ធឿន ធារ៉ា ស្វាគមន៍វង្ស វិឆ័យ មកសងសឹក ខណៈឡុង ជិន ឡើងសងសឹកសូត្រ វាសនា ម្តងទៀត

0
860

ភ្នំពេញ ៖ កីឡាករទម្ងន់ធ្ងន់វង្ស វិឆ័យ អ្នកប្រដាល់របស់ក្លិបកងពលតូចទ័ពពិសេសឆត្រយោង៩១១ ឡើងសងសឹកកីឡាករដែលកំពុងមានប្រជាប្រិយគឺកីឡាករធឿន ធារ៉ា អ្នកប្រដាល់នៃក្រសួងកសិកម្ម ខណៈកីឡាករឡុង ជិន អ្នកប្រដាល់មកពីក្លិបខ្លារខិនមានរិទ្ធ ឡើងសងសឹកកីឡាករសូត្រ វាសនា អ្នកប្រដាល់របស់ក្លិបបក្សីស្លាបដែក នៅលើសង្វៀនស៊ីអិនស៊ី នាល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១នេះ។

កីឡាករវង្ស វិឆ័យ ត្រូវជួបកីឡាករធឿន ធារ៉ា ក្នុងប្រភេទម្ងន់៦៩គីឡូក្រាម អ្នកទាំងពីរធ្លាប់ជួបគ្នាជាច្រើនលើកមកហើយ មានឈ្នះមានចាញ់ទៅវិញទៅមកម្តងមក។ ស្នៀតខ្លាំងរបស់វង្ស វិឆ័យ គឺជង្គង់ និងកណ្តាប់ដៃ ប៉ុន្តែការប្រកួតលើកនេះត្រូវបានអ្នកតាមដានកីឡាប្រដាល់គុនខ្មែរលើកឡើងថា វង្ស វិឆ័យ មានភាគរយឈ្នះតិចដោយមិនអាចសងសឹកលើកីឡាករធឿន ធារ៉ា បាននោះទេ។ ព្រោះស្នៀតខ្លាំងរបស់គេ គឺកែង កណ្តាប់ដៃ និងជើងទាត់កាត់ ហើយគេមានកម្ពស់ខ្ពស់ជាអំណោយផលក្នុងការវាយលក្ខណគុនខ្មែរទៀតផង តែយ៉ាងណាបច្ចប្បន្នគេប្រកួតរាងធ្លាក់កម្លាំងស៊ុហ្វបន្តិច។ ចាំមើលវង្ស វិឆ័យ អាចសងសឹកធឿន ធារ៉ា បានដែរឬយ៉ាងណា?។

​ដោយឡែកកីឡាករ​​ឡុង ជិន សងសឹកនិងកីឡាករសូត្រ វាសនា ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។ កីឡាករឡុង ជិន ជា​អ្នក​ប្រដាល់​​​មាន​ស្នៀត​ប្រដាល់​ល្អ វាយ​ចេញចូល​លឿន និង​រហ័ស ​និង​មាន​បច្ចេកទេស​ក្នុងការ​ប្រកួត​ល្អ​ដែរ​។ មួយទៀត គេ​វាយ​រហ័ស ដក​រហ័ស ចេញចូល​លឿន ​និង​មាន​ផ្លែ​ល្អ​ថែមទៀត តែតាំងពីរងរបួសដៃម្តងមកវាយរាងធ្លាក់ជាងមុនបន្តិច។

ចំណែកកីឡាករសូត្រ វាសនា គេមានស្នៀតកណ្តាប់ដៃ និងកែងវាយចេញបានល្អ វាយមួយៗមែនតែចំគោលដៅ ពិសេសស្នៀតទាត់ផ្កាប់ចាន និងជើងធាក់កណ្តាលមុខគូប្រកួត។ កីឡាកររូបនេះវ័យក្មេងមែនតែវាយមិនងាយច្រឡោតជាមួយគូប្រកួតនោះទេ ហើយវាយមិនមើលស្រាលដៃគូណាម្នាក់នោះដែរ តែយ៉ាងណាការប្រកួតដែលគេមើលថាអាចផ្តួលបានគឺគេមិនប្រោសនោះទេ។ ចាំមើលកីឡាករឡុង ជិន អាចសងសឹកកីឡាករសូត្រ វាសនា បានដែរឬយ៉ាងណា?៕

 

Facebook Comments
Loading...