សង្ស័យស្រវឹងស្រា បុរសម្នាក់បានបើករថយន្តជ្រុលទៅបុកនារីម្នាក់ដែលកំពុងតែជិះម៉ូតូ រួចបន្តជ្រុលទៅរថយន្ត១គ្រឿងទៀតក្រឡាប់បាស់ជើងខ្លួនឯង

0
739

ភ្នំពេញ ៖ សង្ស័យស្រវឹងស្រា បុរសម្នាក់បានបើករថយន្តចេញពីគ្លីនិកឯកជន ហើយបានជ្រុលទៅបុកនារីម្នាក់ដែលកំពុងតែជិះម៉ូតូមួយគ្រឿងនៅខាងមុខបណ្តាលឲ្យរងរបួស រួចរថយន្តបង្កបានជ្រុលទៅរថយន្តស៊េរីទំនើបមួយគ្រឿង បណ្តាលឲ្យក្រឡាប់បាស់ជើងខ្លួនឯង ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ និង២០នាទីព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅក្នុងបុរីពិភពថ្មី ផ្លូវលេខ៧ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រភពព័ត៍មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុមានបុរសម្នាក់បានបើករថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រ ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2AN 2199 ចេញពីគ្លីនិកឯកជនមួយកន្លែងក្បែរនិងកន្លែងកើតហេតុប្រហែលជាង៥០ម៉ែត្រ ដោយធ្វើដំណើរទិសដៅពីកើតទៅលិចក្នុងស្ថានភាពស្រវឹងស្រឿងៗក៏ជ្រុលទៅបុកនារីម្នាក់ដែលកំពុងតែជិះម៉ូតូមួយគ្រឿងនៅខាងមុខបណ្តាលឲ្យរងរបួសស្រាល រួចក៏ជ្រុលទៅបុករថយន្តស៊េរីទំនើបមួយគ្រឿងទៀតម៉ាកCOROLADO ពណ៍ស ពាក់ស្លាកលេខភ្នំពេញ2 BI 3508 ដែលកំពុងធ្វើដំណើរបញ្រ្ចាស់ទិសគ្នាពីទិសដៅពីលិចទៅកើតបណ្តាលឲ្យរថយន្តស៊េរីទំនើបរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំនិងទៅមុខលែងរួច ចំណែករថយន្តបង្កបានក្រឡាប់បាស់ជើងខ្លួនឯង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការណ៍ជាមួយកម្លាំងជំនាញចរាចរណ៍ខណ្ឌចុះមកធ្វើការវាស់វែងនៅកន្លែងកើតហេតុនិងឃាត់អ្នកបើកបររថយន្តបង្កនិងស្ទូចយករថយន្តទាំង២គ្រឿងរួមនិងម៉ូតូនារីរងគ្រោះយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីដោះស្រាយគ្នាតាមច្បាប់៕

Facebook Comments
Loading...