នៅភូមិសុជុល ឃុំផាន់ញឹម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ អ្នកទាំង២ជិះម៉ូតូម៉ាកAIR BLADE ពណ៌ក្រហម លាយខ្មៅ ត្រូវរថយន្តបង្កបុកចំពីក្រោយដាច់ស្លាកលេខបាត់ និងរងការខូចខាត យ៉ាងដំណំ។
ចំណែកអ្នករងរបួសធ្ងន់ស្រាល២នាក់ទៀតមិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយដោយជិះម៉ូតូម៉ាកឌ្រីមសង់ C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ផ្លាកលេខកំពង់ធំ1J.6737 ។ ដោយឡែកចំពោះអ្នកបើកបររថយន្ត បង្កមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេដោយបើករថយន្តម៉ាក ហាយលែនឌ័រ ពណ៌ខៀវ ស៊េរីឆ្នាំ២០០២ ពាក់ផ្លាកលេខភ្នំពេញ2AS.1871 កំពិតផ្នែកខាងមុខ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេឃើញរថយន្តហាយលែនឌ័រ មួយគ្រឿងបើកបរតាមបណ្តោយផ្លូវ២១៧ ទិសដៅពីត្បូងមកជើង ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើក៏បានបុកម៉ូតូម៉ាកអ៊ែផ្លេត (AIR BLADE)មួយគ្រឿងជិះដោយបុរស២នាក់ពីក្រោយអូសជាង២០ម៉ែត្របានស្លាប់ក្រោយពេលបញ្ជូនទៅមន្ទីពេទ្យនិងបន្តបុកម៉ូតូឌ្រីមសង់មួយគ្រឿងទៀតដែលឈប់រង់ចាំស្តុបជិះដោយបុរស២នាក់ បណ្ដាលឲ្យរងរបួសស្រាលម្នាក់ ធ្ងន់ម្នាក់។ ភ្លាមៗគេសង្កេតឃើញអ្នកនៅក្នុងរថយន្តបង្កមានប្រុសមួយ ស្រីមួយបានចុះមកស្រវឹងស្រា ដើរត្រេតត្រូតទៅសំពះគេគ្រប់ៗគ្នារហូតដល់សមត្ថកិច្ចបានមកដល់ក៏ចាប់យកទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីរង់ចាំបញ្ជូនបន្ត ទៅជំនាញចរាចរណ៏ក្រុងចាត់ការបន្តតាមនីតិវិធី។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកវាស់វែងស្ទួចយកម៉ូតូនិង រថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕