រដ្ឋបាលរាជធានីភ្នំពេញត្រៀមរួចជាស្រេចនូវដី១០ហិកតា និងឡជាប៉ាឆាបច្ចេកទេសស្តង់ដារ៦ ដើម្បីបូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩

0
677

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំជាស្រេចនូវផ្ទៃដីប្រមាណ១០ហិកតា និងឡជាប៉ាឆាបច្ចេកទេសស្តង់ដារចំនួន៦ សម្រាប់បូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ដោយគិតគូរពីសុវត្ថិភាព និងមិនឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរនោះឡើយ។

លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ថា ចំពោះមុខនេះ ក្រោយពីទទួលបានបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងការដឹកនាំបញ្ជាដោយផ្ទាល់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ភ្លាមៗអាជ្ញាធរនិងជំនាញពាក់ព័ន្ធបានគិតគូរជ្រើសរើសទីតាំងសម្រាប់រៀបចំធ្វើជាកន្លែងបូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ដោយគិតគូរពីសុវត្ថិភាព និងមិនឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋនោះទេ ទើបពិនិត្យនិងសម្រេចថា មានតែទីតាំងមូលដ្ឋានក្នុងស្រុកឱរ៉ាល់នៃខេត្តកំពង់ស្ពឺនោះទេដែលផ្ដល់សុវត្ថិភាព និងជាជម្រើសល្អនៅក្នុងការបង្កើតឱ្យមានជាទីតាំងសម្រាប់បូជាសពអ្នកដែលស្លាប់ដោយសារជំងឺកូវីដ-១៩នេះ ដោយសារទីនោះមិនប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋឡើយ។

លោក ម៉េត មាសភក្ដី បានបន្ថែមថា បច្ចុប្បន្នរដ្ឋបាលរាជធានីភ្នំពេញបានរៀបចំផ្ទៃដីទំហំប្រមាណ១០ហិកតានិងឡជាប៉ាឆាបច្ចេកទេសស្តង់ដារចំនួន៦ សម្រាប់ត្រៀមបូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩នេះ គឺស្ថិតក្នុងស្រុកឱរ៉ាល់ នៃខេត្តកំពង់ស្ពឺ ដូចដែលបានសិក្សានិងគិតគូរនោះ។

លោក ម៉េត មាសភក្ដី បានគូសបញ្ជាក់បន្ថែមថា ទោះបីមកដល់ពេលនេះការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតែបន្តមាន និងមានអ្នកស្លាប់ម្នាក់ក្ដី ក៏ភូមិសាស្ត្ររាជធានីភ្នំពេញមិនត្រូវបានប្រកាសបិទ ឬផ្អាកចរាចរណ៍តំបន់ណាឡើយ លើកលែងតែទីតាំងប្រមាណជា១០០ទីតាំងដែលមានដូចជាផ្ទះ ឬខុនដូជាដើម មានអ្នកពាក់ព័ន្ធកំពុងរស់នៅ និងធ្វើចត្តាឡីស័កប៉ុណ្ណោះដែលត្រូវបានហ៊ុមព័ទ្ធទីនោះ ព្រោះថារដ្ឋបាល រាជធានីភ្នំពេញបានត្រៀមលក្ខណៈរួចជា ស្រេច ចំពោះការដោះស្រាយសភាពការណ៍បន្ទាន់ៗ ទាំងការរៀបចំទីតាំងធ្វើចត្តាឡីស័ក ទីតាំងព្យាបាល ពិសេសគឺការការពារសន្តិសុខសណ្ដាប់ធ្នាប់តំបន់ពាក់ព័ន្ធទាំងនោះ៕

Facebook Comments
Loading...