អង្គការសុខភាពពិពលោក៖ មិនមានហេតុផលណាមួយ ត្រូវបញ្ឈប់ការចាក់វ៉ាក់សាំង AstarZeneca

0
1713

បរទេស ៖ ក្រោយពេលបណ្ដាប្រទេសមួយចំនួន ផ្អាកការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ « AstraZeneca » របស់ចក្រភពអង់គ្លេស ដោយសារតែមានការព្រួយបារម្ភ អំពីកំណកឈាម (Blood Clot) ប៉ុន្ដែ អង្គការសុខភាពពិភពលោក ហៅកាត់ WHO បានលើកឡើង កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ថា វាមិនមានហេតុផលណាមួយ ត្រូវបញ្ឈប់ការប្រើប្រាស់វ៉ាក់សាំងដ៏ល្អនេះទេ។

អង្គការសុខភាពពិភពលោក បានបញ្ជាក់ថា គណៈកម្មាធិការប្រឹក្សាយោបល់វ៉ាក់សាំងរបស់ WHO បានត្រួតពិនិត្យមើលទិន្នន័យសុវត្ថិភាពដែលបានកើតឡើងរួចហើយ។ វ៉ាក់សាំងនេះ មិនមានគ្រោះថ្នាក់ណាមួយកើតឡើង រវាងវ៉ាក់សាំង និងកំណកឈាមនោះទេ។

ភ្នាក់ងារសុខភាពកំពូលរបស់អង្គការសហប្រជាជាតិមួយនេះ បានអះអាងទៀតថា រហូតមកដល់ពេលនេះ ក្រោយការចាក់វ៉ាក់សាំងបង្ការកូវីដ AstraZeneca ជាង២៦០លានដូស នៅជុំវិញពិភពលោក មិនទាន់មានករណីស្លាប់ ពាក់ព័ន្ធនឹងករណីវ៉ាក់សាំងនេះឡើយ។

បើតាមបណ្ដាញសារព័ត៌មាន France 24 បានផ្សាយ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ថា ប្រទេសដាណឺម៉ាក, ន័រវ៉ែស និងអ៊ីស្លង់ (ឬអាយស្លែនដ៍) បានផ្អាកការចាក់វ៉ាក់សាំងបង្ការកូវីដ AstraZeneca ដោយសារតែមានការព្រួយបារម្ភ ក្រោយមានសេចក្ដីរាយការណ៍ថា អ្នកមកទទួលការចាក់វ៉ាក់សាំង វិវឌ្ឍទៅរកកំណកឈាម។ ស្របគ្នានេះដែរ ប្រទេសអ៊ីតាលី និងអូទ្រីស បានចេញបម្រាមលើការចាក់វ៉ាក់សាំង AstraZ​eneca ។ រីឯប្រទេសថៃ និងប៊ុលហ្គារី ក៏បានសម្រេចពន្យារពេលការចាក់វ៉ាក់សាំងខាងលើនេះដែរ។

សារព័ត៌មានថៃ Bangkok Post បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី១២ ខែមីនា ឆ្នាំ២០២១ថា នាយករដ្ឋមន្រ្ដី និងគណៈរដ្ឋមន្រ្ដីថៃ បានកំណត់ពេលចាក់វ៉ាក់សាំង នៅឯវិទ្យាស្ថានជំងឺឆ្លង Bamrasnaradura នៃក្រសួងសុខាភិបាលសាធារណៈថៃ ស្ថិតក្នុងខេត្ត Nonthaburi ប្រទេសថៃ នៅព្រឹក ថ្ងៃសុក្រ ទី១២ ខែមីនា ឆ្នាំ២០២​១។ បើតាមគម្រោងនេះ មន្រ្ដី និងប្រជាពលរដ្ឋខ្លះ នឹងត្រូវមកទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ AstraZeneca របស់អង់គ្លេស ហើយអ្នកខ្លះទៀត អាចនឹងត្រូវទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ Sinovac របស់ប្រទេសចិន។ ប៉ុន្ដែការចាក់វ៉ាក់សាំងទាំងពីរប្រភេទនេះ ត្រូវបានផ្អាកទាំងអស់។ ប្រសិនបើការស៊ើបអង្កេត បានបង្ហាញយ៉ាងច្បាស់ថា វ៉ាក់សាំងរបស់អង់គ្លេស (AstraZeneca) មានការពាក់ព័ន្ធនឹងកំណកឈាម (Blood Clot) ទេនោះ ការចាក់វ៉ាក់សាំងនេះ នឹងចាប់ផ្ដើមដំណើរការឡើងវិញ។

ដោយឡែកភ្នាក់ងារឱសថអឺរ៉ុប ហៅកាត់ EMA និងអង្គការ សុខភាព ពិភពលោក ក៏ដូចជា អាជ្ញាធរសុខាភិបាល នៅជុំវិញពិភពលោក បាន អះ អាងថា វ៉ាក់សាំង AstraZeneca របស់អង់គ្លេសនេះ មានសុវត្ថិភាពល្អ។

លោកស្រី Margaret Harris អ្នកនាំពាក្យអង្គការសុខភាពពិភពលោក បានប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាន នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ នៅក្នុងទីក្រុងហ្ស៊ឺណែវ (Geneva) ប្រទេសស្វីសថា AstraZeneca ជាវ៉ាក់សាំងដ៏ល្អបំផុត  ជាងវ៉ាក់សាំងដទៃទៀត ដែលកំពុងប្រើប្រាស់។

លោកស្រីអ្នកនាំពាក្យ WHO បានបញ្ជាក់ថា ដូច្នេះយើងគួរតែបន្ដប្រើប្រាស់វ៉ាក់សាំង AstraZeneca នេះ ហើយចំពោះការព្រួយបារម្ភណាមួយ អំពីសុវត្ថិភាពត្រូវតែស៊ើបអង្កេតផងដែរ។ យើងត្រូវតែធានាថា យើងស្វែងរកសញ្ញាសុវត្ថិភាព ខណៈយើងចាក់វ៉ាក់សាំង ហើយយើងត្រូវតែពិនិត្យឡើងវិញ។

ភ្នាក់ងារឱសថអឺរ៉ុប ហៅកាត់ EMA បានថ្លែង កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែមីនា ឆ្នាំ២០២១ថា ក្នុងចំណោមមនុស្ស៥លាននាក់ បានទទួលការចាក់វ៉ាក់សាំង AstraZe​neca នៅអឺរ៉ុប មានតែ៣០ករណី នៃហេតុការណ៍កំណកឈាមនេះ។ ប៉ុន្ដែបណ្ដាប្រទេសនៅអឺរ៉ុបនៅតែបន្ដប្រើប្រាស់វ៉ាក់សាំងនេះ ព្រោះវាមិនបានបង្ហាញអំពីគ្រោះថ្នាក់ណាមួយកើតឡើង៕

Facebook Comments
Loading...