បរទេស ៖ មានមនុស្សយ៉ាងហោចណាស់ ចំនួន៣នាក់បានស្លាប់ និងជាង១ពាន់នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាល នៃពិធីបុណ្យលោតកាត់ព្រះអគ្គី និងបាញ់កាំជ្រួចភ្ញីភ្លើង ដើម្បីស្វាគមន៍ឆ្នាំថ្មី តាមប្រពៃណីប្រជាពលរដ្ឋអ៊ីរ៉ង់ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ។
លោក Pirhossein Koulivand មន្ត្រីគ្រង់គ្រងគ្រោះអាសន្នអ៊ីរ៉ង់ បានឱ្យដឹងថា ពិធីបុណ្យតាមប្រពៃណីរបស់ប្រជាពលរដ្ឋអ៊ីរ៉ង់ខាងលើនេះ បានបណ្ដាលឲ្យមនុស្ស ចំនួន១០៣០នាក់រងរបួស ហើយក្នុងនោះមាន៨៧នាក់របួសធ្ងន់ និង៣នាក់ស្លាប់ ដោយសារតែការបាញ់កាំជ្រួច និងផ្ទុះរំសេវកែច្នៃ។
មន្ត្រីគ្រង់គ្រងគ្រោះអាសន្នអ៊ីរ៉ង់ បានបញ្ជាក់ថា ពិធីបុណ្យប្រពៃណីនេះបានចាប់ផ្តើម នៅថ្ងៃទី១៦ ខែមីនា ហើយបន្ដរហូតដល់យប់ថ្ងៃដដែល។ រីឯមនុស្ស៣នាក់ដែលបានស្លាប់នោះ គឺស្ថិតក្នុងទីក្រុងតេអររ៉ង់។ ដោយឡែកអ្នកជាង១ពាន់នាក់បានរងរបួស ហើយរងរបួសស្រាល ត្រូវបានព្យាបាលនៅនឹងកន្លែង លើកលែងតែអ្នករងរបួសធ្ងន់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ។
សារព័ត៌មានរ៉យទ័រ បានផ្សាយថា មនុស្សជាច្រើនបានព្រងើយ ចំពោះការព្រមានរបស់រដ្ឋាភិបាល ជុំវិញការប្រមូលផ្តុំគ្នានេះ។ ជាមួយគ្នានេះដែរ ប៉ូលិសបានចាប់មនុស្ស២៥នាក់ ដែលមិនគោរពច្បាប់គម្លាតសង្គម នៅក្នុងទីក្រុងតេអេរ៉ង់។
សូមជម្រាបថា ពិធីបុណ្យភ្លើង Chaharshanbe Sur (ថ្ងៃពុធក្រហម) គឺរៀបចំធ្វើឡើង នៅពេលយប់ មុនឈានចូលថ្ងៃពុធ ដែលជាថ្ងៃចុងក្រោយ (ឆ្នាំចាស់) តាមប្រតិទិនអ៊ីរ៉ង់ ដើម្បីបណ្តេញគ្រោះចង្រៃចេញ នៅក្នុងឆ្នាំចាស់ មុនពេលស្វាគមន៍ឆ្នាំថ្មី។ ពិធីបុណ្យនេះ តែងតែមានមនុស្សរាប់រយនាក់រងរបួស ជារៀងរាល់ឆ្នាំ ហើយភាគច្រើន ពួកគេបានរងរបួស ដោយសារតែការរលាកភ្លើង ដោយសារពិធីនោះតានតម្រូវឲ្យមនុស្សលោតឆ្លងកាត់ភ្នក់ភ្លើង ដើម្បីបណ្តេញគ្រោះចង្រៃចេញពីក្នុងខ្លួន៕