ស្ត្រីម្នាក់វាយកូនស្រីអាយុ៧ឆ្នាំយ៉ាងព្រៃផ្សៃរឿងយកលុយ២ពាន់រៀល ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហើយ

0
763

ពោធិ៍សាត់ ៖ ស្រ្ដីម្នាក់គ្រាន់តែរឿងកូនយកលុយ២ពាន់រៀលយកទៅទិញទឹកខ្នុរក្រឡុកចំនួន៤ដប យកមកចែកបងប្អូនផឹក ស្ទុះទៅចាប់បោចសក់កូន វាយជាន់ក បង្ហាញនូវភាពឃោរឃៅ ហើយត្រូវបានចែករំលែកតាមបណ្ដាញសង្គម ពេលនេះត្រូវសមត្ថកិច្ចនគរបាលខេត្តពោធិសាត់ចុះទៅឃាត់ខ្លួនបានហើយដើម្បី នាំទៅចាត់ការតាមច្បាប់។

លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបញ្ជាក់ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ថា បន្ទាប់ពីទទួលបានព័ត៌មាននេះ កម្លាំងជំនាញ នៃនាយកដ្ឋាន បានសហការជាមួយស្នងការដ្ឋាននគរបា​លខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវ រហូតរកឃើញជនបង្ក។ អំពើហិង្សានេះ បានបង្កឡើងវដោយម្តាយបង្កើត ឈ្មោះ វ៉ែន សុធន់ អាយុ២៦ឆ្នាំ ជនជាតិខ្មែរ បានវាយកូនស្រីបណ្តាលឲ្យរងរបួស។ រីឯក្មេងស្រីរងគ្រោះឈ្មោះ ឈឿន ណារី អាយុ៧ឆ្នាំ ជនជាតិខ្មែរ ត្រូវជាកូនបង្កើត។

មន្រ្ដីនគរបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា កាលពីវេលាម៉ោងប្រហែល៨ព្រឹក ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ក្មេងស្រីងរងគ្រោះបានយកលុយចំនួន២០០០រៀលទៅទិញទឹកខ្នុរក្រឡុកចំនួន៤ដប យកមកចែកបងប្អូនផឹក។ លុះពេលនាងដើរមកដល់ផ្ទះ ស្រាប់តែម្តាយសួរនាំកូន ទើបនាងឆ្លើយប្រាប់ថា៖ មកពីទិញទឹកខ្នុរក្រឡុកចែកបងប្អូនផឹក។ គ្រាន់តែឮបែបនេះ ស្រាប់តែម្តាយស្ទុះទៅវាយបោចសក់ ទះកំផ្លៀង និងជាន់កនៅលើដី បណ្តាលឲ្យក្មេងរងគ្រោះ រងរបួសគ្រាំខាងក្នុងខ្លួន។

មន្រ្ដីនគរបាលដដែលបានបន្ដថា មូលហេតុដោយសារតែជនរងគ្រោះបានយកលុយទៅចាយអស់២០០០រៀល ទើបត្រូវជាម្តាយវាយធ្វើបាបដូច្នេះ។ លុះមកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ដោយមានការសម្របសម្រួលពីលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានចុះទៅឃាត់ខ្លួនឈ្មោះ វ៉ែន សុធន់ ភេទស្រីអាយុ២៦ឆ្នាំ ជនជាតិខ្មែរ។

ក្រោយពេលឃាត់ខ្លួនរួចមក សមត្ថកិច្ចបាននាំខ្លួនស្ដ្រីជាម្ដាយ មកកាន់អធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីសាកសួរ និងចាត់ការបន្ដតាមច្បាប់៕

Facebook Comments
Loading...